អានតួអត្ថបទ
អាល្លឺម៉ង់

ប្រជាជន​អាល្លឺម៉ង់​​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃការដួលរលំ​ជញ្ជាំង​ប៊ែឡាំង

ប្រជាជន​អាល្លឺម៉ង់​នៅថ្ងៃ​សៅរ៍ ទី ៩​វិច្ឆិកា​នេះ បាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការដួល​រលំ​ជញ្ជាំង​ប៊ែរឡាំង ដែល​ធ្លាប់​បាន​ពុះខ័ណ្ឌ​ចែក​​អាល្លឺម៉ង់​ជាពីរ នៅក្រោយ​សង្រ្គាម​លោក​លើក​ទីពីរ។ ខុសពី​ការប្រារព្ធ​ខួប​លើក​ទី ២០​ឆ្នាំ អាល្លឺម៉ង់​នៅថ្ងៃ​នេះ មិន​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​កំពូលៗ​បរទេស​ឲ្យ​ចូលរួម កម្មវិធី​ខួប​២៥ឆ្នាំទេ ដោយ​ចង់​ផ្តោត​សំខាន់ ឲ្យ​តម្លៃ​ទៅលើ​ប្រជាជន​អាល្លឺម៉ង់ ដែល​ជាម្ចាស់ ចូលរួម​ធ្វើ​ឲ្យ​ជញ្ជាំង​ប៊ែរឡាំង​ដួលរលំ នា​ថ្ងៃ​ទី ៩​វិច្ឆិកា ឆ្នាំ ១៩៨៩។ 

បង្គោលភ្លើង​តំណាង​ឲ្យ​ជញ្ជាំង​ប៊ែរឡាំង នៅ​ក្លោងទ្វារ Brandebourg
បង្គោលភ្លើង​តំណាង​ឲ្យ​ជញ្ជាំង​ប៊ែរឡាំង នៅ​ក្លោងទ្វារ Brandebourg REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី​៩ វិច្ឆិកា អាល្លឺម៉ង់​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃការដួល​រលំ​ជញ្ជាំង​ប៊ែឡាំង​នៅក្នុង​បរិយាកាស​បុណ្យ​ប្រជាប្រិយ គឺ​គ្មាន​ការចូលរួម​ពី​មេដឹកនាំ​នយោបាយ​បរទេស ដូច​លើក​មុនៗ​ទេ។ នៅថ្ងៃ​អាទិត្យនេះ ប្រជាជន​អាល្លឺម៉ង់ និង​ទេសចរ​ច្រើន​ជាង​មួយ​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​រំលឹកគុណ​ដល់​អ្នក​ដែល​បាន​ចូល​ទៅ​វាយ​ផ្តួល​រំលំ​ជញ្ជាំង​ប៊ែរឡាំង។ ការដួលរលំ​ជញ្ជាំង​ប៊ែរឡាំង​មាន​តម្លៃ​ជា​និមិត្តរូប​ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់ ខាងលិច និង​អាល្លឺម៉ង់ ខាងកើត​បាន​បង្រួបបង្រួម​ចូលគ្នា​ជា​អាល្លឺម៉ង់​តែមួយ។ លើសពីនោះ ការដួលរលំ​ជញ្ជាំង​ប៊ែរឡាំង​បាន​កំណត់​ផងដែរ ការបិទ​បញ្ចប់​សង្រ្គាម​ត្រជាក់។

 
ប៉ុន្តែ លោក Mikhaïl Gorbatchev  អតីត​ប្រធានាធិបតី សហភាព​សូវៀត ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​រំលឹកខួប នៅថ្ងៃ​អាទិត្យ នៅទីក្រុង​ប៊ែរឡាំង​បែរ​ជា​និយាយ​ថា ពិភពលោក​កំពុង​ខិតទៅ​រក​ជ្រោះ​សង្រ្គាម​ត្រជាក់​ថ្មី​មួយទៀត។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ ទូរទស្សន៍ស្វ៊ីស លោក​ Mikhaïl Gorbatchev ដែល​គេ​ស្គាល់​ថា ជា​អ្នកធ្លាប់​ជួយ​ឲ្យ​អាល្លឺម៉ង់​រួម​គ្នា​តែមួយ បាន​រិះគន់​យុទ្ធសាស្រ្ត​របស់​ក្រុមប្រទេស​លោកខាងលិច ដែល​កំពុង​ចង់​ប្រកួតប្រជែង​ផ្នែក​អាវុធ​ជាថ្មី ជាមួយ​រុស្ស៊ី។ តាមលោក​អតីត​មេដឹកនាំ​សហភាព​សូវៀត ជញ្ជាំង​ថ្មី​កំពុង​លេចមុខ ដូចជា​នៅ​ប្រទេស​អ៊ុយក្រែន​ជាដើម។

អតីត​មេដឹកនាំ​សហភាព​សូវៀត ដែល​ត្រូវ​ចូលជួប​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅថ្ងៃ​ចន្ទ បាន​បញ្ជាក់ដែរ​ថា សន្តិសុខ​នៅ​អឺរ៉ុប​នឹង​មិន​អាច​កើតឡើងបាន​ទេ បើសិន​ជា​គ្មាន​ការសហការ​គ្នា​រវាង​រុស្ស៊ី និង​អាល្លឺម៉ង់។ តាំងពី​ពេល​ចេញ​ដំណើរ​ពីទីក្រុង​ម៉ូស្គូ លោក​អតីត​ប្រធានាធិបតី​សហភាពសូវៀត បាន​អះអាង​រួចហើយថា លោកនឹង​ការពារ​ជំហរ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន នៅ​ចំពោះមុខ​លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅថ្ងៃ​ចន្ទ។

នៅក្នុង​សប្តាហ៍នេះ លោកស្រី​ប្រមុខដឹកនាំ​អាល្លឺម៉ង់ ធ្លាប់​បាន​ប្រកាស ​ចង់​បង្កើន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រដ្ឋាភិបាល​រុស្ស៊ី បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បាន​បង្ហាញ​ជំហរ​គំាទ្រ​ការបោះឆ្នោត​របស់​ក្រុមទាមទារ​បំបែក​ទឹកដី នៅ ភាគខាងកើត​អ៊ុយក្រែន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ