អានតួអត្ថបទ
កម្ពុជា

លីកាដូ​ចេញ​ផ្សាយ​របាយ​ការណ៍​រំលឹក​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោ​យ​នៅ​កម្ពុជា​

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ចេញ​ផ្សាយ​អត្ថបទ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​រយៈពេល​១០ឆ្នាំ​ក្រោយ​ ដើម្បី​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​។

ពលរដ្ឋរាប់រយនាក់ ឡើងពីខេត្តចំនួន៤ ស្នើឲ្យថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ
ពលរដ្ឋរាប់រយនាក់ ឡើងពីខេត្តចំនួន៤ ស្នើឲ្យថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរាំរ៉ៃ @ងួន វឌ្ឍនៈបណ្ឌិត
ផ្សាយពាណិជ្ជកម្ម

កាល​ពីថ្ងៃទី​១ ខែធ្នូ​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ទី១​របស់​ខ្លួន ដែល​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​កើត​ឡើង កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ​។ តាម​រយៈ​អត្ថបទ​នោះ បញ្ហា​ដីធ្លី គឺ​មាន​ចំនួន​ច្រើន​ជាង​បញ្ហា​ផ្សេង​ទៀត​ និង​បន្ទាប់​មក​បញ្ហា​នយោបាយ បញ្ហា​ការងារ និង​សង្គម​ស៊ីវិល​។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​០២ ខែ​ធ្នូ នេះ​ថា ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ​គឺ​ជា​ការ​សង្ខេប និង​រំលឹក​ឡើង​វិញ​នូវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​រយៈពេល​១០​ឆ្នាំ គឺ​ពីឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ ក្នុង​ន័យ​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ឆ្នាំ​២០១៩​នេះ​។

ប៉ុន្តែ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ គឺ​ធ្វើ​ឡើង​មួយ​ឆ្នាំ សម្រាប់​មួយ​ថ្ងៃ ​ដោយ​ផ្តើម​ពី​ថ្ងៃទី១​ ខែ​ធ្នូ សម្រាប់​ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃទី​១០ ​ធ្នូ ​ដែល​នឹង​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​គ្នា​។ នេះ​បើ​តាម​លោក អំ សំអាត​។

លោក អំ សំអាត អះអាង​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​មាន​រូបភាព​ប្រហាក់​ប្រហែល​គ្នា​ ដែល​ភាគ​ច្រើន​គឺ​ជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រំលោភ​សិទ្ធិ​ទាក់​ទង​នឹង​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​គឺ​មាន​ច្រើន​ជាង​។ លោក សំអាត បាន​កត់​សម្គាល់​ថា ចាប់​ពី​ឆ្នាំ​២០១៧​មក បញ្ហា​នយោបាយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​ច្រើន​ជាង​គេ​។

សូម​ជម្រាប​ជូន​ថា​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ ឆ្នាំ​២០១៩​នេះ ក្រៅ​តែ​ពី​ការ​ចេញ​របាយការណ៍​រំលឹក​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​រយៈពេល​១០​ឆ្នាំ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ ក៏​គ្រោង​ចែក​ម្ហូប​អាហារ​ដល់​អ្នក​ជាប់​ពន្ធនាគារ ហើយ​ក៏ គ្រោង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​មួយ​សហគមន៍​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ