អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ទិវាបុណ្យ​ជាតិ​បារាំង១៤កក្កដា ឆ្នាំ​ចុងក្រោយ​ក្នុង​អាណត្តិ​​របស់​លោក​ហូឡង់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូចរៀងរាល់​ឆ្នាំដែរ ថ្ងៃ​១៤កក្កដា ឆ្នាំ​នេះ បារាំង​បាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​​​ ​ តាំង​ពី​ម៉ោង​១០ព្រឹក ដោយមាន​ក្បួនដង្ហែយោធា​​របស់​កងទ័ព​រាប់ពាន់នាក់។ សម្រាប់​ពិធី​បុណ្យជាតិ​ឆ្នាំ២០១៦នេះ ​បារាំង​បាន​អញ្ជើញមេដឹកនាំ​​នូវែលសេឡង់ និង​អូស្ត្រាលី ជាភ្ញៀវ​កិត្តិយស ដើម្បី​រំលឹក​ដល់​ខួប១០០ឆ្នាំ​នៃ​ការប្រយុទ្ធ​​រវាង​កងទ័ព​បារាំង អង់គ្លេស ប្រឆាំង​នឹង​កងទ័ព​អាល្លឺម៉ង់​ កាលពី​​ឆ្នាំ១៩១៦។​ កាលនោះ​ទាហាន​ប្រទេស​ទាំង២បានចូល​ជួយ​កងទ័ព​បារាំង​នឹង​អង់គ្លេស។

ប្រធានាធិបតី​បារាំង ក្នុង​ពិធី​បុណ្យជាតិ ១៤កក្កដា ២០១៦
ប្រធានាធិបតី​បារាំង ក្នុង​ពិធី​បុណ្យជាតិ ១៤កក្កដា ២០១៦ Stéphane DE SAKUTIN / POOL / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​បុណ្យជាតិ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ទាហាន​អូស្រ្តាលី ​១៤០នាក់ និង​ទាហាន​នូវែល​សេឡង់​៨៥នាក់ បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​​ក្រុង​ប៉ារីស។ យន្តហោះ​៥៥គ្រឿង ឧទ្ធម្ភាគចក្រ​២១២គ្រឿង បានហោះ​លើ​លំហ​អាកាស អបអរថ្ងៃបុណ្យ​នេះ។ ប្រមុខការទូត​អាមេរិក​ចន ឃែររី ក៏​មានវត្តមាន​ក្នុង​ឱកាស​នេះដែរ។

​ដើម្បី​ពង្រឹង​​​​សន្តិសុខ​​​ពិធីបុណ្យ​​ អាជ្ញាធរ​​​បាន​​ពង្រាយ កងកម្លាំង​ ​ជាង​១ម៉ឺននាក់។ បុណ្យជាតិ​ថ្ងៃនេះ ជា​បុណ្យ​លើកចុងក្រោ​យនៃ​​អាណត្តិ​ប្រធានាធិបតី​របស់​លោក​ហ្វ្រង់ស៊័រ ហូឡង់ នៅ​មុនការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៧។ ​បន្ទាប់​ពីចប់​ក្បួនដង្ហែ​ព្រឹកមិញ ប្រធានាធិបតី​បារាំង​​​​​ផ្តល់​​បទសម្ភាស​​ដល់​ទូរទស្សន៍​ ​ទាក់ទង​​​​ប្រធានបទ​សំខាន់ៗ ដូចជា ​ច្បាប់ការងារ ​ភាពចម្រូងចម្រាស​រវាង​រដ្ឋាភិបាល​និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច បញ្ហា​ប្រិចស៊ីត រឺ​ក៏​នយោបាយ​សន្តិសុខ​នៅក្រៅប្រទេស​ជាដើម។

លទ្ធផល​​​​ដឹកនាំ​​​របស់​​​លោក​ហូឡង់ សម្រាប់​បទសម្ភាស​ទូរទស្សន៍ ​

សន្តិសុខ ច្បាប់ការងារ ​បញ្ហា​​ជនគ្មានការងារធ្វើ រឺ​កំណើន​សេដ្ឋកិច្ច​ សុទ្ធតែ​ជា​​អ្វី​ដែល​ប្រជាជន​​​បារាំង​​រង់ចាំចេញពីមាត់​​​លោក​ហូឡង់ ក្នុងបទសម្ភាស​​ថ្ងៃ​បុណ្យជាតិ​នេះ។ លោក​ហូឡង់​អាច​ត្រឹម​​និយាយថា ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ​សេដ្ឋកិច្ច​បារាំង​បាន​ងើបឡើង​វិញបាន​បន្តិច​ប៉ុណ្ណោះ។ បារាំង​បាន​រក្សា​ឱនភាព​ថវិកា​អោយ​មាន​លំនឹង​២,៧ភាគរយ សម្រាប់​ឆ្នាំ២០១៧។​ ជនដែលគ្មាន​ការងារធ្វើ​វិញ បាន​ថយចុះជាងមុន​បន្តិច​។ លោក​ហូឡង់​អាច​លើកឡើង​វិញដែរ​ នូវ​បំណង​​​លោក​ចង់អោយ​មាន​ការអនុម័ត​ច្បាប់ការងារ​ដ៏​ចម្រូងចម្រាស​ ដែល​បា​នបង្ក​បាតុកម្ម​ក្នុងពេល​កន្លងមក។

ទាក់ទង​នឹង​នយោបាយសន្តិសុខ​ លោក​ហូឡង់​អាច​​​លើកឡើង​ជាថ្មី​​ ពី​ជំហរ​ពង្រឹង​សុវត្ថិភាព​ក្នុង​ប្រទេស ​ក៏ដូចជា​ក្រៅប្រទេស។ ក្នុង​អាណត្តិ​របស់​លោក ក្រុង​ប៉ារីស​បាន​រងភេរវកម្ម​ធ្ងន់ធ្ងរ​ កម្រមាន​ ​ សម្លាប់​មនុស្ស​ដល់​ទៅ​ជិត​១៥០នាក់ កាលពី​ខែវិច្ឆិកា ​ឆ្នាំមុ​ន។

​ថ្មីៗនេះទៀត​ មាន​ដំណឹងថា ​សកម្មជន​ក្រុមជីហាតរដ្ឋ​អ៊ីស្លាមម្នាក់ ជាជនជាតិ​ប្រេស៊ីល​ គ្រោង​​ធ្វើភេរវកម្ម​ប្រឆាំង​​​​ក្រុមកីឡាករ​បារាំង ដែល​ត្រូវ​​ចូលរួម​ប្រកួត​កីឡាអូឡាំពិក នៅ​ក្រុងរីយ៉ូ ខែសីហា​ខាងមុខ​នេះផង។ ដូច្នេះ បារាំង​មិនអាច​ប្រហែស​បានទេ។ ម្សិលមិញ ​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​បញ្ជូន​ទាហាន​បារាំង​បន្ថែមទឿត ទៅ​ជួយ​ជា​យោបល់​ដល់​ទាហាន​អ៊ីរ៉ាក់ ក្នុង​ការ​កំទេច​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម។ ថ្ងៃនេះ​លោក​បានលើកឡើង​ជាថ្មី​ដែរ នូវ​រឿងជួយទាហាន​អ៊ីរ៉ាក់​នេះ។

ចំពោះ​នយោបាយ​ការបរទេស​វិញ លោក​ហូឡង់​នៅតែបង្ហាញ​ជំហរ​ ការពារ​នយោបាយ​សហភាព​អឺរ៉ុប បង្ហាញ​ថា អឺរ៉ុប​នៅតែ​ខ្លាំង នៅ​តែ​រួបរួមគ្នា ​ទោះជា​អង់គ្លេស​ដើរចេញ​ពី​អឺរ៉ុប​ក្តី។ ​នៅ​អង់គ្លេស​ពេលនេះ លោកស្រី​តេរេសា ម៉ី បាន​ចូលមក​កាន់តំណែង​​ជា​នាយករដ្ឋមន្ត្រី​ បន្តពី​លោក​កាមេរ៉ុន។ ដូច្នេះ និតិវិធី​ចាកចេញ​ពី​អឺរ៉ុប​អាច​នឹង​ធ្វើបាន​លឿន។

សប្តាហ៍​ក្រោយនេះ ​លោក​ហូឡង់​នឹង​ធ្វើដំណើរទស្សនកិច្ច​ជួបមេដឹកនាំ​ប្រទេស​អឺរ៉ុប​មួយចំនួន​ ដូចជា​ស្លូវ៉ាគី ពរទុយហ្កាល់ អូទ្រីស​ជាដើម ដើម្បី​ពិភាក្សា​ពី​បញ្ហា​​​​​​Brexitនេះ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច អេម៉ានុយអែល ម៉ាក្រុង ​​ដង្កូវ​ក្នុងសាច់​បក្ស​កាន់អំណាច

តាំងពីថ្ងៃ​អង្គារ​មក នាយក​រដ្ឋមន្ត្រី​ម៉ានុយអែល​ វ៉ាល់ បាន​​ខឹង​សម្បារ​នឹង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អេម៉ានុយអែល ​ម៉ាក្រុង។ ភាព​ចម្រូងចម្រាស​ ភាពតានតឹង​រវាង​បក្សកាន់អំណាច និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ចគឺមាន​មួយរយៈ​មកហើយ។

មូលហេតុ​​ដោយសារ​តែ​គេមើលឃើញថា ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​​វ័យក្មេង​រូបនេះ​ ​កំពុង​ធ្វើចរឹត​​អោយ​គេគ្រប់គ្នា​គិតថា លោកអាច​​នឹង​ឈរឈ្មោះ​ជាបេក្ខជន​​​​ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​​ ឆ្នាំ២០១៧។ លោក​បាន​បង្ហាញ​មហិច្ឆតា​នេះឡើង ដោយ​បាន​​​បង្កើត​ចលនា​នយោបាយ​មួយ កាលពី​​ខែមេសា។ ចលនា​នោះ​​ ​ឈ្មោះថា ​En Marche យើងអាច​ប្រែ​ថា ដាក់​អោយ​ដើរ រឺ​អោយ​មា​នចលនា។ លោក​ម៉ាក្រុង​​បាន​ស្វែងរក​មូលនិធិសម្រាប់​ចលនា​នេះ។ ចលនា​នេះ​បានទទួលការ​គាំទ្រ​ពី​ប្រធានាធិបតី​​ហូឡង់ផងដែរ។

កាលពី​ថ្ងៃ១២កក្កដា រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​ម៉ាក្រុង​​ បាន​បើក​អង្គមេទិញ​លើកទី១ សម្រាប់​ចលនា​នយោបាយ​​​​​​របស់លោក។ ​ក្នុង​​​អង្គមេទិញ​នោះ លោក​​​​បានថ្លែង​ទាក់ទង​នឹង​ការ​ប្រមូល​រាល់​មនុស្ស​​​ដែល​ចង់​ផ្លាស់ប្តូរប្រទេស។ ​ការប្រើពាក្យចង់ផ្លាស់ប្តូរ​ប្រទេស​​​ដូច្នេះ​ អាច​មានន័យថា ​លោក​ម៉ាក្រុង​​មិនពេញចិត្ត​នឹង​រដ្ឋាភិបាល​​របស់​​លោក​ហូឡង់ ដែល​លោក​ខ្លួនឯងក៏ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​មួយរូប​ក្នុង​ជួររដ្ឋាភិបាល​ដែរនោះ។

​ក្នុង​នាម​លោក​ជា​សមាជិក​បក្ស​សង្គមនិយម​កាន់អំណាចសព្វថ្ងៃ ទង្វើទាំងអស់​នេះ ហាក់​បង្ហាញថា លោក​កំពុង​ក្បត់បក្ស​ខ្លួនឯងយ៉ាង​ច្បាស់ក្រឡែត ទោះ​​មិនធ្វើ​ដោយ​​​បើកចំហរ​ក៏ដោយចុះ។​ ​ប្រហែល​ដោយសារ​តែ​​ប្រជាប្រិយភាព​ក្នុងស្រុ​ករបស់​លោក​​​កើនឡើងខ្ពស់​ ទើបធ្វើអោយ​លោក​កាន់តែ​ក្រអឺត​ ក៏ថា​បាន។ គួរបញ្ជាក់ថា ​ប្រជាប្រិយភាព​របស់​ប្រធានាធិបតី​​​​​ហូឡង់​បាន​ធ្លាក់ចុះខ្លាំង បើ​ប្រៀប​នឹង​លោក​ម៉ាក្រុង។

ទោះយ៉ាងនេះ​ក្តី ​លោក​ម៉ាក្រុង​មិនបាន​​ប្រាប់​​ជាផ្លូវការ​​ថា លោក​ចង់ឈរឈ្មោះ​ជាបេក្ខជន​បោះឆ្នោត​ប្រធានាធិបតី​​ឆ្នាំក្រោយ​នេះទេ។ ក្នុង​ថ្ងៃបុណ្យជាតិ​នេះ​ លោក​ហូឡង់​អាចនឹង​​​​ប្រដែប្រដៅ​អោយ​លោកម៉ាក្រុង​រៀបចំ​អត្តចរឹត​អោយ​រាបសា​បន្តិចទៅវិញ​ ព្រោះទង្វើ​​លោក​ម៉ាក្រុង​​ អាចធ្វើអោយ​បក្ស​កាន់អំណាច​កាន់តែធ្លាក់ខ្សោយ។

ប្រជាប្រិយភាព​លោក​ហូឡង់​ធ្លាក់ចុះខ្លាំង មុន​ការ​បោះឆ្នោត​​​ប្រធានាធិបតី​ឆ្នាំ២០១៧

គេ​មិនដឹងថា តើ​ប្រធានាធិបតី​ផុតអាណត្តិ​ រូបនេះ ចង់​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំក្រោយ​នេះរឺយ៉ាងណា​ទេ។ ប្រសិន​​បើ​លោកចង់​​ឈរឈ្មោះ​ លោក​អាចត្រឹម​តែឈរឈ្មោះ​​​សម្រាប់​ការ​បោះឆ្នោត​ក្នុង​បក្សសង្គមនិយម ក្នុងចំណោម​បេក្ខជន​ផ្សេងៗ​ទៀត​ ដើម្បី​រក​បេក្ខជន​ប្រចាំ​បក្ស​ប៉ុណ្ណោះ។

គេ​មិនដឹងថា តើ​លោក​អាច​ជាប់ឆ្នោត​​រឺយ៉ាងណា​ ព្រោះ​ប្រជាប្រិយភាព​លោកក្នុងពេល​បច្ចុប្បន្ន ​បានស្រុតចុះ​ខ្លាំង។ ​ក្នុង​ស្រុក​​​​​ គេ​កំពុងនាំគ្នា​​​រិះគន់​លោកហូឡង់​ ថា​ចំណាយ​លុយ​បង់​ថ្លៃ​ជាងកាត់សក់​ផ្ទាល់ខ្លួន​ ​មួយខែៗ​ សន្ធឹកសន្ធាប់​​ដល់ទៅ​ជិត​១០ ០០០អឺរ៉ូ។ ត្បិតថា អតីត​សង្សារ​លោក គឺ​លោកស្រី វ៉ាឡេរី ​​ទ្រីយែរវែលឡឺ បានចេញមុខ​​បកស្រាយ​​ការពារ​ថា លោក​មិនបាន​ដឹង​រឿង​ប្រាក់ខែ​នេះក្តី ក៏​បណ្តាញ​សង្គម​បាន​នាំគ្នា​ចំអក​លោក​លេង​រួច​ទៅហើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ