អានតួអត្ថបទ

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ ថា​ក្រុម​អ្នក​ប្រឆាំង​កំពុង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​

នៅថ្ងៃអង្គារ ទី៣០ មេសា ស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានផ្តើមកើនកំដៅជាខ្លាំងទ្វេឡើង ដោយសារមានវីដេអូបង្ហាញពីមេបក្សប្រឆាំងគឺហ្កាយដូ ថតនៅបន្ទាយទាហាននៅទីក្រុងការ៉ាកាស។ នៅក្នុងវីដេអូនោះ លោកហ្កាយដូប្រកាសថាកងទ័ពវ៉េណេស៊ុយអេឡា បានងាកមកគាំទ្ររូបលោក ដើម្បីរួមកម្លាំងគ្នាបណ្តេញលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូចេញពីតំណែង។ លោកម៉ាឌូរ៉ូ បានចាត់ទុកការប្រកាសរបស់លោកហ្កាយដូ ថាជាចេតនាចង់ធ្វើរដ្ឋប្រហារ និងថារដ្ឋាភិបាលរបស់លោកនឹងមិនអត់អោនឲ្យជាដាច់ខាត ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារណាមួយ។

ហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហាន និងក្រុមអ្នកគាំទ្រលោកហ្កាយដូ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩។
ហេតុការណ៍ប៉ះទង្គិចគ្នារវាងទាហាន និងក្រុមអ្នកគាំទ្រលោកហ្កាយដូ នៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៩។ REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

ក្រោយលោកហ្កាយដូ និយាយថាក្រុមកងទ័ពបែរមកចូលរួមជាមួយរូបលោកហើយ ដើម្បីរួមដៃគ្នា ទម្លាក់លោកម៉ាឌូរ៉ូ ចេញពីតំណែង ក្រុមអ្នកគាំទ្ររូបលោកជាច្រើនរយនាក់បាន បានចេញប្រមូលផ្តុំគ្នាដោយក្នុងដៃមានកាន់ទង់ជាតិវ៉េណេស៊ុយអេឡា នៅលើដងផ្លូវក្បែរមូលដ្ឋានទ័ពក្នុងទីក្រុងការ៉ាកាស។

ចំណែករដ្ឋាភិបាលវ៉េណេស៊ុយអេឡាវិញ និយាយថាខ្លួនកំពុងតែ បោសសំអាតនូវការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយក្រុមមួយក្តាប់តូច។ ទាក់ទងរឿងនេះដែរ លោក Jorge Rodriguez រដ្ឋមន្រ្តីក្រសួងគមនាគមន៍វ៉េណេស៊ុយអេឡា បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន និងថាកងកម្លាំងប្រដាប់អាវុធបានរក្សាសន្តិភាព និងទប់ស្កាត់យ៉ាងជោគជ័យមិនឲ្យគម្រោងធ្វើរដ្ឋប្រហារណាមួយកើតឡើងបាននៅក្នុងប្រទេសឡើយ។

នៅថ្ងៃអង្គារ ទី៣០ មេសា ការប៉ះទង្គិចគ្នាមួយបានកើតមានឡើងផងដែរ រវាងក្រុមអ្នកគាំទ្រលោកហ្កាយដូ និងអាជ្ញាធរវ៉េណស៊ុយអេឡារបស់លោកម៉ាឌូរ៉ូ។ អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើអ្នកគាំទ្របក្សប្រឆាំង ខណៈដែលពួកគេព្យាយាមតបតវិញដោយការគប់ដុំថ្ម។

គួរជម្រាបជូនថា នាខណៈនេះសហរដ្ឋអាមេរិក បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះលោកហ័ន ហ្កាយដូ។ ជាក់ស្តែង ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រចំពោះនិន្នាការទាំងឡាយណា ដែលអាចពាំនាំនូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយជូនដល់ប្រជាជនវ៉េណេស៊ុយអេឡា។

មួយវិញទៀត លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំធ្លាប់បាននិយាយជាច្រើនដងដែរថា ជម្រើសគ្រប់វិធីទាំងអស់អាចនឹងត្រូវអនុវត្តន៍បូករួមទាំង កម្លាំងយោធាផងដែរ ទាក់ទងនឹងវិបត្តិនៅវ៉េណេស៊ុយអេឡា។

ចំណែកឯប្រទេសកូឡុំប៊ី ដែលជាប្រទេសក្បែរខាងរបស់វ៉េណេស៊ុយអេឡាវិញ បានអំពាវនាវផងដែរឲ្យមានកិច្ចប្រជុំបន្ទាន់មួយ រវាងបណ្តាប្រទេសសមាជិកក្រុម Lima ដែលមានសមាជិកភាគច្រើនជាក្រុមប្រទេសអាមេរិកអាឡីន បូករួមទាំងប្រទេសកាណាដាផង ឲ្យប្រឆាប់ជួបពិភាក្សាគ្នាអំពីបញ្ហាដែលកំពុងកើតឡើងនៅវ៉េណេស៊ុយអេឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ