អានតួអត្ថបទ
កម្ពុជា-សង្គម

លីកាដូ៖ កុមារ​ទទួល​បាន​ការ​គាំពារ​ផ្នែក​អប់រំ តែ​ប្រឈម​នឹង​ការ​រំលោភ​សេព​សន្ថវៈ

ថ្ងៃ​ទី​០១​មិថុនា​នេះ គឺ​ជា​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ លើក​ទី​៧០។ កម្ពុជា​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​កុមារ​អន្ដរ​ជាតិ ក្រោម​ប្រធានបទ​«លើក​កម្ពស់​សិទ្ធិ​កុមារ​តាមរយៈ​ការ​លុប​បំបាត់​អំពើហិ​ង្សា​លើ​កុមារ​គ្រប់​រូបភាព​»។ ឆ្លៀត​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា លីកាដូ មើល​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កុមារ​កម្ពុជា​ទទួល​បាន​ការ​គាំពារ​ផ្នែក​អប់រំ ខណៈ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​ការ​រំលោភ​សេព​សន្ថវៈ​។  

ក្រសួងអប់រំ ប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០១៩។
ក្រសួងអប់រំ ប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០១៩។ @moeys cambodia
ផ្សាយពាណិជ្ជកម្ម

«ការ​គាំ​ពារ​កុមា​រ​ផ្នែក​អប់រំ​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ​ចាប់​តាំង​ពី​ក្រសួងអប់រំ​ធ្វើ​កំណែទម្រង់​អប់រំ​ក្នុង​ឆ្នាំ​២​០១៤»។ នេះ​ជា​ការវាយ​តម្លៃ​រ​បស់ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ដែល​បាន​លើកឡើងក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នា​ថ្ងៃ​សៅរ៍នេះ។ ការ​គាំពារ​ដែល​លោក អំ សំអាត គូស​បញ្ជាក់​ថា​មាន​ភាព​ល្អ​ប្រសើរនោះ គឺ​រដ្ឋាភិបាល​ និង​ក្រសួង​អប់រំ បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កុមារ​ទាំងពីរ​ភេទ ត្រូវ​រៀន​ឲ្យ​ចប់​ត្រឹម​ថ្នាក់​ទី​៩​។ បន្ថែម​លើ​នេះ ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដែរ ក្នុង​ការ​ប្រឆាំង​ទម្រង់​ពលកម្ម​លើ​កុមារ​។

យ៉ាង​ណា​ក៏​ដោយ កុមារ​នៅ​កម្ពុជា ពិសេស​កុមារី នៅ​តែ​បន្ត​រងគ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ការ​រំលោភ​សេព​សន្ថវៈ និង​ការបំពាន​ផ្លូវ​ភេទ​។ បើ​តាម​លោក អំ សំអាត នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​ខ្លាំង​មែនទែន​សម្រាប់​សង្គម​ស៊ីវិល​ព្រម​ទាំង​សង្គម​ទាំង​មូល និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ ករណី​រំលោភ​សម្លាប់បាន​កើត​មាន​លើ​កុមារី​ក្នុង​ខេត្ត​កំពង់​ឆ្នាំង និង​កំពង់ចាម​ជា​ដើម​។

ចំណែក​ស្ថានភាព​កុមារ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ ក៏​ជា​ករណី​ដែល លោក អំ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ ក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​នេះ​ដែរ។ បច្ចុ​ប្បន្ន មាន​កុមារ​ចំនួន​១៥៨នាក់ កំពុង​ជាប់​ឃុំ​ជាមួយ​ម្ដាយ នៅ​ក្នុងពន្ធនាគារ​ចំនួន​១៨​ទូទាំង​ប្រទេស​។

ក្រៅ​ពី​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិ​ទាំង​នេះ កុមារ​មួយ​ចំនួន​ធំ ក៏​កំពុង​ប្រឈម​នឹង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ដែរ​។ នេះ​បើតាម​លោក អំ សំអាត។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​អះអាង​ថា ក្នុង​រយៈ​ពេល​៥​ឆ្នាំ កុមារ​ជិត​៣​ម៉ឺន​នាក់​ត្រូវ​បាន​ដក​ហូត​ពី​ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ពលកម្ម​កុមារ ខណៈ​១៨ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ទប់​ស្កាត់​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម ហើយ​ពួក​គេទទួល​បាន​ការ​អប់រំ​ និង​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ