អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ព​​អាមេរិក​​ជា​​ភ្ញៀវ​​កិត្តិយស​​ក្នុង​​ក្បួន​ព្យុហយាត្រា​​បុណ្យជាតិ​​បារាំង​ ១៤កក្កដា​ ២០១៧​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ពិធី​បុណ្យជាតិ​បារាំង​ ថ្ងៃ​១៤កក្កដា​នេះ ទាហាន​អាមេរិក និង​លោក​ដូណាល់ ត្រាំ ត្រូវ​បាន​បារាំង​អញ្ជើញ​ជា​​​​​ភ្ញៀវ​កិត្តិយស​សម្រាប់​​ក្បួន​ព្យុហយាត្រាយោធា នៅវិថី​ស្ហង់ អេលីហ្សេ ​ទីក្រុង​ប៉ារីស។ ការផ្តល់​កត្តិយស​ដល់​ទាហាន​អាមេរិក​ ​ ​គឺ​ដើម្បី​រំលឹក​ខួប​១០០ឆ្នាំ​នៃ​ទាហាន​អាមេរិក​ចូលរួម​ជួយ​បារាំង​និង​អង់គ្លេស​ ក្នុង​សង្គ្រាម​លោក​លើកទី១ នៅ​ទ្វីបអឺរ៉ុប។ ព្រឹក​នេះ ​​ទាហាន​​ប្រមាណ​៣៧០០នាក់ ​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​​ជាង​១០០គ្រឿង បានចូលរួម​អបអរ​ថ្ងៃបុណ្យជាតិ​បារាំង។ ​ ​​

ទាហាន​អាមេរិក ក្នុង​ពិធី​បុណ្យជាតិ​បារាំង ១៤កក្កដា ឆ្នាំ​២០១៧
ទាហាន​អាមេរិក ក្នុង​ពិធី​បុណ្យជាតិ​បារាំង ១៤កក្កដា ឆ្នាំ​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​១៤កក្កដា​នេះដែរ ​បារាំងរំលឹក​ខួប​ភេរវកម្ម​នៅទីក្រុង​Nice ឆ្នាំ​២០១៦។ កាលនោះ ភេរវជន​បាន​បើកឡាន​កាំម្ញ៉ុង បុក​ហ្វូងមនុស្ស​ សម្លាប់​មនុស្ស​៨៦នាក់។ ​បុណ្យជាតិ​ឆ្នាំនេះ ​អាជ្ញាធរ​​​​ពង្រាយ​​កងកម្លាំង​​រាប់ពាន់នាក់ ការពារ​​​សន្តិសុខ​​។ ​ជាលើកដំបូង ​កងទ័ព​អាកាស​បារាំង​បញ្ចេញ​​​​ដ្រូន​ Reaper អោ​យហោះ​​ត្រួតពិនិត្យពិធី​បុណ្យ​​​​ និង​បញ្ជូន​រូបភាពខ្លះៗ​អោយទូរទូស្សន៍​ចាក់​ផ្សាយ​ផងដែរ។ ​​​

ឆ្នាំ​១៩១៧ អាមេរិក​បញ្ជូន​ទាហាន​២លាន​នាក់​មកបារាំង ចូលរួម​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើកទី១​

ព្រឹក​ថ្ងៃ​១៤កក្កដា​នេះ យន្តហោះ​US Air Force និង​យន្តហោះ​ប្រដេញ F-22 ពីរគ្រឿង របស់​អាមេរិក​​បើកពិធី​ក្បួន​យោធា​បុណ្យជាតិបារាំង ​១៤កក្កដា​ នៅ​ទីក្រុង​ប៉ារីស។ បារាំង​​​​អញ្ជើញ​លោក​ដូណាល់ ត្រាំ និង​ទាហាន​អាមេរិក និង​ប្រធានាធិបតី​អាមេរិក អោយ​ចូលរួម​​ថ្ងៃបុណ្យជាតិ​បារាំង​១៤កក្កដា ដើម្បី​បង្អួត​មុខមាត់​បារាំង​​ទេ។ ការអញ្ជើញ​ទាហាន​អាមេរិក​ជា​ភ្ញៀវ​កិត្តិយស​ ឆ្នាំ​២០១៧​នេះ គឺ​បារាំង​គ្រោង​ទុក​មុន តាំង​ពី​មុន​អាមេរិ​កបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ​ទៅ​​ម្ល៉េះ។​ ​វា​ជា​រឿងធម្មតា ដែល​លោក​ដូណាល់ ត្រាំ ត្រូវ​ចូលរួម​ពិធី​បុណ្យជាតិ​បារាំង​ឆ្នាំនេះ មិនអាច​ប្រកែក​បាន បើទោះ​ជា​លោក​ត្រាំ​គ្មានទស្សនៈ​គំនិត​ដូច​លោក​ម៉ាក្រុង​ក៏ដោយ​ចុះ។ កន្លងមក ​​​ឆ្នាំ​១៩៨៩ ប្រធានាធិបតី​​អាមេរិ​ក ចច ប៊ុស្ហ ​ក៏​ធ្លាប់​ចូលរួម​បុណ្យជាតិ​បារាំង​ដែរ។ ​ឆ្នាំ​២០០២ អាមេរិក​​ក៏ធ្លាប់​​ចូលរួម​ដង្ហែក្បួន​យោធាបារាំង​ដែរ។ ​

សង្គ្រាម​លោក​លើកទី១ កើតឡើង​ពី​ឆ្នាំ​១៩១៤​ដល់ឆ្នាំ​១៩១៨។ អាមេរិក​បាន​បញ្ជូន​ទាហាន​​២លាន​នាក់​ ចូល​មក​​​​បារាំង​។ អាមេរិក​​​រារែក​ចិត្ត​ច្រើន​ ​មុន​នឹង​សម្រេច​ធ្វើសង្គ្រាម​ប្រឆាំង​អាល្លឺម៉ង់ ព្រោះ​អាមេរិ​កចង់​ប្រកាន់​ជំហរ​អព្យាក្រឹត​ មិន​បង្ក​ជម្លោះ។ ​​ម្យ៉ាងទៀត អាមេរិក​​មាន​ដែនដី​នៅឆ្ងាយ​ពី​ទ្វីបអឺរ៉ុប​ដែល​កើតសង្គ្រាម​លោក​លើកទី១​នេះ កាលនោះ ​ទាហាន​អាមេរិក​ក៏​មិនសូវ​ជាមានច្រើន។​ ប៉ុន្តែ ដោយសារ​​តែ​អាល្លឺម៉ង់​តាម​បង្ករឿងពេក អាល្លឺម៉ង់​បាន​​​​​បាញ់​ពន្លិច​នាវា​ដឺកទំនិញ​អាមេរិក​ ទើបអាមេរិក​សម្រេច​ចូលរួម​សង្គ្រាម​លោកលើក​ទី១​ នៅ​ឆ្នាំ​១៩១៧ ​តែម្តងទៅ។ គឺចូលរួម​ជួយ​ប្លុក​សម្ព័ន្ធមិត្ត​៣ប្រទេស ដែលមាន​បារាំង អង់គ្លេស និង​រុស្ស៊ី។ ការចូលរួម​ជួយ​នេះ ធ្វើអោយ​ទាហាន​អាមេរិក​និង​ទាហាន​បារាំង មាន​ទំនាក់ទំនង​យោធា​នឹងគ្នា ​គិតទៅ ពី​ឆ្នាំ​១៩១៧​មក គឺ​មួយ​សតវត្ស​ហើយ។ ដោយសារ​​​អាមេរិ​ក​បាន​​ចូលរួម​ជួយ​បារាំង អង់គ្លេស​នេះហើយ ទើប​​ការ​​ប្រយុទ្ធ​​ប្រឈម​នឹង​អាល្លឺម៉ង់ បាន​​ឡើង​ខ្លាំង​​ឡើងវិញ។ ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ម្សិលមិញ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បា​នរំលឹក​ពី​ទំនាក់ទំនង​យោធា​ដ៏​យូរអង្វែង ​​រវាង​អាមេរិក​និងបារាំង។ លោក​ត្រាំ ​រំលឹក​ឡើងវិញ​ពី​ការ​បាត់បង់​​​ជីវិត​នៃ​​ជនជាតិ​អាមេរិក​ជាង​១សែននាក់​ ក្នុង​សមរភូមិ​។

ទាហាន​អាមេរិកដែល​បាន​ចូល​រួម​សង្គ្រាម​លោក​លើកទី១​​ ត្រូវបាន​គេ​អោយ​​ឈ្មោះថា Sammies។ ​ហើយ​ទាហានអាមេរិក​បាន​ចុះដង្ហែក្បួន​នៅ​ក្រុងប៉ារីស​ព្រឹកមិញ​នេះ ក៏ជាប់​ឈ្មោះ​​ Sammies ​ដែរ គឺ​ពួកគេ​​​ស្នង​កេរដំណែល​ពី​ទាហាន​ដូនតា​នោះហើយ។ សូមរំលឹក​ដែរថា អាមេរិក​បាន​សាបព្រួស​វប្បធម៌​ខ្លួន​នៅ​អឺរ៉ុប ចាប់ពី​មាន​​សង្គ្រាម​លោក​លើកទី១​នេះឯង។

លោក​ដូណាល់ ត្រាំ ទទួលស្គាល់​ថា ប្រវត្តិ​សង្គ្រាម​លោក​លើកទី១ មិនសូវ​បាន​គេ​ចាប់​អារម្មណ៍​ទេ នៅ​សហរដ្ឋ​អាមេរិក

លោក​ត្រាំ និង​លោក​ម៉ាក្រុង
លោក​ត្រាំ និង​លោក​ម៉ាក្រុង printscrn/france2.fr

អាមេរិក​មា​នឈ្មោះ​ល្បី​ដោយសារ​បានចូលរួម ជួយ​កំចាត់​ទាហាន​អាល្លឺម៉ង់ តែ​លោក​ដូណាល់ ត្រាំ ទទួលស្គាល់ថា​​ ប្រវត្តិ​សង្គ្រាម​លោក​លើកទី១​នេះ មិនសូវ​ត្រូវ​បាន​​គេចាប់អារម្មណ៍ទេ។ ហើយ​បើ​រំលឹក​​​ប្រវត្តិ​នេះ​​ ​ទាហាន​ស្បែកខ្មៅអាមេរិកដែល​ចូលរួម​សង្គ្រាម​លោក​លើកទី​១ ​​កាលនោះ ក៏ត្រូវ​អាមេរិក​រើសអើង​ក្នុង​ជួរទាហាន​ដែរ។ ​ទាហាន​ស្បែកខ្មៅ​អាមេរិក​ដែលចូលរួមប្រយុទ្ធ​ ក្នុង​​​សង្គ្រាម​លោក​លើកទី១ រង​ការ​រើសអើង មិនសូវ​បាន​គេយកចិត្តទុកដាក់​ក្នុង​ជួរ​ទាហាន​អាមេរិ​កទេ។

​​ការរើសអើង​ពណ៌សំបុរ ជា​បញ្ហា​ដែល​តែង​កើត​មាន​ក្នុង​សង្គម​អាមេរិក តាំង​ពី​ដើម​មក។ ទាហាន​ស្បែកខ្មៅ​អាមេរិក មាន​ចំនួន​ ​៣សែន៧ម៉ឺននាក់ ​ក្នុង​ចំណោម​ទាហានអាមេរិក​ដែលចូលរួម​សង្គ្រាម​លោក​លើកទី១។ ​ក្នុង​នោះ ​មាន​២សែននាក់​បានចូលរួម​ប្រយុទ្ធ​​ក្នុង​ដី​សមរភូមិ​​បារាំង។ ទាហាន​ស្បែកខ្មៅ​អាមេរិកត្រូវ​​បាន​បញ្ជូន​ចូល​​ទៅ​កងទ័ព​បារាំង កាលនោះ អាច​ដោយសារ​ការរើសអើង​នេះដែរ។

ប៉ុន្តែ កុំមើលងាយ​ពួកគេ​អោយសោះ ​ទាហាន​ស្បែកខ្មៅ​ទាំងនេះ ពូកែ​ណាស់។ ​ពួកគេ​ប្រយុទ្ធ​ស្វិតស្វាញ ក្នុង​រូងក្រោម​ដី ​ពួកគេ​អាច​ទ្រាំ​ទ្រ​ក្នុង​សមរភូមិ​រហូត​ដល់​១៩១ថ្ងៃ​ជាប់ៗ​គ្នា​ឯណោះ។ ១៩១ថ្ងៃ​ជាប់គ្នា​នេះ ជា​ពេលវេលាតស៊ូ​​ច្រើនបំផុត ក្នុង​ប្រវត្តិ​ទ័ព​អាមេរិក។ ​សូម្បី​ទាហានអាមេរិក​ស្បែកស​ក៏​កោតខ្លាច​​​ពួកគេ​ដែរ។ ដោយសារ​ពួកគេ​នេះហើយ ទើបទាហាន​​អាមេរិក​​មាន​កេរ្តិ៍​ឈ្មោះក្នុង​​​សរមភូមិ​ ហើយ​ត្រូវបាន​​ប្រជាជន​អាមេរិក​​អបអរ​ពេល​ត្រលប់ពី​សមរភូមិ​ទៀតផង។ ប៉ុន្តែ ក្រោយ​ចប់​សង្គ្រាម​លោក​លើកទី១ ​រដ្ឋ​​អាមេរិក​មិនសូវជា​បាន​ផ្តល់រង្វាន់​អ្វី​ធុំដុំ​ដល់​ទាហាន​ស្បែកខ្មៅ​ទាំងនេះ​ទេ។​ ហើយ​ទាហាន​ខ្លះ​​ស្លាប់​ទៅហើយ ក៏​គេ​មិនសូវ​ជា​នឹកនា​ឈ្មោះទៅទៀត។ ​ទាល់តែ​​លោក​អូបាម៉ា​បានឡើង​កាន់អំណាច​ក្នុង​អាណត្តិ​មុននេះ ទើប​មាន​ការ​​ធ្វើ្​កន្លែង​​​រំលឹក​ឈ្មោះ​ទាហាន​ស្បែកខ្មៅ​ម្នាក់ ​ឈ្មោះ​ហង់រី ចនសុន ​ដែល​បាន​តស៊ូសម័យ​សង្គ្រាម​លោក​។ ថ្ងៃ​៦មេសា​កន្លងទៅ ជាថ្ងៃ​ខួប​សភា​អាមេរិក​បោះឆ្នោត​អោយ​អាមេរិក​ចូល​រួមសង្គ្រាម តែការរំលឹក​​​ខួប​នេះ​​មិនបាន​ធ្វើ​ធំដុំ​ទេ ហើយ​លោកដូណាល់ ត្រាំ​ក៏​មិន​បាន​ចូលរួម​ដែរ។

លោកដូណាល់ ត្រាំ ទទួលស្គាល់​ថា ប្រវត្តិ​សង្គ្រាម​លោក​លើកទី១​នេះ មិនសូវ​ជា​គេចាប់អារម្មណ៍​នោះ គឺ​មិនខុសទេ ​​អាច​មកពី​ហេតុការណ៍រើសអើង​​ទាហាន​ស្បែកខ្មៅ​​ផង​ក៏មិនដឹង។ អ្វីដែល​យើងដឺងគឺថា ​នៅ​សហរដ្ឋ​អាមេរិក ​​មិនសូវ​មា​នបញ្ចូល​​ប្រវត្តិ​សង្គ្រាម​លោកលើកទី១ ​​ក្នុង​កម្មវិធី​​សិក្សាទេ។ ​ចម្លែក​ទៅទៀតនោះ​ ​​​អ្នកជំនាញ​ខ្លះបែរជានិយាយ​​ថា មិនសិក្សា​វា ​មកពី​ប្រភព​ហេតុការណ៍​នេះស្មុគស្មាញ​ អ្នកខ្លះ​ទៀតថា មកពី​ហេតុការណ៍​នេះ​​​កើត​យូរយារ​​​ហើយ​ទៅវិញ។ តែ​បើ​​និយាយ​​​ពី​សង្គ្រាម​លោក​លើកទី២ រឺ​សង្គ្រាម​វៀតណាម​វិញ អ្នកណា​ៗ​ក៏​គេចាប់​អារម្មណ៍​ដែរ។ សព្វថ្ងៃ ​មាន​គណៈកម្មការ​មួយនៅ​អាមេរិក​​កំពុង​ចង់​បង្កើត​កន្លែង​​រំលឹក​ដល់​ខួប​សង្គ្រាម​​លោក​លើកទី១​នេះ តែ​​ទំនង​ជា​​គ្មានចេញ​អ្វី​ជាក់ស្តែង​ទេ មើលទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ