មេដឹកនាំសហភាពអឺរ៉ុប ចុះហត្ថលេខាយល់ព្រមលើកិច្ចព្រមព្រៀង Brexit
មេដឹកនាំសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ទី២៥ វិច្ឆិកានេះ និងបានអនុម័ត លើកិច្ចព្រមព្រៀងលែងលះគ្នាជាផ្លូវការ ជាមួយប្រទេសអង់គ្លេស (Brexit)។ ការចាកចេញរបស់អង់គ្លេស ពីសមាជិកបណ្តាប្រទេសសហភាពអឺរ៉ុប ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏គួរឲ្យសោកស្តាយ។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលទីក្រុងឡុដ៍វិញ ការចាកចេញនេះ គឺជាក្តីសង្ឃឹមដ៏ភ្លឺស្វាងមួយសម្រាប់អនាគតប្រទេសអង់គ្លេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
"ថ្ងៃដែលអង់គ្លេសចែកផ្លូវ ជាមួយសហភាពអឺរ៉ុប វាគឺជាថ្ងៃដ៏ក្រៀមក្រំ"។ នេះ គឺជាការលើកឡើងរបស់ ប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker ដោយលោកបានគូសបញ្ជាក់បន្ថែមថា ការឈរមើលប្រទេសដូចជាចក្រភពអង់គ្លេស...ចាកចេញពីសហភាពអឺរ៉ុប វាមិនមែនជាពេលវេលាសប្បាយរីករាយនោះទេ តែវាគឺជាពេលវេលាដ៏សោកសៅមួយ។
សូមជម្រាបជូនថា មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបចំនួន ២៧ ប្រទេស បានព្រមព្រៀងគ្នាលើការផ្តាច់ខ្លួនរបស់ប្រទេសអង់គ្លេស ចេញពីសហភាពអឺរ៉ុបហើយនៅថ្ងៃអាទិត្យនេះ ហើយបន្ទាប់មកទៀត ក្រុមបទេសអឺរ៉ុបទាំងអស់ នឹងមានកិច្ចប្រជុំបន្ចាប់ជាមួយនិងនាយករដ្ឋមន្ត្រីអង់គ្លេសគឺលោកស្រីតេរ៉េហ្សា ម៉េ ដើម្បីឈានដល់កិច្ចកិច្ចព្រមព្រៀងចុងក្រោយជាមួយគ្នា។
គួររឭកជូនផងដែរថា ទំរាំឈានដល់កិច្ចព្រមព្រៀងជាផ្លូវការនៃការលែងលះគ្នារបស់សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសនេះ សហភាពអឺរ៉ុប ព្រមទាំងរដ្ឋាភិបាលអង់គ្លេសដឹកនាំដោយលោកស្រីម៉េ បានចំណាយពេលចរចាគ្នា ប្រមាណជា ១៧ ខែមកហើយ។ ចំណុចដែល ភាគីទាំងពីរពិបាកនឹងរកផ្លូវដើររួមគ្នានោះ គឺទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ សិទ្ធិប្រទេសអៀរឡង់ខាងជើង និងដំណាក់កាលអន្តរកាល ទំនាក់ទំនងសន្តិសុខ និងការធ្វើពាណិជ្ជកម្មជាមួយគ្នានាពេលអនាគត។
គួរកត់សម្គាល់ទៀតថា ទោះបីជាសហភាពអឺរ៉ុបបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំពោះការផ្តាច់ខ្លួនចេញរបស់អង់គ្លេសហើយយ៉ាងណាក្តី នេះមិនមែនមានន័យថា អ្វីៗវាចប់ជាស្ថាពរនោះឡើយ។ រដ្ឋាភិបាលអង់គ្លេស ត្រូវឆ្លងកាត់ដំណាក់កាលចុងក្រោយមួយទៀត នោះគឺដំណាក់កាលសភាប្រជាជន។
វាមានន័យថា គណបក្សកាន់អំណាចរបស់លោកស្រីម៉េ ត្រូវការ ការយល់ព្រមពីសភាជាតិអង់គ្លេស លើកិច្ចព្រមព្រៀងដែលលោកស្រីបានឯកភាព និងសម្រេចបានជាមួយសហភាពអឺរ៉ុប។ មិនតែប៉ុណ្ណោះ រដ្ឋការរបស់លោកស្រីម៉េ ត្រូវធ្វើយ៉ាងណា ទទួលបានការគាំទ្រពីសភាអង់គ្លេស ឲ្យបានមុនកាលកំណត់ Brexit ផ្លូវការ នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ