ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT

ព្រឹត្តិការណ៍ «សង្ក្រាន្ត» រីក​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស

ព្រឹត្តិការណ៍ «សង្ក្រាន្ត» រីក​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស
 
រូបសត្វមាន់ តំណាងឆ្នាំរកា នៅមុខប្រាសាទអង្គរវត្ត ខេត្ត​សៀមរាប។

នៅ​ឆ្នាំ​២០១៧​នេះ ព្រឹត្តិការណ៍​សង្ក្រាន្ត ដែល​ប្រសូត្រ​នៅ​ខេត្ត​សៀមរាប​តាំង​ពី​ឆ្នាំ​២០១៣ កំពុង​តែ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ មិន​មែន​មាន​តែ​នៅ​ក្នុង​ខេត្ត​សៀមរាបដូច​មុន​​ទៀត​ឡើយ​។ អ្នក​ជំនាញ​មើល​ឃើញ​ថា ការ​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​នេះ​​ទៅ​កាន់​ខេត្តនានាទូទាំង​ប្រទេស​ កំពុង​ក្លាយ​ជា​​ឱកាស​ដ៏​ប្រសើរ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។

តាំង​ពី​ឆ្នាំ​២០១៣ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាបក្នុង​គោល​បំណង​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ក្នុង​ចំណោម​មហាគ្រួសារ​ខ្មែរ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​។ ប្រារព្ធ​ធ្វើ​រយៈ​ពេល​៣​ថ្ងៃ អង្គរ​សង្ក្រាន្ត​បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ស្វែង​យល់​ពី​​​សិល្បៈ វប្បធម៌ និង​ប្រពៃណី​ខ្មែរដ៏​ចំណាស់​និង​សម្បូរ​បែប ដើម្បី​ឲ្យ​ពួក​គេ​ចូល​រួមការពារ​និង​អភិរក្ស​កេរ្តិ៍​ដំណែល​នេះ​ទៅ​ថ្ងៃ​អនាគត​។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត មិន​ត្រឹម​តែ​បាន​បង្កើត​បរិយាស​សប្បាយ​រីករាយ​ក្នុង​ចំណោម​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ​ទេ ព្រឹត្តិការណ៍​នេះ​ថែម​ទាំង​បាន​បំបែក​ឯតគ្គកម្ម​ពិភពលោក​លើ​នំ​អន្សម​យក្ស​ធំ​ជាង​គេ​លើ​ពិភពលោក ការ​បំបែក​ឯតគ្គកម្ម​រាំ​ម៉ាឌីហ្សុន​ដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​ជាង​គេ ការ​ធ្វើ​មួក​ស្លឹក​ត្នោត​យក្ស បំពង់ទឹក​ត្នោតយក្ស ការ​ទាញ​ព្រ័ត្រ​យក្ស ​ការ​ប្រកួត​អុក​ចត្រង្គ​យក្ស និង​ការ​តាំង​បង្ហាញ​ចាប៉ី​ដង​វែង​យក្ស​​ជា​ដើម​។

កម្មវិធី​ប្លែក​ៗ​ទាំង​អស់​នេះ បាន​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អង្គរ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​ជា​រៀង​រាល់​ឆ្នាំ។ ចំនួន​ភ្ញៀវ​ទេសចរ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​កើន​ឡើង​ពី​ប្រមាណ​១៧​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១៣ រហូត​ដល់​ទៅ​ប្រមាណ​១​លាន​៣​សែន​នាក់​ក្នុង​ឆ្នាំ​២០១៦​​ ដែល​នាំ​ចំណូលរហូត​ដល់​ទៅ​៨០​លាន​ដុល្លារ​អាមេរិក​​ដល់​ចរន្ត​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​​។

នៅ​ឆ្នាំ​២០១៧​នេះ ព្រឹត្តិការណ៍​សង្ក្រាន្ត រីក​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ រាប់​ចាប់​តាំង​ពី ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាបជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ សង្ក្រាន្ត​វត្ត​ភ្នំ​នៅ​ភ្នំពេញ សង្ក្រាន្ត​វិហារសួគ៌​នៅ​ខេត្ត​កណ្ដាល សង្ក្រាន្ត​ស្វាយរៀង សង្ក្រាន្ត​ព្រៃវែង សង្ក្រាន្ត​បន្ទាយ​មានជ័យ សង្ក្រាន្ត​កំពង់ស្ពឺ សង្ក្រាន្ត​អូររាំងឪនៅ​ខេត្ត​ត្បូង​ឃ្មុំ និង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ផ្សេង​ទៀត​។

អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍​មើល​ឃើញ​ថា ការ​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​នេះ​​ទៅ​កាន់​ខេត្តនានាទូទាំង​ប្រទេស​ កំពុង​ក្លាយ​ជា​​ឱកាស​ដ៏​ប្រសើរ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។ ជា​ឱកាស ព្រោះ​ដូច​បាន​លើក​ឡើង​ហើយ​ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​បាន​ច្រើន​ជាង​មុន និង​យូរ​ជាង​មុន​ ដែល​នេះ​ស្មើ​នឹង​ចំណូល​ច្រើន​ជាង​មុន​។

ប៉ុន្តែ​ទន្ទឹម​នឹង​ឱកាសនេះ អ្នក​ជំនាញ​ដដែល​សង្ឃឹម​ថា ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្ដី ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្ដី នឹង​ខិតខំ​ប្រឹង​ប្រែង​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​បន្ថែម​ទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រឹត្តិការណ៍​នេះ​រឹងរឹត​តែ​ល្អពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក្នុង​នោះ បញ្ហាបរិស្ថាន អនាម័យ គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ខណៈ​មួយ​ឆ្នាំ​ៗ ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​សប្បាយ​រីករាយ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​បរិស្ថានដ៏​អួរអាប់ សម្រាម​ចោល​ពាសវាល​ពាស​កាល​។

ធំ​ជាងបញ្ហា​បរិស្ថាន​​នេះ គឺ​ការ​ឡើង​ថ្លៃនៃ​សេវាកម្ម​និង​ផលិតផល​គ្រប់​ប្រភេទ​នៅ​ក្នុង​អំឡុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​។ ជា​រៀងរាល់​ឆ្នាំ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី តម្លៃ​សេវាកម្ម​ធ្វើ​ដំណើរ ស្នាក់នៅ និងម្ហូបអាហារ បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​ធម្មតា​។ ជាការ​ពិត បើ​និយាយ​ពី​ទ្រឹស្ដី​ពាណិជ្ជកម្ម​ក្នុង​សង្គម​ទីផ្សារ​សេរី វា​គឺជារឿង​ធម្មតា​ដែល​តម្លៃ​ផលិតផល​ឬ​សេវាកម្ម​ត្រូវ​ឡើង​ថ្លៃ នៅ​ពេល​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​។ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ហក់​ឡើង​ខ្ពស់​ហួស​ពី​តម្លៃ​ធម្មតា​ខ្លាំង​ពេក វានឹង​ធ្វើ​ឲ្យ​ទាំង​អស់​គ្នា​ខាត​បង់៖ អ្នក​ទិញ​ខាត​ព្រោះ​បង់​ថ្លៃ​ទំនិញ​ខ្ពស់​ហួស​ពី​ការពិត ចំណែក​អ្នក​លក់​​ខាត​បង់​ព្រោះ​បាត់បង់​អតិថិជន​។

ព្រឹត្តិការណ៍​សង្ក្រាន្ត ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ និង​ជា​ឱកាស​ទាក់ទាញ​ទេសចរ​។ ការ​​ខាត​បង់នៅ​ក្នុង​ឱកាស​នេះ បើ​ទោះ​បី​ជា​សម្រាប់​នរណា​ក៏​ដោយ មិន​គួរ​កើត​មា​នទេ​។ ដូច្នេះ ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ពិសេស​អាជ្ញាធរ ចាំ​បាច់​ត្រូវ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ភាព​អសកម្ម​នេះ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ បញ្ហា​អនាម័យ​ក៏​ដោយ ការ​ឆ្លៀត​ឱកាស​តម្លើង​តម្លៃ​តម្លៃ គឺ​​​ជា​ទម្លាប់​ដុះ​ស្លែ​ដែល​កើត​មាន​ឡើង​តាំង​ពី​យូរ​ណាស់​មក​ហើយ​។ ការ​បណ្ដែត​បណ្ដោយ ឬ​មិន​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ កំពុង​តែ​បាន​បង្ហាញ​ពី​ភាព​​ខ្សោយ​​របស់អាជ្ញាធរ​​ក្នុង​ការ​គ្រប់​គ្រង ទៅ​កាន់​អ្នក​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ទាំង​អស់​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភ្ញៀវប្រចាំថ្ងៃ

    លោក ហ៊ុនម៉ានី៖ អង្គរសង្ក្រាន្ត មិន មានការ រើស អើង និងត្រូវ ការការ ចូល រួមពីគ្រប់និន្នាការនយោបាយ

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងសង្ក្រាន្តឆ្នាំថ្មី ចូលមកដល់នៅថ្ងៃអង្គារ ទី១៤មេសានេះ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ