ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អាស៊ី

វិបត្តិ​​កូរ៉េខាងជើង៖​លោក​ស៊ី ជីនពីង​ សុំអោយ​​លោក​​ម៉ាក្រុង​​ចូលរួមដោះស្រាយ​​​​ភាព​​​​តានតឹង​​​​

media  
ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង និង​ប្រធានាធិបតី​​ចិន លោក​ស៊ី ជីនពីង ជួបគ្នា​ក្នុង​ពេល​កន្លងមក AFP

ថ្ងៃសុក្រ​នេះ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បាន​ស្នើ​​អោយ​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង ដើរតួនាទី ចូលរួមដោះស្រាយ​​​ភាពតានតឹង​ ទាក់ទង​នឹង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។​​ ​លោកស៊ី ជីនពីង ទើប​នឹង​បាន​រំលឹក​​មេដឺកនាំ​អាល្លឺម៉ង់ លោកស្រី​មែរគែល ​ថា​​ចិន​ចង់ឃើញ​ឧបទ្វីបកូរ៉េ​គ្មា​ននុយក្លេអ៊ែរ។ រុស្ស៊ី​និង​កូរ៉េខាងត្បូង​ពេលនេះ ក៏​​បាន​គូសបញ្ជាក់​ពី​​ដំណោះស្រាយ​បន្ទាន់​តាមរយៈ​ការកាត់បន្ថយ​ស្ថានការណ៍​​​​តានតឹងដែរ។​​

ទូរទស្សន៍​ចិន​បាន​ចុះផ្សា​យថា ​លោក​ស៊ី ជីនពីង ​និង​លោក​អេម៉ានុយអែល ម៉ាក្រុង ​បានជជែកគ្នា​តាមទូរសព្ទ​ អំពី​បញ្ហា​កូរ៉េខាងជើង។ ប្រធានាធិបតី​ចិន​បាន​សុំអោយ​ប្រធានាធិបតីបារាំង ដើរ​តួនាទី​ចូលរួមដោះស្រាយ ​កាត់បន្ថយ​ភាពតានតឹង។ បារាំង​ជា​សមាជិក​អចិន្ត្រៃយ៍​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដូចចិន​ដែរ។ ចិន​ចង់​សង្ឃឹម​ថា បារាំង​អាច​​ចូលរួម​​បន្ថយ​ភាពតានតឹង​ស្ថានការណ៍​កូរ៉េខាងជើង និង​​ជំរុញ​អោយ​មាន​ការពិភាក្សាឡើង។ សម្រាប់​ចិន​ មានតែ​ដំណោះស្រាយ​បែបសន្តិភាព តាមរយៈ​ការចរចា​បញ្ហា​កូរ៉េទេ ទើប​អាច​ដោះស្រាយស្ថានការណ៍​បច្ចុប្បន្ន​បាន។

ក្នុងពេល​ជជែក​តាមទូរសព្ទ ​ថ្ងៃសុក្រ​នេះ ​លោកស៊ី ជីនពីង និង​ប្រធានាធិបតី​បារាំង​ លោក​ម៉ាក្រុង មិនបាន​លើក​និយាយ​ពីទណ្ឌកម្ម​ប្រឆាំង​​កូរ៉េខាងជើងទេ។ ប៉ុន្តែ ​ថ្ងៃព្រហស្បតិ៍​​ម្សិលមិញ ​លោកស៊ី ជីនពីង និង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លោកស្រី​មែរគែល បាន​ជជែកស្រុះស្រួលគ្នា​គាំទ្រ​អោយ​​ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង។ ប៉ុន្តែ មេដឺកនាំ​ចិន​និង​អាល្លឹម៉ង់​​ក៏​មិនភ្លេច​​​​លើកឡើង​ពី​ដំណោះស្រាយ​​​តាម​រយៈ​ការចរចា​ដែរ។

ក្រោយ​​ក្រុងព្យុងយ៉ាង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ កាលពី​ថ្ងៃអាទិត្យមក​ អាមេរិក​បានចេញ​​សំណើ​ទណ្ឌកម្ម​ថ្មី ដាក់​ទៅអោយ​​អង្គការ​សហប្រជាជាតិអនុម័ត។ ជា​សំណើ​ទណ្ឌកម្ម​លើ​ការ​លក់ប្រេង​របស់​កូរ៉េខាងជើង និង​ការបង្កក​ទ្រព្យសម្បត្តិ​លោក​គឺម ជុងអ៊ុន។ ​បារាំង​និង​អង់គ្លេស​បានគាំទ្រ​សំណើ​អាមេរិក។ អាមេរិក​ចង់អោយ​​អង្គការ​សហប្រជាជាតិ​អនុម័ត​សំណើ​ថ្មីនេះ តាំងពី​ថ្ងៃចន្ទ​ម្ល៉េះ។​ ប៉ុន្តែ ​រុស្ស៊ី​និង​ចិន​បាន​សង្កត់ធ្ងន់​ឡើងវិញ ចំពោះដំណោះស្រាយ​តាមរយៈ​ការចរចា​​​។ សម្រាប់​លោក​ពូទីន និង​លោក​ស៊ី ជីនពីង ​ទណ្ឌកម្ម​ថ្មីៗ​ប្រឆាំង​កូរ៉េខាងជើង ​មិនគ្រប់គ្រាន់​នឹង​ជំរុញ​អោយ​កូរ៉េខាងជើង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ៕ ​ ​​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ