អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិិក-អាហ្វហ្កានីស្ថាន

ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន​កាន់តែ​​តានតឹង ក្រោយ​លោក​ត្រាំ​ប្រកាស​យុទ្ធសាស្ត្រ​នៅ​អាហ្វហ្កានីស្ថាន​

អាមេរិក​កំពុង​បន្ថែម​សម្ពាធ​ បន្ថែម​ភាព​តានតឹង​ដល់ទំនាក់ទំនង​ជាមួ​យប៉ាគីស្ថាន ​ក្រោយ​​លោក​ដូណាល់ ត្រាំ ប្រកាស​​មិនដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទ​កន្លងទៅ។ លោកត្រាំ​បាន​​​​ឆ្លៀត​រិះគន់​ប៉ាគីស្ថាន​ថា ជា​ជម្រក​នៃ​ក្រុម​​ភេរវជន។ ​​អាមេរិក​អាច​នឹង​​ដក​ប៉ាគីស្ថាន​លែង​អោយ​មានងារ​ថា ជា​ដៃគូចំបង​នៃ​អង្គការ​​អូតង់​តទៅទៀត។

លោក​រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន  Khawaja Muhammad Asif បង្ហាញ​ការខកចិត្ត​ចំពោះ​ការរិះគន់​របស់​លោក​ដូណាល់ ត្រាំ ទៅលើប៉ាគីស្ថាន​
លោក​រដ្ឋមន្ត្រីការបរទេស​ប៉ាគីស្ថាន Khawaja Muhammad Asif បង្ហាញ​ការខកចិត្ត​ចំពោះ​ការរិះគន់​របស់​លោក​ដូណាល់ ត្រាំ ទៅលើប៉ាគីស្ថាន​ AFP
ផ្សាយពាណិជ្ជកម្ម

លោក​ខាវ៉ាចា ​មូហាម៉ាត អាស៊ីហ្វ ​ជា​រដ្ឋមន្ត្រី​​ក្រសួងការបរទេស​ប៉ាគីស្ថាន បានបញ្ចេញ​ប្រតិកម្ម​តបនឹងលោក​ដូណាល ត្រាំ ដែល​បាន​​ប្រើពាក្យ​ធ្ងន់ៗ​ ចោទ​ថា​ប៉ាគីស្ថាន​ជាជម្រក​ក្រុម​បង្កចលាចល​ហិង្សា។ រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​លើកឡើង​ថា ​​​គ្មានប្រទេស​ណាមួយ​ដែល​ឈឺចាប់​ជាង​ប៉ាគីស្ថានទេ ​បើ​និយាយ​ពី​​​បញ្ហា​ភេរវកម្ម។ ការប្រកាស​អាមេរិក​មិនបាន​ផ្តោត​មើលឃើញ​ពី​ការលះបង់​​ដ៏ធំធេង​របស់​ប៉ាគីស្ថាន​ទេ។ កងទ័ព​ប៉ាគីស្ថា​នបាន​ប្រតិកម្ម​តាំងពី​ដំបូងទី​ដែរថា ​លែង​​​​មាន​​រចនាសម្ព័ន្ធក្រុមភេរវជន​នៅប៉ាគីស្ថាន​ទៀតហើយ។ ​​

រដ្ឋាភិបា​លប៉ាគីស្ថាន​ប្រាប់ថា ខកចិត្ត​ចំពោះ​ការរិះគន់​របស់​អាមេរិក។ ត្បិតថា រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅតែ​បង្ហាញ​បំណង​​ចង់បា​នសុខសន្តិភាព ប៉ុន្តែ ទំនាក់ទំនង​ជាមួយ​​អាមេរិក​ពេលនេះ​បាន​ឡើង​តានតឹង។ ក្រុមជំនាញ​បារម្ភ​ថា ប៉ាគីស្ថាន​អាច​នឹង​មិនព្រម​​ចុះញ៉មនឹង​​សម្ពាធ​អាមេរិក។ មិនមែន​​ជា​លើកទី១​ទេដែល​អាមេរិករិះគន់​ប៉ាគីស្ថាន​ថា​នៅពីក្រោយ​ខ្នង​ក្រុមភេរវជន​តាលីបង់ ដែល​បង្ក​អស្ថិរភាព​នៅ​អាហ្វហ្កានីស្ថាន​ ប៉ុន្តែ សំដី​លោកដូណាល់ ត្រាំ ​កាលពី​ថ្ងៃចន្ទ​គឺ​រាង​ធ្ងន់បន្តិច​ហើយ។ ​លោក​ត្រាំ​បាន​ព្រមាន​ថា ប៉ាគីស្ថាន​នឹង​ទទួលការ​បាត់បង់​ច្រើន បើ​បន្ត​អោយ​ក្រុមឧក្រិដ្ឋជន និង​ក្រុម​ភេរវជន​ជ្រកកោន​តទៅទៀត។ លោកត្រាំ​ថែមទាំង​លើក​សរសើរ​ឥណ្ឌា​ជាគូប្រជែង​នុយក្លេអ៊ែរ​​របស់​ប៉ាគីស្ថាន​ និង​​សុំអោយ​ឥណ្ឌា​បន្តជួយ​អាហ្វហ្កានីស្ថាន​ទៀតផង។ ​

​ថ្ងៃអង្គារ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ធីលឡឺសុន បាន​បង្ហើបខ្លះៗពីវិធានការ​ដាក់សម្ពាធ​ប៉ាគីស្ថាន​។ អាមេរិក​អាច​​បន្ថយ​ជំនួយ​ ហើយ​ប៉ាគីស្ថាន​អាច​នឹង​រហូត​​បាត់បង់​​​ងារ​ថា​ជា​ប្រទេស​ដៃគូចម្បង​របស់​អូតង់។ ងារនេះ​ត្រូវបា​នអតីត​ប្រធានាធិបតី​ ហ្ស៊ក ដាប់ប៊ែលយូ ប៊ូស្ហ ផ្តល់​អោយ​ប៉ាគីស្ថាន​ ក្នុង​​ឆ្នាំ២០០៤ ជា​ងារ​សម្រាប់​ប្រទេស​​​មិនមែន​​​សមាជិក​អូតង់ ប៉ុន្តែជាប្រទេស​ដៃគូ​ដែល​សហការ​ជិតស្និទ្ធជាមួយ​អាមេរិក។ ដោយឡែក លោក​ធីលឡឺសុន​មិនបាន​ប្រាប់ថា តើ​អាមេរិ​កអាច​នឹងធ្វើការ​​​វាយប្រហារ​នៅ​ប៉ាគីស្ថាន​រឺយ៉ាងណាទេ។ តែ​អាមេរិក​ព្រមាន​រួចហើយថា នឹងកំចាត់​ក្រុមភេរវជន​ ទោះ​ជាក្រុមនេះស្ថិតនៅទីណា​ក៏ដោយចុះ។

នៅអាហ្វហ្កានីស្ថាន​វិញ ​ថ្ងៃពុធ​នេះ ​​ភេរវជន​អត្តឃាត​តាលីបង់​បាន​បំផ្ទុះ​រថយន្ត ​នៅ​ជិត​ទីស្នាក់ការ​ប៉ូលិស​មួយកន្លែង នៅភាគខាងត្បូង​ប្រទេស។ ភេរវកម្ម​បានសម្លាប់​មនុស្ស​​​យ៉ាងហោច​៥នាក់ និង​បង្ករបួស​ជាង​១០នាក់។ ភេរវកម្មនេះ​បង្ហាញ​ច្បាស់ថា ​​ក្រុម​តាលីបង់​មិនបាន​បង្អង់​យូរ​នឹង​បញ្ចេញ​ប្រតិកម្ម​ជាក់ស្តែងទេ​ ចំពោះ​ការដែល​លោក​ដូណាល់ ត្រាំ ​សម្រេច​​​មិនដក​ទាហានអាមេរិក​​ពី​អាហ្វហ្កានីស្ថាន​។ ការ​វាយប្រហារ​រ៉ុកកែត​ទៅលើ​ស្ថានទូត​អាមេរិក នៅក្រុងកាប៊ូល កាលពី​យប់​ថ្ងៃចន្ទ ​ក៏ត្រូវក្រុមតាលីបង់​​ប្រកាស​ថា ជាស្នាដៃ​របស់​ខ្លួនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ