អានតួអត្ថបទ
បូលីវី-អេស្ប៉ាញ

អេស្ប៉ាញ​មិន​សុំទោស តែ​អំពាវនាវ​ឱ្យ​បូលីវី​រំសាយ​កំហឹង

អេស្ប៉ាញ​បានបញ្ចេញ​ប្រតិកម្ម​មុន​គេ​ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​​​សហភាព​អាមេរិក​ខាង​ត្បូង​ ដែល​​ទាមទារ​ឱ្យ​អឺរ៉ុប​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ទង្វើ​​​បិទ​ផ្លូវ​អាកាស​ហាមឃាត់​មិន​ឱ្យ​យន្តហោះ​ប្រធានាធិបតី​ បូលីវី លោក អេវ៉ូ ម៉ូរ៉ាឡេស​ ហោះកាត់ កាលពី​ថ្ងៃពុធ។​ ​ ​ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​បូលីវី​ស្ងប់​ស្ងាត់​ត្រជាក់ចិត្ត​​ ​អេស្ប៉ាញ បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​សុំ​ទោស​ទេ។

លោក José Manuel García-Margallo រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អេស្ប៉ាញ
លោក José Manuel García-Margallo រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អេស្ប៉ាញ ®www.fundacioncoso.org
ផ្សាយពាណិជ្ជកម្ម

 

គឺ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​​អេស្ប៉ាញ​ ផ្ទាល់​តែ​ម្តង ដែល​បានចេញ​មុខ​ពន្យល់​បំភ្លឺ​ តាមកញ្ចក់​ទូរទស្សន៍​ជាតិ​ ឱ្យ​បូលីវី ងាក​មក​ប្រកាន់​ជំហរ​សា្មរតី​ ស្ងប់​ស្ងាត់​​ និង​​កសាង​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ឡើង​វិញ ព្រោះ​ អេស្ប៉ាញ និង​ប្រទេស​នៅ​អឺរ៉ុប តែ​ង​ចាត់​វិធានការ ទៅ​តាម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​ថា​ Edward Snowden បាន​ឡើង​យន្តហោះ​ជាមួយ​ប្រធានាធិបតី​បូលីវី។ ប៉ុន្តែ​លោកប្រមុខ​ការទូត​អេស្ប៉ាញ​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រភព​ផ្តល់​ព័ត៌មាន​នោះទេ។

ម្យ៉ាង​វិញ​ទៀត អេស្ប៉ាញ​ក៏​មិន​​ដែល​បាន​បិទ​ផ្លូវអាកាស ឬ​ហាមឃាត់​មិនឱ្យ​យន្តហោះ​ប្រធានាធិបតី​ ​ចុះ​ចត​ចាក់​ប្រេង​ឡើយ ! ដូច្នេះ​សរុប​មក អេស្ប៉ាញ គ្មាន​កាតព្វកិច្ច​អ្វី​ត្រូវ​សុំ​ទោស​បូលីវី​ទេ។ នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​​ការបរទេស​អេស្ប៉ាញ ដែល​មាន​ចេតនា​តែ​មួយ​គត់​គឺ​​​ពន្លត់​កំហឹង​បូលីវី។

តាមការពិត​ ប្រទេស​បារាំង​បាន​សម្តែង​ការ​សោកស្តាយ​ភ្លាម​ នៅ​ពេល​ប្រធានាធិបតី​បូលីវី ចុះ​ដល់​ប្រទេស​អូទ្រីស្ត ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​រំសាយ​កំហឹង​ឡើយ។ បូលីវី និង​សម្ព័ន្ធមិត្ត​ ​ ​អេក្វាទ័រ វេណេស៊ុយអេឡា​ អាហ្សង់ទីន សូរីណាម អ៊ុយរ៉ាហ្គាយ ប៉ារូហ្គាយ ចង់​​ឱ្យ​ បារាំង អេស្ប៉ាញ​ ព័រទុយហ្គាល់​ សុំ​ទោស​ជា​សាធារណៈ។

លោក ម៉ូរ៉ាឡេស​ (Molales) បាន​ថែម​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​ដាក់​សម្ពាធ​លើ​​បារាំង​អេស្ប៉ាញ​ព័រទុយហ្កាល់​និង​អ៊ីតាលី ដើម្បី​ឱ្យ​ប្រទេស​ទាំង​នេះ​បិទ​ដែន​អាកាស​ ដែល​ជំរុញ​ឱ្យ​យន្តហោះ​​ត្រូវ​បង្ខំ​ចិត្ត​ចុះ​ចត​ជា​បន្ទាន់​នៅ​ប្រទេស​អូទ្រីស្ត។

Edward Snowden តាម​ប្រមាញ់ដោយ​ប៉ូលិស​អាមេរិក​ ដែល​កំពុង​បន្ត​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្រុងម៉ូស្គូ បាន​សុំ​សិទ្ធិជ្រក​កោន​នយោបាយ​ក្នុង​២១​ប្រទេស ប៉ុន្តែ​ភាគ​ច្រើន រាប់​ទាំង​បារាំង អាល្លឺម៉ង់​ អេស្ប៉ាញ និង អ៊ីតាលីផង សុទ្ធ​តែ​នាំ​គ្នា​បដិសេធ​ទាំង​អស់៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ