អានតួអត្ថបទ
កម្ពុជា-ដីធ្លី

ក្រុម​អ្នក​តវ៉ា​ដី​ធ្លី សុខ​ចិត្ត​ត្រលប់​ទៅ​ខេត្ត​កោះកុង​វិញ ដើម្បី​ដោះ​ស្រាយ​ជា​ថ្មី​ជាមួយ​អភិបាល​ខេត្ត

អភិបាល​ខេត្ត​កោះកុង លោក​ស្រី មិថុនា ភូថង នៅ​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​នេះ បាន​ចេញ​មុខ​ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​ផ្ទាល់ នៅ​ក្នុង​សំណុំ​រឿង​ទំនាស់​ដី​ធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ខេត្ត​កោះ​កុង។ អន្តរាគមន៍​របស់​លោក​ស្រី​អភិបាល​ខេត្ត​នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ពលរដ្ឋ​ចំនួន​៣១៧​គ្រួសារ មិន​ទទួល​យក​ដំណោះ​ស្រាយ​ដែល​ផ្ដល់​ដោយ​ខេត្ត និង​ក្រសួង​ដែនដី​កន្លង​មក។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ ព្រម​វិល​ទៅ​ដោះ​ស្រាយ​គ្នា​នៅ​ឯ​ខេត្ត​វិញ​តាម​សំណើរ​អភិបាល​ខេត្ត បន្ទាប់​ពី​ឡើង​មក​តវ៉ា​ទ្រង់​ទ្រាយ​ធំ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ភ្នំពេញ។

ពលរដ្ឋខេត្ត​​កោះ​កុង​​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ក្រោយ​មិន​ពេញ​ចិត្ត​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី
ពលរដ្ឋខេត្ត​​កោះ​កុង​​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ក្រោយ​មិន​ពេញ​ចិត្ត​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជិត​២​ម៉ោង​នា​វត្ត​សាមគ្គី​រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​នេះ ភាគី​ទាំង​សង​ខាង​គឺ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​អាជ្ញាធរ​ដឹក​នាំ​ដោយ លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​ឯកភាព​ដោយ​ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​តំណាង​ពលរដ្ឋ​ចំនួន​៣០​នាក់ ដើម្បី​ទៅ​ពិនិត្យ​ជាក់​ស្ដែង​លើ​ដី ដែល​ផ្ដល់​ដោយ​ខេត្ត និង​ក្រសួង​ដែនដី ដែល​ដី​នេះ​ត្រូវ​បាន​ផ្ដល់​ជំនួស​ដី​ក្រុមហ៊ុន​ដែល​ពលរដ្ឋ​កំពុង​ទាម​ទារ​យក​មក​វិញ។

ក្នុង​នោះ​តំណាង​ប្រជាពលរដ្ឋ​អ្នក​ស្រី ជីម ស្រីភួន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដំណើរ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដី​ថ្មី​ផ្ដល់​ដោយ​អាជ្ញាធរ​នេះ គឺ​មិន​មែន​មាន​ន័យ​ថា ពួក​គេ​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ថ្មី​នេះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹង​ថា ដី​នោះ​ជា​ប្រភេទ​ដី​កសិកម្ម​អាច​ធ្វើ​ស្រែ​ចំការ​បាន​ឬ​យ៉ាង​ណា។ ប្រសិន​បើ​ល្អ​ក្នុង​ការ​ធ្វើ​កសិកម្ម មិន​ឆ្ងាយ​ពី​ទី​កន្លែង​រស់​នៅ ពួក​គាត់​នឹង​ពិចារណា​ទទួល​យក​ដំណោះ​ស្រាយ​ថ្មី។ តែ​បើ​ដី​នោះ​មិន​សមរម្យ មិន​អាច​ធ្វើ​កសិកម្ម​បាន ពួក​គេ​នៅ​តែ​ទាមទារ​ដី​ចាស់ ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​​ដាំ​ដុះ​ត្រឡប់​នោះ​មក​វិញ។ នេះ​បើ​តាម​តំណាង​ប្រជាពលរដ្ឋ អ្នក​ស្រី ជីម ស្រីភួន។

មែន​ទែន​ទៅ​ការ​អូស​បន្លាយ​នៃ​សំណុំ​រឿង​ដី​ធ្លី ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ឡើង​ចុះ​ភ្នំពេញ​មិន​ឈប់​ក៏​ដោយ​សារ​តែ​ពលរដ្ឋ​៣១៧​គ្រួសារ មិន​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ដោយ​ការ​ផ្ដល់​ដី​ថ្មី​ក្រៅ​ពី​ដី​ដែល​គាត់​ទាម​ទារ។ នេះ​ក៏​ដោយ​សារ​តែ​ពលរដ្ឋ​យល់​ថា ដី​ថ្មី​នៅ​ឆ្ងាយ​ពី​តំបន់​គាត់​រស់​នៅ និង​មិន​មែន​ជា​ដី​កសិកម្ម ពោល​គឺ​ជា​ប្រភេទ​ដី​ព្រៃ​ដែល​រដ្ឋ​ទុក​ចោល។ ប៉ុន្តែ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​នេះ ភាគី​អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា បើ​ពលរដ្ឋ​ព្រម​ទៅ​រស់​នៅ​ដី​ថ្មី ពួក​គេ​នឹង​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ​ឲ្យ​ទៅ​ជា​ដី​កសិកម្ម។

ហើយ​សម្រាប់​ដី​ដែល​ពលរដ្ឋ​កំពុង​ទាមទារ​នេះ ត្រូវ​បាន​អភិបាល​ខេត្ត​លោក​ស្រី មិថុនា ភូថង បាន​ពន្យល់​ថា វា​បាន​ក្លាយ​ដី​អភិវឌ្ឍន៍​រួច​ទៅ​ហើយ តាម​រយៈ​ការ​ដាំ​ដុះ​របស់​ក្រុម​ហ៊ុន។ ដូច្នេះ​ពិបាក នៅ​ក្នុង​ការ​ទាម​ទារ​យក​មក​វិញ ដែល​ការ​ទាម​ទារ​ហួស​ហេតុ​ណា​មួយ ​អាច​ជា​ផ្នែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ប្រឈម​នឹង​ការ​ដួល​រំលំ ហើយ​អាច​ប៉ះ​ពាល់​ដល់​ការងារ​ពលរដ្ឋ​ជាង​១​ពាន់​នាក់​នៅ​តំបន់​នោះ​ផង។

សូម​បញ្ជាក់​ថា បើ​តាម​គម្រោង​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ដី​ទំហំ​២​ហិចតា បូក​រួម​នឹង​ការ​ផ្ដល់​ថវិកា​បន្ថែម​ចំនួន​៣​ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ។ គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ គឺ​មាន​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ​ដែល​ពលរដ្ឋ​ខេត្ត​កោះកុង​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្ស៊ី ដើម្បី​រង​ចាំ​ដំណោះ​ស្រាយ​ពី​ក្រសួង​ដែនដី បន្ទាប់​ពី​ពួក​គេ​បរាជ័យ​នៅ​ក្នុង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​នោះ។ គួរ​កត់​សម្គាល់​ដែរ​ថា អំឡុង​ពេល​តវ៉ា​របស់​ពលរដ្ឋ​នៅ​មុខ​ក្រសួង​ដែនដី​ពួក​គេ​បាន​ប្រឈម​មុខ​ដាក់​គ្នា​តាន​តឹង​ជា​ច្រើន​លើក ទល់​នឹង​កម្លាំង​សមត្ថកិច្ច តែ​មិន​មាន​ការ​បង្ក្រាប​ណា​មួយ​កើត​ឡើង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ