ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាមេរិក

២​ថ្ងៃ​មុន​ការ​បោះឆ្នោត​ការ​ឃោសនា​ផ្តោត​លើ​អ្នក​មិន​ទាន់​សម្រេចចិត្ត

media  
បេក្ខជនប្រធានាធិបតីអាមេរិក​ឃោសនានៅក្នុង​ពិព័ណ៌ការងារមួយនៅ New York,ថ្ងៃ២៤តុលា២០១២ REUTERS/Mike Segar

នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ទេ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អណត្តិ​ថ្មី​របស់​អាមេរិក​នឹង​មក​ដល់។ បេក្ខជន​ទាំង​ពីរ​នាក់​បារ៉ាក់ អូបាម៉ា និង​លោក​មីត រ៉ូមនី​មិន​បាន​បង្អន់​ដៃ​ឡើយ​ក្នុង​យុទ្ធនាការ​ឃោសនា។ នៅ​ថ្ងៃ​សៅរ៍​នេះ បេក្ខជន​ទាំង​ពីរ​បាន​អំពាវនាវ​ចំៗ​ដល់​អ្នក​ដែល​មិន​ទាន់​សម្រេចចិត្ត​ថា​ត្រូវ​គាំទ្រ​បេក្ខជន​ណា​មួយ​នោះ។ នោះ​គឺ​ជា​ក្រុម​ចុង​ក្រោយ​ដែល​កំណត់​ការ​ចាញ់​ឈ្នះ​នៃ​បេក្ខជន​ទាំង​ពីរ។

 

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា​និង លោក​មីត​ រ៉ូមនី នៅ​ថ្ងៃ​សៅរ៍​នេះ ពួកគេ​បាន​ទៅ​ជួប​ជុំ​អ្នកគាំទ្រ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​មិន​តិច​ជាង​៤​កន្លែងឡើយ។ អ្នក​ទាំងពីរ​បាន​ស្រែក​អំពាវនាវ​ដូច​គ្នា​យ៉ាង​រន្ថើន អោយ​អ្នកគាំទ្រ​របស់​ខ្លួន​បញ្ចុះ​បញ្ចូលនិង​ជំរុញ​អោយ​មនុស្ស​​ក្រុម​កណ្តាល​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ថា​បោះឆ្នោត​គាំទ្រ​បេក្ខជន​ណាមួយ​នៅ​ឡើយ​នោះ អោយ​ពួក​គេ​បោះឆ្នោត​អោយ​ខ្លួន។

លោក​អូបាម៉ា ប្រធានាធិបតី​ដល់​អណត្តិ បាន​ប្រាប់​អោយ​អ្នក​គាំទ្រ​របស់​ខ្លួន​ទូរស័ព្ទ​និង​គោះ​ទ្វារ​​ផ្ទះ ឬ​ទៅ​ជួប​ផ្ទាល់​មនុស្ស​ក្រុម​កណ្តាល​ដែល​មិន​ទាន់​សម្រេចចិត្ត​នេះ ដើម្បី​ពន្យល់​និង​លើក​ទឹកចិត្ត​អោយ​ពួក​គេ​ជ្រើសរើស​និង​គាំទ្រ​លោក។

វិញ្ញាសារ​ចុង​ក្រោយ​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​គឺ​ការ​ដោះស្រាយ​ទំនាស់​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា។ បេក្ខជន​ទាំងពីរ​សុទ្ធ​តែ​ស្រែក​សន្យាថា ពួក​គេ​នឹង​រក​អោយ​បាន​ភាព​សុខដុម​រមនា​រវាងទំនាក់ទំនងគណបក្ស​ទាំងពីរ​នៅ​ក្នុង​រដ្ឋសភា​ ប្រសិន​បើ ពួកគេ​ជាប់​ឆ្នោតនោះ។

នៅ​ថ្ងៃ​នេះ​លោក​អូបាម៉ា​បាន​ស្រែក​ប្រាប់​អ្នកគាំទ្រនៅ​អូហៃអូថា «ខ្ញុំ​នឹងធ្វើការ​ជាមួយ​គ្រប់​គណបក្ស​ដើម្បី​ធ្វើ​ប្រទេសជាតិ​ដើរ​ឆ្ពោះទៅមុខ។ ប្រសិន​បើ​អ្នកទាំងអស់​គ្នា​ចង់​បំបែក​ភាព​ទាល់​ច្រក​នៅ​ក្នុង​សភា សូម​អ្នកបោះឆ្នោត​អោយ​ខ្ញុំ»។

នៅ​លើ​ប្រធាន​បទ​នៃ​ភាព​សុខដុម​រមនា​រវាង​គណបក្ស​ទាំងពីរ​ដែរ លោក​មីត រ៉ូមនី​បាន​ឆ្លើយ​តប​​ថា លោក​អូបាម៉ា​គ្មាន​ការ​ប្តេជ្ញាចិត្ត និង​សមត្ថភាព​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​គណបក្ស​សាធារណៈរដ្ឋ​របស់លោក​ដើម្បី​អោយ​មាន​ទំនាក់ទំនងគ្នាល្អនោះឡើយ។ លោក​រ៉ូមនី​ដែល​និយាយ​ទៅ​កាន់​អ្នកដែល​មិន​ទាន់សម្រេច​ចិត្ត​បោះឆ្នោតនោះ​ បាន​ប្រកាស​ថា​ លោក​ទេ​ដែល​នឹង​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​នោះ។ គេ​អាច​យល់​បាន​ថា លោក​រ៉ូមនី​កំពុងតែ​រិះគន់​នយោបាយ​របស់​លោក​អូបាម៉ា​ដែល​កាល​ពី​៤​ឆ្នាំ​មុន​បាន​ធ្វើ​យុទ្ធនា​ក្រោម​ស្លាកសញ្ញា​ថា ផ្លាស់ប្តូរ​នោះ។

នៅ​ពេល​នេះ បណ្តាញ​សារព័ត៌មាន​ក្នុង​សហរដ្ឋ​អាមេរិក​ហាក់​បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍​ខ្យល់​ព្យុះ​សង្ឃរា​Sandyហើយ ហើយ​បែរ​មក​ចាប់​អារម្មណ៍​លើ​ការ​បោះឆ្នោត​កាន់តែខ្លាំង។ បណ្តាញ​សារព័ត៌មាន​បង្ហាញ​អំពី​ទំនោរការ​គាំទ្រ​លើ​បេក្ខជន​នៅ​តាម​រដ្ឋ​សំខាន់ៗទាំង​៩​​ជា​បណ្តើរ​ហើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ