អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌូណេស៊ី​កើនឡើង​ដល់​១១៦នាក់

នៅ​ឥណ្ឌូណេស៊ី ​យន្តហោះ​យោធា​មួយគ្រឿង​បាន​ធ្លាក់ និង​ផ្ទុះឆេះ​ នៅ​ក្នុង​តំបន់​ទី​ប្រជុំជន លើ​កោះ​ស៊ូម៉ាត្រា។ ​យោងតាម​តុល្យការ​​ថ្មីៗ​ចុងក្រោយ​ផ្តល់​ដោយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​មាន​យ៉ាងតិច ១១៦នាក់។ ចំនួន​មនុស្ស​ដែល​ជិះលើ​យន្តហោះ​មាន​១១៣នាក់ ក៏ប៉ុន្តែ ​គេ​នៅមិនទាន់​ដឹង​ច្បាស់នៅឡើយ អំពី​ចំនួន​ជនរងគ្រោះ​ដែល​នៅលើ​ដី។

ទិដ្ឋភាព​ទីតាំង​ធ្លាក់​យន្តហោះដឹកជញ្ជូនយោធា​ឥណ្ឌូណេស៊ី ថ្ងៃ​អង្គារ ៣០មិថុនា ២០១៥
ទិដ្ឋភាព​ទីតាំង​ធ្លាក់​យន្តហោះដឹកជញ្ជូនយោធា​ឥណ្ឌូណេស៊ី ថ្ងៃ​អង្គារ ៣០មិថុនា ២០១៥ REUTERS/Irsan Mulyadi/Antara Foto
ផ្សាយពាណិជ្ជកម្ម

យោងតាម​មន្រ្តី​អ្នក​នាំពាក្យនៃ​កងទ័ព​ជាតិ​ឥណ្ឌូណេស៊ី យន្តហោះ​ដែល​ធ្លាក់​នេះ គឺ​ជា​យន្តហោះ​ដឹកជញ្ជូន​យោធា​​ធុន Hercules C-130 ផលិត​នៅ​សហរដ្ឋ​អាមេរិក។ យន្តហោះ​នេះ​​ មាន​បេសកកម្ម​ដឹកជញ្ជូន​គ្រឿង​បរិក្ខា​យោធា​ទៅ​ផ្គត់ផ្គង់​មូលដ្ឋាន​កងទ័ព ក៏ប៉ុន្តែ ២នាទី​ក្រោយ​ពី​បាន​ហោះឡើង យន្តហោះ​នេះ​ក៏​ត្រូវ​ធ្លាក់​នៅ​ក្នុង​ទីក្រុង​ Medan ដែល​ជា​ទីក្រុង​ដ៏ធំមួយ​ មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ២លាន​នាក់។

កាលពីដំបូង​ មន្រ្តី​អ្នកនាំពាក្យ​យោធា​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​ថា នៅលើ​យន្តហោះ​​ដែល​​ធ្លាក់​នេះ ​មាន​មនុស្ស​ជិះ​តែ ១២នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រោយ​មក អគ្គបញ្ជាការ​កងទ័ព​អាកាស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់ថា ក្រៅពី​អាកាសយានិក និង​អ្នក​បច្ចេកទេស​ទាំង ១២នាក់ មាន​មនុស្ស ១០១នាក់​ផ្សេងទៀត ដែល​ជិះ​នៅលើយយន្តហោះ។ លោក​អគ្គបញ្ជាការ​កងទ័ព​អាកាស​ក៏​បាន​លើកឡើង​​ផងដែរ​ថា នៅ​ក្នុង​ចំណោមមនុស្ស​ទាំង ១១៣នាក់ ដែល​ជិះលើ​យន្តហោះ​នេះ​ លោក​មិនរំពឹង​ថានឹង​មាន​អ្នក​រស់រាន​មាន​ជីវិត​នោះទេ។

ក្រៅពី​ជនរងគ្រោះ​ដែល​ជិះនៅលើ​យន្តហោះ អ្វី​ដែល​គេ​មិន​ទាន់​ដឹង​ពិតប្រាកដ គឺ​ចំនួន​ជនរងគ្រោះ ដែល​នៅ​លើ​ដី ដោយសារ​តែ​យន្តហោះ​នេះ​បាន​ធ្លាក់​ និង​ផ្ទុះឆេះ នៅ​ក្នុង​ទីតាំង​ដែល​សម្បូរទៅដោយ​ផ្ទះ​ប្រជាជនរស់នៅ។

គេសង្កេតឃើញ​ថា នៅ​ឥណ្ឌូណេស៊ី គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​យោធា​តែងតែ​កើតមានឡើង​ជារឿយៗ ហើយ​ហេតុការណ៍​ចុងក្រោយ​បំផុត គឺ​ការ​ធ្លាក់​យន្តហោះ​ប្រដេញ​ធុន F-16 កាល​ពី​ខែ​មេសា​កន្លងទៅ​ថ្មីៗ​នេះ។ បើ​និយាយ​ពី​ខាង​សុវត្ថិភាព​ក្នុង​វិស័យ​​អាកាសចរណ៍​ស៊ីវិល​វិញ ឥណ្ឌូណេស៊ី​ក៏​មាន​ប្រវត្តិ​មិន​ល្អ​ប៉ុន្មាន​ដែរ ដោយគេ​សង្កេតឃើញ​មាន​ជារឿយៗ ករណី​ធ្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ករណី​ចុងក្រោយ​បំផុត ដែល​ហាក់នៅ​ថ្មីៗ​នៅឡើយ គឺ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន AirAsia កាល​ពី​ខែ​ធ្នូ ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់​ទៅ ១៦២នាក់។

សម្រាប់​ទីក្រុង Medan នេះ​គឺ​​មិនមែន​ជា​​លើកទី១ទេ​ ដែល​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ នៅ​ទីប្រជុំជន​បែបនេះ។ កាល​ពី​ឆ្នាំ​២០០៥ យន្តហោះ​ដឹកអ្នក​ដំណើរ​ក្នុងស្រុក​មួយគ្រឿង​បាន​ធ្លាក់​​ទៅលើ​ផ្ទះប្រជាជន ដែល​កាលណោះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​ចំនួន ១៥០នាក់ រាប់ទាំង​អ្នក​ជិះលើ​យន្តហោះ និង​ជនរងគ្រោះ​ដែល​នៅលើ​ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ