អានតួអត្ថបទ

សភា​អឺរ៉ុប​បើក​ភ្លើងខៀវ​ឲ្យមាន​ការត្រួតពិនិត្យ​លើ​ការវិនិយោគ​របស់ចិន​នៅក្នុង​តំបន់​

សភាអឺរ៉ុប​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៤ កុម្ភៈ​ បានបើកភ្លើងខៀវ​ឲ្យមាន​ការពិនិត្យពិច័យ​ ទៅលើ​ការចូល​វិនិយោគ​របស់​ក្រុមហ៊ុនចិន​ក្នុង​ទឹកដីអឺរ៉ុប​។ វិធានការនេះ​ធ្វើឡើង​ខណៈពេល​ដែលបណ្តា​ប្រទេសអឺរ៉ុប​ មាន​ក្តី​កង្វល់​ទ្វេឡើង​ចំពោះ​វត្តមាន​កាន់តែ​ច្រើនឡើងៗ​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុងតំបន់​។

ប្រធានាធិបតីចិនលោកស៊ី ជីនពីង។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង។ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

នៅ​មួយរយៈពេល​ចុងក្រោយ​នេះ​ សហភាពអឺរ៉ុប​ កាន់តែ​មានការ​ព្រួយបារម្ភខ្លាំង​ឡើងៗ​ ពី បំណង​ពិតប្រាកដ​របស់​វិនិយោគិនចិ​ននៅក្នុងតំបន់​ ជាពិសេស​គឺក្រោយពី​បានដឹង​ព័ត៌មាន​ អំពី​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ 5G​ របស់​ក្រុមហ៊ុន​ទូរគនាមគន៍​ដ៏ធំ​របស់​ចិន​គឺ​ក្រុមហ៊ុន Huawei​ រួចមក​។

ដើម្បី​ធានា​សុវត្ថិភាព​ សភាអឺរ៉ុប​ បានសម្រេច​លើ​សេចក្តីព្រាង​នៃ​ច្បាប់មួយ​។ ជា​សេចក្តីព្រាង​ច្បាប់​ ដែល​តម្រូវ​ឲ្យ​ប្រទេស​ជាសមាជិក​ ប្រគល់​ឯកសារ​ពាក់ព័ន្ធនឹង​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បរទេស​ ទៅឲ្យ​ប្រទេស​សហភាពអឺរ៉ុប​ដទៃទៀត​ពិនិត្យ​ ក្នុង​ករណីចាំបាច់​ ឬក្នុង​ករណី​ប៉ះពាល់ដល់​សុវត្ថិភាព​តំបន់​។

សូមជ្រាបថា​ ​វិធានការ​ថ្មី​របស់​សភា​អឺរ៉ុបនេះ​ នឹងផ្តោត​សំខាន់​លើតែ​ផ្នែកមួយចំនួន​ដូចជា​ វិស័យទូរគមនាគមន៍​ បច្ចេកវិទ្យា​ បញ្ញាសប្បនិម្មិត​ និង​មនុស្សយន្ត​ជាដើម​។ល​។

ទាក់ទងរឿង​នេះដែរ​ អ្នកជំនាញ​ខាង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ បាន​លើកឡើងថា​ សេចក្តី​ព្រាងច្បាប់ថ្មី​ដែល ទើប​សម្រេចបាន​មានតម្លាភាព​ និង​មិនមែន​បង្កើតឡើង​ក្នុងន័យ​រើសអើង​ប្រទេស​ណាមួយ​ដោយចំពោះ​នោះទេ​ និងថា​សេចក្តី​សម្រេច​ចុងក្រោយ​គឺ​ស្ថិតនៅ​ក្នុងដៃ​បណ្តា​ប្រទេសសហភាពអឺរ៉ុប​ទាំងអស់​។

សូមរំឭកជូន​ដែរថា​ តាមរយៈ​ការបោះឆ្នោត​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ខាងលើ​ ក្នុងពេល​ប្រជុំ​សភាអឺរ៉ុប​ មាន​សំឡេងចំនួន​ ៥០០​ បោះឆ្នោតគាំទ្រ​ ៤៩​ សំឡេង​ប្រឆាំង​ជំទាស់​ និ​ង អនុបវាទ​មានចំនួន​ ៥៦​ សំឡេង​។

សូមជ្រាបទៀតថា​ ចំណាត់ការថ្មី​របស់​សភាអឺរ៉ុប​ ពាក់ព័ន្ធនឹង​ការវិនិយោគ​របស់​បរទេស​ជាពិសេសពី​ប្រទេសចិន​ គឺជាការ​ឆ្លើយតប​ទៅនឹង​សំណើសុំ​របស់​ប្រធានាធិបតីបារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ដោយមាន​ការគាំទ្រពី​សំណាក់​ប្រទេសអាល្លឺម៉ង់​ និងអ៊ីតាលី​។

លោក​ម៉ាក្រុង​បានស្នើឲ្យ សភាអឺរ៉ុប​រិះរកវិធី​សាស្ត្រដ៏ល្អមួយ​ ដើម្បីទប់ទល់​ និងការពារខ្លួន​ពី​ការគំរាមកំហែង​ណាមួយពី​សំណាក់ប្រទេសចិន​ តាមរយៈការ​ចូលវិនិយោគ​នៅ​សហភាពអឺរ៉ុប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ