អានតួអត្ថបទ

តុលាការ​ស្រីលង្កា​ មិនទទួលស្គាល់​លោក​រ៉ាចាប៉ាក់សេ​ ជា​នាយករដ្ឋមន្ត្រី​

តុលាការ​ស្រីលង្កា​ នៅថ្ងៃចន្ទ​ ទី៣​ ធ្នូ​ បានសម្រេច​ព្យួរ​សិទ្ធិ​របស់​លោក​រ៉ាចាប៉ាក់សេ​ ក្នុង​នាមជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​។ ក្រៅពីនេះ​ តុលាការ​ ក៏​បានសម្រេច​ផងដែរថា​ គណៈរដ្ឋមន្ត្រី​របស់​លោក​រ៉ាចាប៉ាក់សេ​ ដែល​នៅ​មិនទាន់បាន​ដោះស្រាយ​បញ្ហា​ជ្រះស្រលះ​ គឺ​មិនអាច​គ្រប់គ្រង​ប្រទេស​ដែនកោះ​នេះ​បានឡើយ​ លុះត្រាណាតែ​អាច​បង្ហាញ​ពី​ភាពស្របច្បាប់​របស់ខ្លួន​ ទៅកាន់​តុលាការ​ឲ្យបាន​សមហេតុសមផល​ជាមុន​សិន​។

លោក​រ៉ាចាប៉ាក់សេ ជាអ្នកដែលលោកប្រធានាធិបតីស្រីលង្កាតែងតាំងជានាយករដ្ឋមន្ត្រីថ្មី។
លោក​រ៉ាចាប៉ាក់សេ ជាអ្នកដែលលោកប្រធានាធិបតីស្រីលង្កាតែងតាំងជានាយករដ្ឋមន្ត្រីថ្មី។ REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

លោក​រ៉ាចាប៉ាក់សេ​ ត្រូវបាន​ប្រធានាធិបតី​ស្រីលង្កា​គឺ​លោក​ស៊ីរីសេណា​ តែងតាំង​ឲ្យកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ កាលពី​ចុងខែតុលា​ ឆ្នាំ២០១៨​ កន្លងទៅថ្មីៗ​នេះ​ ដោយ​បាន​ដកហូត​មុខតំណែង​ពី​នាយករដ្ឋមន្ត្រីចាស់​។ ការ​ធ្វើបែបនេះ​ បាន​បង្កឲ្យ​ប្រទេសស្រីលង្កា​ធ្លាក់ក្នុង​វិបត្តិនយោបាយ​ និងធ្វើឲ្យ​គេគិតថា​ វា​ជានីតិវិធីមួយ​ខុសនឹងច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ទៀតផង​។

ដោយសារតែ​មានភាពចម្រូងចម្រាសខ្លាំង​ជុំវិញ​ថាតើ​នរណា​ស័ក្តិសម​ជា​អ្នកកាន់តំណែង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ ទើប​តុលាការ​ស្រីលង្កា​ សម្រេច​ព្យួរសិទ្ធិ​អំណាច​ជា​នាយករដ្ឋ​របស់​លោក​រ៉ាចាប៉ាក់សេ​។ តុលាការ​បាន​ប្រកាសថា​ លោក​រ៉ាចាប៉ាក់សេ​ អាច​ឡើង​ក្តោបក្តាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​ លុះត្រាណា​តែ​គណៈរដ្ឋមន្ត្រី​របស់​លោក​អាច​បង្ហាញ​សក្ខីកម្ម​នៃ​ភាព​ស្របច្បាប់​របស់​ខ្លួន​ទៅ​តុលាការ​ឲ្យបាន​ត្រឹមថ្ងៃទី១២​ ធ្នូ​ ឆ្នាំ​២០១៨​។

ការ​សម្រេច​របស់​តុលាការ​ស្រីលង្កា​នេះ​ បាន​ធ្វើឲ្យ​គេ​មានមន្ទិល​សង្ស័យ​ផ្នែកច្បាប់​បន្ថែម​ទៀតផងដែរ​ ជុំវិញ​ការអះអាង​របស់​លោក​រ៉ាចាប៉ាក់សេ​ ដែលថា​លោក​នឹង​ឡើងកាន់​តំណែង​ជា​ប្រមុខដឹកនាំ​ប្រទេស​ស្រីលង្កា​ឲ្យបាន​។ ជាពិសេស​ គឺ​ក្រោយពេល​ដែល​ស្ថានភាព​នយោបាយ​របស់​ប្រទេស​ ធ្លាក់​ក្នុង​ភាពចលាចល​ក្រោយ​ការតែងតាំង​លោក​រ៉ាចាប៉ាក់សេ​ ជា​នាយករដ្ឋមន្ត្រី​។

គួរ​រំឭក​ផងដែរថា​ រហូតមកដល់ពេលនេះ​ លោក​រ៉ាចាប៉ាក់សេ​ ត្រូវ​បាន​សភាស្រីលង្កា​ បោះឆ្នោត​មិនផ្តល់​សេចក្តី​ទុកចិត្ត​ចំនួនពីរដង​រួចមកហើយ​។ ហើយ​ចាប់តាំងពីពេលនេះ​ រហូត​ដល់ថ្ងៃ​ទី​១២ ធ្នូ​ជាថ្ងៃ​ដែល​លោក​រ៉ាចាប៉ាក់សេ​ ត្រូវ​ឡើងបំភ្លឺ​អំពីភាព​ស្របច្បាប់​ដើម្បី​ទទួលតំណែង​ជា​នាយករដ្ឋមន្ត្រី​ ប្រធាន​តុលាការ​ស្រីលង្កា​បានឲ្យដឹងថា​ លោករ៉ាចាប៉ាក់សេ​ មិនត្រូវបាន​អនុញ្ញាត​ឲ្យមាន​សិទ្ធិអំណាច​ក្នុងការ​ដឹកនាំ​ប្រទេស​ឡើយ​។ ការ​ធ្វើបែបនេះ​ គឺដើម្បី​ការពារ​កុំឲ្យប្រទេស​ស្រីលង្កា​ធ្លាក់​ក្នុងភាព​វឹកវរ​ ខណៈពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ​ស្រាប់​ដូច​បច្ចុប្បន្ន​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ