អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌូណេស៊ី​ប្រកាសមិនឲ្យ​យន្តហោះ​ ហោះហើរ​ក្បែរ​តំបន់​ភ្នំភ្លើងផ្ទុះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូតមកដល់ពេលនេះ​ភ្នំភ្លើងផ្ទុះ​ ដែល​បានបង្កជា​រលកយក្សស៊ូណាមិ​ កាលពី​ថ្ងៃសៅរ៍​ទី២២​ ធ្នូ​ នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី​ នៅតែ​បន្តផ្ទុះឆេះ​ ដែល​ជាហេតុ​ធ្វើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី​ មានការព្រួយបារម្ភជាខ្លាំង​។ ក្រៅតែពី​ ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​ នាថ្ងៃនេះ​ អាជ្ញាធរឥណ្ឌូណេស៊ី​ ក៏បាន​ហាមមិនឲ្យ​ជើងយន្តហោះ​ ហោះហើរ​ នៅក្បែរ​តំបន់ភ្នំភ្លើង​ដែល​កំពុងនៅបន្តផ្ទុះឆេះផងដែរ​។

គំនរផេះ ដែលកើតចេញពីការផ្ទុះរបស់ភ្នំភ្លើងអាណាក់ក្រាកាតូណា ដែលផ្តើមផ្ទុះនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៨។
គំនរផេះ ដែលកើតចេញពីការផ្ទុះរបស់ភ្នំភ្លើងអាណាក់ក្រាកាតូណា ដែលផ្តើមផ្ទុះនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៨។ Susi Air/via REUTERS
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ឥណ្ឌូណេស៊ី​ ហាមមិនឲ្យមាន​ជើងហោះហើរ​ទាំងអស់​ នៅជុំវិញ​តំបន់​ភ្នំភ្លើងផ្ទុះ​

ស្ថានការណ៍​នៅក្នុងតំបន់​ដែលរងគ្រោះ​ដោយ​ការផ្ទុះភ្នំភ្លើង​អាណាក់ក្រាកាតូអា​ នៅ​ត្រង់​ច្រកសមុទ្រចន្លោះរវាងកោះស៊ូម៉ាត្រា​ និងកោះហ្សាវ៉ា​ កំពុងស្ថិតនៅ​ភាពអាសន្ននៅឡើយ​ទេ​។ អ្វីៗ ​នៅមិនទាន់ប្រសើរឡើង​នៅឡើយ​ ចាប់តាំងពី​ភ្នំភ្លើងផ្ទុះ​កាលពីថ្ងៃសៅរ៍​ទី ២២​ ធ្នូ​មក ដែលកាលណោះ​កម្រិតអាសន្ន​មានត្រឹមកម្រិត២​។

ជាមួយគ្នានេះ​ អ្នកជំនាញ​ខាងគ្រប់គ្រងគ្រោះ​មហន្តរាយឥណ្ឌូនេស៊ី​ (BNPB) បាននិយាយថា​ កម្រិតនៃ​ការ​ប្រកាសអាសន្ន​ បានឡើងពី​កម្រិត​២ ទៅដល់កម្រិត​ ៣​ ដោយសារតែ​សកម្មភាព​ភ្នំភ្លើងផ្ទុះ​នៅតែបន្តកើនឡើង​គួរឲ្យបារម្ភ​។ ជាក់ស្តែង​ តំបន់គ្រោះថ្នាក់​បានរីកធំ​ឡើងពី​ចំនួន​ ២ គីឡូម៉ែត្រ​ទៅ ៥ គីឡូម៉ែត្រ​។ ក្រោយហេតុផលនេះ​ អាជ្ញាធរឥណ្ឌូណេស៊ី​ ក៏បាន​ហាមប្រាមផងដែរ​ មិនឲ្យប្រជាជន​ និងភ្ញៀវទេសចរ​ នៅជិត​តំបន់ភ្នំភ្លើងផ្ទុះ​ក្នុងរង្វង់​ ៥ គីឡូម៉ែត្រ​។

មួយវិញទៀត​ ដោយសារតែ​ភ្នំភ្លើង​នៅតែបន្តឆេះ​ នៅថ្ងៃនេះ​ដែរ​ អាជ្ញាធរឥណ្ឌូណេស៊ី​បាន​ ប្រកាស​បញ្ចៀសជើងយន្តហោះ​ កុំឲ្យ​ហោះកាត់​ក្បែរតំបន់ភ្នំភ្លើងផ្ទុះ​ទៀតផង​។  

ផងប៉ះពាល់របស់ក្រុនហ៊ុនអាកាសចរណ៏ ក្រោយមានការហាមប្រាមមិនឲ្យហោះ ក្បែរតំបន់ភ្នំភ្លើងផ្ទុះ

កម្រិតអាសន្ន​សម្រាប់​ជើងហោះហើរ​ផ្លូវអាកាស​ នៅក្បែរ​ភ្នំ​អាណាក់ក្រាកាតូអា​ នាខណៈនេះ​ គឺ​មានកម្រិតខ្ពស់ខ្លាំង​ដោយហេតុថា​ ភ្នំភ្លើង​នៅបន្តផ្ទុះនៅឡើយ​ ហើយ​កំឆួលផេះ​នៅសាយភាយ​ខ្មួលខ្មាញ់​ នៅ​ពាសពេញផ្ទៃ​បរិយាកាស​ក្នុងតំបន់​កើតហេតុ​។

មួយវិញទៀត​ ដោយខ្លាច​ក្រែង​មានគ្រោះថ្នាក់កើតឡើង​ ចំពោះ​យន្តហោះ​ពេលហោះហើរ​នៅក្បែរតំបន់នោះ​ ក្រុមហ៊ុនចរាចរ​ផ្លូវអាកាស​មួយចំនួន​បានផ្អាក​ការហោះហើរ​ ហើយ​ក្រុមហ៊ុន​មួយចំនួន​សម្រេចបង្វែរ​ទិសដៅ​របស់ខ្លួន​។

ជាក់ស្តែង​ ក្រុមហ៊ុន​ក្នុងស្រុកឥណ្ឌូណេស៊ី​មួយ​ បានសម្រេច​បិទទ្វារ​ ជើងហោះហើរ​ របស់ខ្លួន​ជា​បណ្តោះអាសន្ន​ ដើម្បីសុវត្តិភាព​អ្នកដំណើរ​។

ដោយឡែក​ បើយោងទៅតាម​ ភ្នាក់ងារ​អាកាសចរណ៍​ឥណ្ឌូណេស៊ី​ គិត​ត្រឹមពេលនេះ​ មានជើងយន្តហោះ​ចំនួន​រវាងពី​ ២០​ ទៅ ២៥​ រងផលប៉ះពាល់​ ដែលក្នុងនោះ​គឺរួមមានទាំង​ជើងហោះហើរ​អន្តរជាតិ​មួយចំនួន​ ដែលធ្វើដំណើរ​ទៅកាន់​និងមកពី​ប្រទេសអូស្ត្រាលី​ សិង្ហបុរី​ និង​តំបន់មជ្ឈឹមបូព៌ា​។

តែទោះជាយ៉ាងណាក្តី​ មន្ត្រី​អាកាសចរណ៍​ឥណ្ឌូណេស៊ី​បានអះអាងថា​ ជើងហោះហើរ​អន្តរជាតិ​ទំនងជា​មិនរងផងប៉ះពាល់​អ្វីធំដំនោះទេ​។ មន្ត្រី​ឥណ្ឌូណេស៊ី​រូបនេះ​ និយាយថា​ អ្នកដំណើរ​អាចធ្វើ​ដំណើរ​យូរជាងធម្មតាបន្តិច​ ហើយ​ក្រុមហ៊ុន​យន្តហោះវិញ​ អាច​ត្រូវការ​ប្រេង​ច្រើនជាងមុនបន្តិច​ ដោយសារ​ការបង្វែរ​ទិសដៅ​ហោះហើរ​។

ការផ្ទុះភ្នំភ្លើង​ មាន​គ្រោះថ្នាក់ខ្លាំងប៉ុណ្ណា​សម្រាប់យន្តហោះ​ដែល​ហោះហើរ​ក្បែរ​?

គ្រោះថ្នាក់​ដ៏ធំបំផុត​ នៃការ​ហោះហើរ​ឆ្លងកាត់​តាមបរិយាកាស​ ដែលមាន​លំអងផេះ​និងភាគល្អិតៗ​ ដែល​កើតចេញពី​ការផ្ទុះភ្នំភ្លើង​ គឺ​វាអាចធ្វើឲ្យប៉ះពាល់ដល់​ម៉ាស៊ីនយន្តហោះបាន​។

នៅពេល​ដែលភាគល្អិត​ទាំងនោះ​ ចូលក្នុង​ម៉ាស៊ីនយន្តហោះ​ វាអាចធ្វើឱ្យ​ម៉ាស៊ីន​យន្តហោះ​ជាប់គាំង​ ឬលែង​ដំណើរការ​ទាំងស្រុង​តែម្តង​។

ក្រៅពី​អាចធ្វើឲ្យម៉ាស៊ីនជាប់គាំង​ ឬ​លែងដំណើរការ​ ភាគល្អិតៗ​របស់កំទេចផេះ​ ក៍អាច​ធ្វើឲ្យប៉ះពាល់ដល់​ឧបករណ៍ចាប់សញ្ញាជាច្រើន​ នៅលើយន្តហោះ​ ដែលជាហេតុ​នាំឲ្យ​យន្តហោះ​ជួបគ្រោះថ្នាក់ភ្លាមៗ​បានតែម្តង​។

ជាក់ស្តែង​ នៅគ្រា​កន្លងមក​ធ្លាប់មាន​ករណី​គ្រោះថ្នាក់​ជាច្រើន​កើតឡើង​មកហើយ​ នៅពេលដែល​យន្តហោះ​ទាំងនោះ​ហោះ​កាត់​តំបន់​ដែលមានភ្នំភ្លើង​កំពុងផ្ទុះឆេះ​។

ឧទាហរណ៍ជាក់ស្តែង​ កាលពីថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ១៩៨២​ យន្តហោះ​របស់​អង់គ្លេស​ British Airways Flight 9 បាន​ហោះចូលទៅក្នុង​បរិយាសកាស​ ដែល​មាន​ផេះភ្នំភ្លើង​ដែលកពុងផ្ទុះ​ នៅភាគខាងត្បូង​ឆៀងខាងកើត​ នៃ​រដ្ឋធានី​ហ្សាកាតា​ប្រទេសឥណ្ឌូណេស៊ី​។ កាលណោះ​ ម៉ាស៊ីន​ទាំងបួន​របស់យន្តហោះ​នេះ​លែងដំណើរការ​។ ភ្លាមៗនោះ​ យន្តហោះ​ត្រូវបានគេ​បង្វែរទិសដៅ​ ទៅកាន់ទី​ក្រុងហ្សាកាតា​ ដោយសង្ឃឹមថា​មានម៉ាស៊ីន​គ្រប់គ្រាន់​អាចចាប់ផ្តើមដំណើរការឡើងវិញ​ ដើម្បី​អាចចុះចតបាន​។ ជាសំណាងល្អ​ យន្តហោះនេះ​បានហោះចេញពី​ពពក​ដែលរុំទ័ព្ធដោយផេះ​ ហើយម៉ាស៊ីនទាំងអស់​អាចបានចាប់ផ្តើមដំណើរឡើងវិញ​ និងអាច​ចុះចតដោយសុវត្ថិភាពនៅ​អាកាសយាន​នៅហ្សាកាតា​។

សូមរំឭកជូនផងដែរថា​ រលកយក្សស៊ូណាមិ​ ដែល​បានកើតឡើង​ដោយសារតែការផ្ទុះ​ ភ្នំភ្លើងអាណាក់ក្រាកាតូអា​ គិតត្រឹមពេលនេះ​ បានសម្លាប់មនុស្ស​យ៉ាងហោចណាស់​ ៤៣០​ នាក់​ ធ្វើឲ្យ​មនុស្សចំនួនប្រមាណជា​ ១ ៤៩៥ នាក់​រងរបួស​ ហើយ​មានមនុស្សចំនួន​ ១៥៩​ នាក់បាត់ខ្លួន​។ មិនតែប៉ុណ្ណោះ​ ដោយសារតែ​ ភ័យខ្លាចថា​អាចមានរលកស៊ូណាមិ​ បោកបក់មកម្តងទៀត​ នៅពេលនេះ​មានប្រជាជនឥណ្ឌូណេស៊ីជាង​ ២ ០០០​ នាក់​ កំពុងរស់នៅក្នុង​ជំរុំ​បណ្តោះអាសន្ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ