អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២៥​ឆ្នាំ​ក្រោយ​ទទួល​ណូបែល​សន្តិភាព សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ហាក់​កាន់ឯកោ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំនេះ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ ប្រមុខដឹកនាំ​សាសនា​ទីបេបាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​ដែល​ព្រះអង្គ​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ១៩៨៩។ រង្វាន់​ណូបែល​សន្តិភាព​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រូវ​គេ​ទទួល​ស្គាល់ នៅ​លើ​ឆាក​អន្តរជាតិ ជា​បុគ្គល​ដែល​តស៊ូ​ស្វិតស្វាញ​ខាង​ប្រយុទ្ធ​ទាមទារ​សេរីភាព ​និង​​ឯករាជ្យដើម្បី​បុព្វហេតុ​​ប្រជាជន​ទីបេ។ ប៉ុន្តែ ជាង​២០​ឆ្នាំ​ចុងក្រោយនេះ ជ័យលាភី​ណូបែល​សន្តិភាព​ត្រូវ​គេ​បំភ្លេចចោល ​ជាបន្តបន្ទាប់ ចាប់តាំងពី​ប្រទេស​ធំៗ ឬ​សូម្បី​ប្រទេស​ន័រវែស ដែល​ជា​ម្ចាស់​ប្រគល់​រង្វាន់​ណូបែល ដល់​ព្រះអង្គ កាលពី​២៥​ឆ្នាំមុន។ ហេតុអ្វី បាន​ជាដូច្នេះ? 

សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​អាល្លឺម៉ង់ ក្នុង​ទីក្រុង​Hambourg កាលពី​ខែ​សីហា ឆ្នាំ ២០១៤
សម្តេច​សង្ឃ​ទីបេ ដាឡៃ ឡាម៉ា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​អាល្លឺម៉ង់ ក្នុង​ទីក្រុង​Hambourg កាលពី​ខែ​សីហា ឆ្នាំ ២០១៤ AFP PHOTO / DPA / CHRISTIAN CHARISIUS
ផ្សាយពាណិជ្ជកម្ម

សម្តេចសង្ឃ​ទីបេ ដាឡៃ ឡាម៉ា បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព នៅ​ឆ្នាំ ១៩៨៩​ សម្រាប់សកម្មភាព​តស៊ូ​មតិ​របស់​ព្រះអង្គ​ដើម្បី​បុព្វហេតុ​ប្រជាជន​ទីបេ ពោល​គឺ​បន្ទាប់ពី​ចលនា​បាតុកម្ម​អហិង្សា​របស់​ប្រជាជន​ទីបេ​ត្រូវ​បានអាជ្ញាធរ​បង្រ្កាប​យ៉ាង​ព្រៃផ្សៃ នៅ​ឆ្នាំ​ដដែលនោះ។ នៅ​ឆ្នាំ​១៩៨៩ ទីក្រុង​អូស្លូ​បាន​ប្រគល់រង្វាន់​ណូបែល​សន្តិភាព​ទៅ​ឲ្យ​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ បើទោះបី​ទីក្រុង​ប៉េកាំង​បាន​ប្រឆាំង​យ៉ាង​ដាច់​អហង្កា​ក៏ដោយ។​​

 
នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ដំបូង ជ័យលាភី​ណូបែល​សន្តិភាព​បាន​ក្លាយ​ជា​បុគ្គល​ល្បីល្បាញ​បាន​ការគោរព​ពី​មេដឹកនាំ​របស់​ប្រទេស​លោកខាងលិច​ជាច្រើន និង​បាន​ក្លាយ​ជា​មិត្ត​របស់​តារាភាពយន្ត​ហូលីវូដ។ ព្រះអង្គ​បាន​ចូលជួប​ផ្លាស់ប្តូរ​​យោបល់​ជាញឹក​ញយ​ជាមួយ​ប្រធានាធិបតី​អាមេរិក។ នៅ​ក្នុង​រយៈពេល​ដ៏ត្រចះត្រចង់​នោះ ព្រះអង្គ​បាន​ធ្វើ​សកម្មភាព ​យុទ្ធនាការ​​បរិហារ​នយោបាយ​រុកគួន​របស់​ទីក្រុង​ប៉េកាំង​ទៅលើ​ប្រជាជន​ទីបេ។ នៅរាល់​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​ទៅដល់ ឬ រាល់ជំនួប​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​នានា សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​តែង​តែ​លើក​និយាយ​ពី ការជិះជាន់​ផ្នែក​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​ចិន​ទៅលើ​ប្រជាជន​ទីបេ។

ទីក្រុង​ប៉េកាំង​តែងតែ​ចេញ​មុខ​ប្រឆាំង ជំទាស់​មិន​ឲ្យ​មេដឹកនាំ​របស់​ប្រទេស​ទាំងឡាយយល់​ព្រម​ជួប​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា ដោយ​មក​ពី ចិន​បាន​ចោទព្រះអង្គ​ថា ជា​មេដឹកនាំ​ទាមទារ​ផ្តាច់ទឹកដី​និយម។ ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក​ហាក់​មិន​ខ្វល់​នឹង​ការទាមទារ​របស់​ទីក្រុង​ប៉េកាំងទេ។ ជាញឹកញយ បស្ចិមលោក​តែងតែ​លើក​យក​បញ្ហា​ទីបេ​មក​ចោទប្រទេស​ចិន នៅក្នុង​រឿង​រំលោភ​សិទ្ធិមនុស្ស។

ដោយឃើញ​ថា ការស្រែក​ទាមទារ​របស់ខ្លួន​មិន​ត្រូវ​គេ​ខ្វល់ខ្វាយ ទីក្រុង​ប៉េកាំង​បាន​បែ​រ​មក​​ប្រើនយោបាយ​​ការទូត និង​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន​ ដើម្បីដាក់​គំនាប​កុំ​ឲ្យ​គេ​​ទទួល​ស្វាគម​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា។ ​ប្រទេស​មួយចំនួន ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​ចិន ធ្លាប់​បាន​​បដិសេធ​ មិន​បើក​ទ្វារ​ស្វាគមសម្តេច​សង្ឃ​ដាឡៃ ឡាម៉ា។ ជាក់ស្តែង អាហ្រ្វិក​ខាងត្បូង ដែល​បាន​បដិសេធ​ជា​លើកទី៣ មិន​ផ្តល់​ទិដ្ឋាការ​ដល់​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា បាន​ប្រកាស​ដោយ​មិន​លាក់​លៀម​ថា ខ្លួន​មិន​ចង់​មាន​បញ្ហា​ជាមួយ​ចិន ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​ធំ​ជាងគេ​របស់​អាហ្វ្រិក​ខាងត្បូង។

អាហ្វ្រិក​ខាងត្បូង​មិន​មែន​ជាប្រទេស​ទីមួយ​ដែល​ខ្លាច​ខាតបង់​​ប្រយោជន៍​សេដ្ឋកិច្ចជាមួយ​ចិន ដោយសារ​ទទួល​សម្តេ​ចសង្ឃ​ ដាឡៃ ឡាម៉ា។ ដោយសារ​ផលប្រយោជន៍​សេដ្ឋកិច្ច ជាពិសេស នៅក្នុងពេល​​ដែល​សេដ្ឋកិច្ចរបស់ខ្លួន​កំពុង​ជួប​ការលំបាក ​ប្រទេស​លោក​ខាង​លិច​​មួយចំនួន ដែល​ធ្លាប់​តែ​គាំទ្រ កោតសរសើរ​ស្នាដៃ​របស់ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា កាលពី​ជាង​១០​ឆ្នាំមុន ក៏​ចាប់ផ្តើម​បែរខ្នង​ដាក់​ព្រះអង្គដែរ។ ប្រទេស​ន័រវែស​ផ្ទាល់​ដែល​ធ្លាប់​ជា​ម្ចាស់ផ្ទះ​ផ្តល់​រង្វាន់​ណូបែលសន្តិភាព​ដល់​សម្តេចសង្ឃ​ ដាឡៃ ឡាម៉ា​ផ្ទាល់​ក៏​លែង​សូវ​រវីរវល់​នឹង​វត្តមាន​របស់​ព្រះអង្គទៀតដែរ។ ជាក់ស្តែង នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​២៥​ឆ្នាំ​ដែល​សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព រដ្ឋាភិបាល​ទីក្រុង​អូស្លូ បាន​លើកឡើង​ពី​សារៈសំខាន់​​ក្នុង​ការនិយាយ​ចរចា​ជាមួយ​ប្រទេស​ចិន។

តាម​នាយរដ្ឋមន្រ្តី​ទីបេ ដែល​និរទេស​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា ដោយសារ​តែ​មើលឃើញ​កំណើន​សេដ្ឋកិច្ច​របស់​ចិន ប្រទេស​មួយចំនួន ដែលនៅក្នុង​នោះ មាន​ប្រទេស​អឺរ៉ុប​ផង បាន​រារែក​មិន​សូវលើក​និយាយ​ពី​បញ្ហា​ទីបេ ដែល​ជាប្រធានបទ​រសើប​ ជាមួយ​ប្រទេស​ចិន។

សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​វិញ បាន​ឈ្វេងយល់​ពី​ជំហរ​ប្រួលប្រែ​របស់​មេដឹកនាំ​ប្រទេស​លោកខាងលិច។ ជាការពិត កត្តា​សេដ្ឋកិច្ច​បាន​ធ្វើ​ឲ្យ​ជំហរ​នយោបាយ​របស់​ប្រទេស​នៅក្នុង​ពិភពលោកប្រែប្រួល ដោយ​ខាន​មិនបាន។ ដូច្នេះ​សម្រាប់​ព្រះអង្គ ចលនា​ទាមទារ​សេរីភាព​ឲ្យ​ប្រជាជន​ទីបេ នឹង​មិន​អាច​នឹង​ធ្វើ​ទៅបានទេ បើ​គេ​សង្ឃឹមលើ​ប្រទេស​ខាងក្រៅ​ឲ្យ​ដាក់​គំនាប​ទៅលើ​រដ្ឋាភិបាលចិន។ គឺ​មាន​តែ​ការទាមទារ​ពីខាងក្នុង ប្រទេស​ចិន ទើប​អាច​រំដោះ​ប្រជាជន​ទីបេ​​ឲ្យ​​ចេញ​ផុត​ពីការ​គាបសង្កត់​របស់​អាជ្ញាធរ​ចិន។ ការទាមទារ​សម្រាប់​បុព្វហេតុ​ប្រជាជន​ទីបេ ដែល​មិន​ត្រូវ​ការប្រើ​អំពើហិង្សា ព្រោះ​ព្រះអង្គផ្ទាល់​ក៏​ធ្លាប់​មាន​សង្ឃដីកា​ដែរថា ព្រះអង្គមាន​សុទ្ធិដ្ឋិនិយម​ទៅលើ​ប្រធានាធិបតី​ថ្មី​របស់​ចិន​បច្ចុប្បន្ន ដែល​ធ្លាប់​លើក​និយាយ​ពី​សេរីភាព​គោរព​សាសនា​នៅក្នុង​ប្រទេស​ចិន។ សម្រាប់​អ្នកជំនាញ​ខ្លះ សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា កំពុង​ដើរ​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ចិន ដោយ​និយាយ​ពី​ចំណុច​វិជ្ជមាន​របស់​ប្រធានាធិបតី​ចិន។ វាជារឿង​ធម្មតាទេ ដើម្បី​អាច​និយាយ​ចរចា​នយោបាយ​ គេ​ត្រូវ​តែ​ចេះ​បន្ទន់​ ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ខ្លះ​អីចឹង​ហើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ