អានតួអត្ថបទ
ថៃ

ភេរវកម្ម​ចំនួន​៣២​ ផ្ទុះឡើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

តែ​ក្នុង​​​មួយ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះសោះ​ ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​បាន​​​រងគ្រោះ​សារជាថ្មី ​​ដោយ​សារ​​​អំពើភេរវកម្ម​​នានា ដែល​មាន​ចំនួន​​​​រហូត​ដល់​ទៅ​៣២​​​ ផ្ទុះ​ឡើង​នៅ​ខេត្ត​​Pattani​​។ ការ​ផ្ទុះ​គ្រាប់បែក​​ បាន​សម្លាប់​ទាហានថៃ​ពីរនាក់ ​និង​បង្ក​អោយ​មាន​មនុស្ស​​៦នាក់​ទៀត​រងរបួស។ ភេរវកម្ម​អស់​នេះ មើលទៅ​គឺ​ថា​បាន​រៀបចំទុក​មុន​យ៉ាង​ហ្មត់ចត់​​​ ដោយ​​​​ក្រុមបះបោរ​អ៊ីស្លាមនិយម។

ក្រុមសន្តិសុខ​កំពុង​ត្រួត​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់បែក​ ក្នុង​ខេត្ត​​​Pattani ភាគ​ខាង​ត្បូង​ថៃ
ក្រុមសន្តិសុខ​កំពុង​ត្រួត​ពិនិត្យ​កន្លែង​ផ្ទុះ​គ្រាប់បែក​ ក្នុង​ខេត្ត​​​Pattani ភាគ​ខាង​ត្បូង​ថៃ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

អគ្គិភ័យ ការ​បោកគ្រាប់បែក និង​​ការ​បាញ់​ប្រហារដោយ​កាំភ្លើង​ សុទ្ធសឹងតែ​​ជា​អំពើ​ភេរវកម្មដែល​បាន​កើតឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ កាល​ពី​​​​ថ្ងៃ​ពុធ​ម្សិលមិញនេះ។

ភេរវកម្ម​ថ្មីៗ​ទាំង​នេះ​មាន​ចំនួន​រហូត​ដល់ទៅ​៣២​ឯណោះ ហើយ​បានវាយ​ប្រហារ​ទៅលើ​​ការិយាល័យ​រដ្ឋាភិបាល​​ថៃ អង់តែន​​ទូរសព្ទដៃ និង​ហាងទំនិញនានា ក្នុង​ខេត្ត​​Pattani ដែលស្ថិត​ក្នុង​តំបន់​ប្រកាស​អាសន្ន​របស់​​រដ្ឋអំណាច​ថៃ​។ ​​ បន្ទាប់​ពី​មាន​ការ​បាញ់ប្រហារ​កើតឡើង ទាហាន​ថៃ​​បានចុះ​​មក​ពង្រឹងសន្តិសុខ​នៅ​តំបន់​នេះ ​ ហើយ​ទាហាន​ពីរ​នាក់​បាន​​ស្លាប់​បាត់បង់​ជីវិត​​ និងមាន​​មនុស្ស​៦នាក់ទៀត​​រងរបួស នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​មួយ។

គេ​សង្កេត​ឃើញ​ថា ភេរវកម្ម​ទាំង​អស់​នេះ ​​ហាក់​បាន​រៀបចំទុក​មុន​យ៉ាង​ហ្មត់ចត់​ ដោយ​​​​ក្រុមបះបោរ​អ៊ីស្លាមនិយម។ ក្រុម​បះបោរនេះ ​​​មិន​មាន​ប្រភព​​ចេញ​ពីចលនា​ជីហាដ ដែលជា​​​​​​កង​កុំម៉ង់​ដូ​អ៊ីស្លាម​ជ្រុលនិយម ​​​ក្នុង​ពិភព​លោក​នោះ​ទេ។ ប៉ុន្តែ ពួកគេ​​​ប្រយុទ្ធ​​​​ប្រឆាំង​​​​​នឹង​ការ​រើស​អើង​​​របស់​​​ជន​ជាតិ​ថៃ ទៅ​លើ​ជនជាតិ​ភាគតិច​ម៉ាឡេស៊ី​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​​។

កាលពី​ចុង​ខែ​​មីនា​ កន្លង​ទៅ រដ្ឋាភិបាល​​ថៃ​និង​ក្រុមឧទ្ទាម​​ចង់​ផ្តាច់​ទឹកដី​​មួយ​ក្រុម ​បានជួប​​ចរចា​គ្នា​ នៅ​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។ ក្រុង​បាងកក​សង្ឃឹម​ថា កិច្ច​​ចរចា​នេះ​អាច​នឹង​បញ្ចប់​អំពើ​ហិង្សា​​ដែល​វាយប្រហារទៅ​​លើ​ជន​ស៊ីវិល​បាន។ ប៉ុន្តែ​ ការវាយប្រហារ​នៅ​តែ​បន្ត​កើត​ឡើង​ដដែល​ជា​ដដែល ​នៅ​ក្នុង​ប្រទេស​ថៃ។

ទោះ​យ៉ាង​នេះ​ក្តី កិច្ច​ចរចារវាង​រដ្ឋាភិបាល​ថៃ​​ជាមួយ​ក្រុម​បះបោរ​នឹង​​​គ្រោង​ធ្វើ​​ជា​ថ្មី​ម្តងទៀត​ នៅ​ថ្ងៃ​ ២៩ មេសា​ខាង​មុខ។ ក្រុមប្រឹក្សា​សន្តិសុខជាតិ​ថៃ​នឹង​ចងក្រង​​របាយការណ៍​ទាក់ទង​នឹង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដើម្បីដាក់​​បង្ហាញ​​​ក្នុង​កិច្ច​ពិភាក្សា​នេះ។

គួររំលឹក​ឡើង​វិញ​ថា តំបន់​​ភាគ​ខាង​ត្បូងថៃ​ កាល​ដើម​ឡើយ ​ស្ថិត​ក្នុង​​​​​​​​​ទឹកដី​​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ នៅ​​ដើម​សតវត្សរ៍​ទី​ ២០។ ហើយ​ចាប់តាំង​​ពី​ឆ្នាំ​ ២០០៤ មក​ ការ​បះបោរ​​​​នានា​​នៅ​ក្នុង​តំបន់​នេះ បាន​ធ្វើ​អោយ​មនុស្សប្រហែល​​ ៥ ៥០០ នាក់​បាត់បង់ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ