អានតួអត្ថបទ
អាមេរិក

មាន​ប្រទេស​ចំនួន ៣០ កំពុង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​រួមគ្នា​ក្នុង​ផ្នែកអវកាស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មករា អង្គ Forum អន្តរជាតិ​ស្តីពី​ការ​រុករក​អវកាស​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រសួង​ការបរទេស​អាមេរិក​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ៣០ ក្នុង​មាន​ចិន និង​រុស្ស៊ី​ជា​ដើម។ គោលដៅ​នៃ​អង្គ Forum នោះ គឺ​ស្វែង​រក​កិច្ចសហប្រតិបត្តិ​រួមគ្នា​ក្នុង​ផ្នែក​អវកាស។ វិស័យ​អវកាស​ដែល​មក​ទល់​សព្វថ្ងៃ មាន​ការ​ប្រកួតប្រជែង​ដាច់​ដោយឡែក​គ្នា​រវាង​ប្រទេស​នីមួយៗ។

រូបគំនូរ​បង្ហាញ​អំពី​យានអវកាស ដែល​ឥណ្ឌា​បញ្ជូន​ទៅ​កាន់​ភពព្រះអង្គារ កាលពីថ្ងៃ​អង្គារ ៥វិច្ឆិកា ២០១៣
រូបគំនូរ​បង្ហាញ​អំពី​យានអវកាស ដែល​ឥណ្ឌា​បញ្ជូន​ទៅ​កាន់​ភពព្រះអង្គារ កាលពីថ្ងៃ​អង្គារ ៥វិច្ឆិកា ២០១៣
ផ្សាយពាណិជ្ជកម្ម

 

អង្គ Forum អន្តរជាតិ​ស្តីពី​ការ​រុករក​អវកាស​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ឡើង​កាល​ពី​ជាង ២ឆ្នំា​មុន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប។ តែ​នេះ​ជា​លើក​ទីមួយ​ដែល​អង្គ Forum ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក។ គឺ​ជា​ជំនួប​ថ្នាក់​រដ្ឋមន្រ្តី​ដោយ​មាន​ការ​ចូលរួម​ពី​៣០ប្រទេស មាន​ដូច​ជា​អឺរ៉ុប ចិន រស្ស៊ី ជប៉ុន ឥណ្ឌា ឬ​មួយ​ក៏​ប្រេស៊ីល​ជា​ដើម។ គោលដៅ​នៃ​អង្គ Forum លើក​នេះ គឺ​ស្វែង​រក​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​រុករក​អវកាស ដោយ​ទុក​មួយ​កន្លែង​នូវ​ការ​ប្រណំាងប្រជែង​គ្នា​ក្នុង​វិស័យ​នេះ។ ថ្លែង​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​ដែល​បាន​ចូលរួម លោក​អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក William Burns បាន​ជំរុញ​ប្រទេស​ចូលរួម​ទំាង​អស់​ឲ្យ​លះបង់​នូវ​គំនិត​អាត្មានិយម និង​រួមសហការណ៍​គ្នា​នៅ​ក្នុង​ការ​រុករក​អវកាស​ដើម្បី​ប្រយោជន៍​មនុស្សលោក​ទូទៅ។

គួរ​រម្លឹក​ជូន​ថា កាល​នៅ​ក្នុង​សម័យ​សង្រ្គាមត្រជាក់ ការ​រុករក​អវកាស​បាន​ក្លាយ​ជា​ល្បែង​នៃ​ការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លំាង​រវាង​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត។ មហាអំណាច​ពិភពលោក​ទំាង​ពីរ​ក្នុង​ជំនាន់​នោះ​បាន​ប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​ទីមួយ​ដែល​បាន​ទៅ​ដល់​ភពព្រះចន្ទ​មុន​គេ ឬ​មួយ​ក៏​អាច​បញ្ជូន​នាវាអវកាស​ដែល​មាន​មនុស្ស​ស្នាក់នៅ​ទៅ​ក្នុង​តារា​វិថី​មុន​គេ។ សព្វថ្ងៃ​នេះ​ទៀត ការ​ប្រកួតប្រជែង​ផ្នែក​អវកាស​ក៏​កំពុង​បន្ត​មាន​រវាង​ប្រទេស​ចិន ជប៉ុន និង​ឥណ្ឌា។ ឥណ្ឌា​ដែល​ទើប​បញ្ជូន​ដោយ​ជោគជ័យ​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា​ទៅ​មិញ នូវ​យាន្តអវកាស​មួយ​ដែល​នំា​ទៅ​ជាមួយ​នូវ​ម៉ាស៊ីនស្ទង់​មួយ​ទៅ​ក្បែរ​ភពផ្កាយអង្គារ។

បច្ចុប្បន្ន​នេះ មាន​១៦ប្រទេស​ហើយ​ក្នុង​នោះ​មាន​ជប៉ុន អាមេរិក រុស្ស៊ី​អឺរ៉ុប​បាន​រួមសហការណ៍​គ្នា​នៅ​ក្នុង​វិស័យ​អវកាស​តាម​រយៈ​ស្ថានីយ៍​អវកាស​អន្តរជាតិ​ដោយ​បាន​ចំណាយ​លុយ​អស់ ១០០ ០០០លានដុល្លារ និង​ដែល​កិច្ចសហប្រតិបត្តិការ​នេះ​ទើប​បាន​ពន្យារ​ពេល​រហូត​ដល់​ទៅ​ឆ្នំា ២០២៤។ តែ​មហិច្ឆតា​របស់​អង្គ Forum អន្តរជាតិ​ស្តីពី​ការ​រុករក​អវកាស គឺ​ចង់​ឲ្យ​កិច្ចសហប្រតបត្តិការ​ក្នុង​វិស័យ​អវកាស​នេះ​ក្លាយ​ជា​កិច្ចសហប្រតិបត្តិការ​មាន​លក្ខណៈ​ពិភពលោក​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ