ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

អាហ្រ្វិក ជា​ទ្វីប​ដែល​សម្បូរ​ដោយ​យុវជន​អត់ការងារធ្វើ​ច្រើន​ជាង​គេ

អាហ្រ្វិក ជា​ទ្វីប​ដែល​សម្បូរ​ដោយ​យុវជន​អត់ការងារធ្វើ​ច្រើន​ជាង​គេ
 
ក្រុម​យុវជន​អាហ្រ្វិក​ក្នុង​ជំនួបកំពូល​​ប៉ាណាហ្រ្វិក​លើក​ទី៤ ក្នុង​ប្រទេស​សេណេហ្កាល់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មករា ឆ្នំា ២០១៤ Logan Coles/Rojalnu et Sea Change Entertainment

ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៣ ដល់​ថ្ងៃ​សុក្រ ទី១៧ មករា ទីក្រុង​ដាកា ក្នុង​ប្រទេស​សេណេហ្កាល់​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ប៉ាណាហ្រ្វិក​លើកទី៤​ស្តីពី​យុវជនអាហ្រ្វិក​រស់ក្នុង​ទ្វីបអាហ្រ្វិក និង​យុវជនអាហ្រ្វិក​រស់នៅ​បរទេស។ ជំនួបកំពូល​ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​ជា ៥០០នាក់ មក​ពី​៥៤ ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក និង​មក​ពី​ទ្វីប​ផ្សេង​ទៀត ដូច​យ៉ាង​អាមេរិក និង​​អឺរ៉ុប​ជា​​ដើម។ កម្មវត្ថុ​នៃ​ជំនួបកំពូល​គឺ​ស្វែង​រក​វិធានការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆំាង​នឹង​ភាព​អត់ការងារធ្វើ​របស់​យុវជន​ក្នុង​ទ្វីបអាហ្រ្វិក។

ក្រៅ​ពី​យុវជន ក៏​មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​ដែរ។

គោលដៅ​សំខាន់​នៃ​ជំនួបកំពូល​ប៉ាណាហ្រ្វិក​លើកទី៤ ក្នុង​ទីក្រុង​ដាកា ប្រទេស​សេណេហ្កាល់​ឆ្នំា​នេះ គឺ​ដើម្បី​ស្វែង​រក​មធ្យោបាយ​កាត់បន្ថយ​ចំនួន​អ្នកអត់ការងារ​ធ្វើ​ក្នុង​ទ្វីបអាហ្រ្វិក។ ទ្វីបអាហ្រ្វិក​ដែល​បច្ចុប្បន្ន មាន​ប្រជាជន​រហូត​ដល់​ទៅ ៧០% ដែល​មាន​អាយុ​ក្រោម ៣០ឆ្នំា ពោល​យុវជន​ម្នាក់​ក្នុង​ចំនួន ២នាក់ គឺ​មិន​មាន​ការងារ​ធ្វើ ឬមួយ​ក៏​មាន​ការងារ​ធ្វើ​មិន​ជាប់លាប់​ទេ។ អ្វី​ជា​ការ​កត់សម្គាល់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ​ថា ក្នុង​ចំណោម​យុវជន​ដែល​អត់ការងារ​ធ្វើ​ទំាង​នោះ មាន​កាន់​តែ​ច្រើន​ទៅៗ ចំនួន​យុវជន​ដែល​មាន​សញ្ញាប័ត្រ​ខ្ពស់។ តែ​ដើម្បី​រស់ ពួក​គេ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​រត់ម៉ូតូឌុប ធ្វើជាងជួសជុល​ឡាន ឬ​ម៉ូតូ​បន្តិចបន្តួច ឬមួយ​ក៏​ដើរ​លក់អីវ៉ាន់​កំប៉ិកកំប៉ុក​នៅ​តាម​ផ្លូវ​គ្រាន់​តែ​ចម្អែត​ក្រពះ​បាន​មួយ​ថ្ងៃ។ និយាយ​បែប​ម្យ៉ាង​ទៀត គឺ​ជា​ជីវិត​ម្ង៉ៃ​កាត់ ម្ង៉ៃកោរ រក​មួយ​ថ្ងៃ ដើម្បី​រស់​មួយ​ថ្ងៃ។

ក្រៅ​ពី​ក្រុមយុវជន​អាហ្រ្វិក​ដែល​រស់ក្នុង​ទ្វីបអាហ្រ្វិក និង​ក្រុម​យុវជន​អាហ្រ្វិក​រស់​នៅ​បរទេស ជំនួបកំពូល​ប៉ាណាហ្រ្វិក​លើកទី៤​ឆ្នំា​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​អាហ្រ្វិក​ល្បីៗ ព្រម​ទំាង​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​ដែរ។ អ្វី​ដែល​ជំនួបកំពូល​នេះ​ចង់​ទាញកន្រ្តាក់​អារម្មណ៍​ពិភពលោក​ឲ្យ​ចូលរួម​ជួយ​គិតគូរ​បន្ថែម​នោះ គឺ​កំណើន​យុវជន​អត់ការងារ​ធ្វើ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។ អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជំនួបកំពូល​នោះ គឺ​ការ​ដោះដូរ​បទពិសោធន៍ និង​ការ​ចែករំលែក​ចំណេះដឹង​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​រវាង​យុវជនអាហ្រ្វិក​ដែល​កំពុង​រស់ក្នុង​ស្រុក និង​យុវជនអាហ្រ្វិក​ដែល​បាន​ចេញ​ទៅ​រស់​នៅ​បរទេស ឬ​មួយ​ក៏​មាន​កំណើត​ធំដឹងក្តី​នៅ​បរទេស។

តើ​វត្តមាន​យុវជន​គ្មាន​ការងារ​ធ្វើ​នៅ​ទ្វីបអាហ្រ្វិក​សព្វថ្ងៃ ជា​កំហុស​របស់​យុវជន​ខ្លួន​ឯង ឬ​មួយ​ក៏​ជា​កំហុស​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​ចូលរួម​ជួយ​គិតគូរ​ឲ្យ​បាន​ដិតដល់​ក្នុង​បញ្ហា​នេះ?។ មាន​ចម្លើយ​ពីរ​ខុស​គ្នា​ចំពោះ​សំណួរ​នេះ នៅ​ម្ខាង គេ​មិន​ញញើត​នឹង​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល​ដែល​គ្មាន​នយោបាយ​ច្បាស់លាស់ ឬ​មួយ​ក៏​ថា គិតគូរ​មិន​បាន​ពេញលេញ​ក្នុង​ការ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន។ ជាទូទៅ រដ្ឋាភិបាល​ក្នុង​ទ្វីបអាហ្រ្វិក​ច្រើន​ផ្តោត​តែ​សំខាន់​លើ​ការ​ផ្តល់ជំនួយ​ដោយ​ផ្ទាល់​ដើម្បី​ជួយ​លើក​តម្កើង​ជីវភាព​របស់​ពលរដ្ឋ​ខ្លួន។ ទង្វើ​នេះ​ពិត​ជា​មិន​ខុស​ទំាង​ស្រុង​ទេ តែ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​តែ​គិត​ជា​អាទិភាព​នោះ គឺ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​ណា​ដែល​ចូលរួម​ជួយ​ផ្តល់សន្ទុះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​តាម​រយៈ​ការ​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន។

រីឯ​មតិ​មួយ​ទៀត​យល់​ឃើញ​ថា ភាព​អត់ការងារ​ធ្វើ​របស់​ក្រុម​យុវជនអាហ្រ្វិក គឺ​ជា​កំហុស​របស់​យុវជន​ខ្លួន​ឯង​ផ្ទាល់​ដែល​មិន​ព្រម​ព្យាយាម​ខ្នះខ្នែង​ខ្លួន​ឯង ដោយ​រង់ចំា​តែ​រដ្ឋាភិបាល​រក​ការងារ​ឲ្យ​ធ្វើ​ស្រាប់ៗ។ អ្វី​ដែល​គេ​ចង់​និយាយ​ត្រង់​ចំណុច​នេះ​គឺ​ថា យុវជន​គួរ​តែ​រួម​គ្នា​បង្កើត​ចេញ​នូវ​គំនិត និង​គម្រោង​អ្វី​មួយ​ដោយ​ខ្លួន​ឯង ជា​ជាង​អង្គុយ​ចំា​តែ​ការងារ​រត់​មក​រក​ខ្លួន ព្រោះ​ថា រដ្ឋាភិបាល​ពិត​ជា​មិន​អាច​បង្កើត​ការងារ​គ្រប់គ្រាន់​សម្រាប់​ទំាងអស់​គ្នា​បាន​ទេ។ វា​មិន​ខុស​អ្វី​ពី​សុភាសិត​មួយ​ដែល​និយាយ​ថា ជួយ​ខ្លួន​ឯង​សិន ទើប​ព្រះជួយ​នោះ​ទេ ឬ​មួយ​ក៏​ថា វា​គ្មាន​អ្វី​ប្រសើរ​ជាង​ខ្លួន​ទីពឹង​ខ្លួន​នោះ​ទេ។

 
តាម​រយៈ​មតិ​យល់​ឃើញ​ទំាង​ពីរ​ខាង​លើ​នំា​ឲ្យ​គេ​ទាញ​បាន​ចំណាប់​អារម្មណ៍​ផ្លូវ​កណ្តាល​មួយ​ថា រដ្ឋាភិបាល​នៅ​តែ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​យុវជន​អត់ការងារធ្វើ​ទំាង​នោះ។ ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​ត្រូវ​តែ​ចូលរួម​គិតគូរ​ឲ្យ​ខ្លំាង​ក្លា​បន្ថែម​ទៀត ព្រោះ​ថា គឺ​ក្រុម​យុវជន​នេះ​ឯង​ជា​កម្លំាង​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សង្គម គឺ​កម្លំាង​របស់​ក្រុមយុវជន​នេះ​ហើយ​ដែល​ជា​សសរទ្រូង​របស់​ប្រទេសជាតិ។ រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ទំាង​អស់​ដើម្បី​បញ្ចៀស​វិបត្តិសង្គម វិបត្តិសង្គម​ដែល​កើត​ចេញ​ពី​ភាពក្រីក្រ​ដោយសារ​តែ​គ្មាន​ការងារ​ធ្វើ​នោះ​ឯង។

វា​ពិត​ណាស់​ថា បើ​គេ​និយាយ​ជា​លក្ខណៈទូទៅ ចំនួន​យុវជន​ដែល​មាន​សញ្ញាប័ត្រខ្ពស់ តែ​មិន​អាច​រក​ការងារ​ធ្វើ​បាន​នោះ មិន​មែន​មាន​តែ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​មួយ​ឯណា គឺ​មាន​តែ​នៅ​គ្រប់​ប្រទេស​ទំាង​អស់​ក្នុង​លោក រាប់​បញ្ចូល​ទំាង​ប្រទេស​អភិវឌ្ឍ​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទៀត​ផង។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ថា នៅ​ពេល​ដែល​មាន​ប្រទេស​មួយ​ចំនួន​បាន​កាត់បន្ថយ​ភាពក្រីក្រ​របស់​ខ្លួន​បាន​យ៉ាង​ច្រើន​គួរ​ឲ្យ​កោតសរសើរ​នា​សតវត្ស​ទី២១ នេះ អាហ្រ្វិក​នៅ​បន្ត​ជា​ទ្វីប​ដែល​មាន​ប្រជាជន​រស់ក្រោម​ខ្សែបន្ទាត់​ក្រីក្រ​យ៉ាង​ច្រើន​នៅ​ឡើយ​នា​ពេល​សព្វថ្ងៃ។ ប្រជាជន​អាហ្រ្វិក​ក្រីក្រ​ជាង​គេ​រក​ចំណូល​បាន​ជា​មធ្យម​ចំនួន​តែ ៧០សេនដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រស់ ពោល​គឺ​គ្រាន់​បើ​ជាង​បន្តិច បើ​ធៀប​នឹង ២០ឆ្នំា​មុន។

នៅ​ក្នុង​ចំណោម​ប្រទេស​អាហ្រ្វិក​ទំាង​អស់ មាន​ប្រមាណ​ជា ១០ប្រទេស​ឯណោះ​ដែល​ចំណូល​ជា​មធ្យម​ប្រចំា​ថ្ងៃ​បាន​ធ្លាក់​ដល់ ៥០សេនដុល្លារ​ផង​ក៏​មាន។ រីឯ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​ធ្លាប់​មាន​ស្ថានការណ៍​ដូច​អាហ្រ្វិក​បច្ចុប្បន្ន ស្រាប់​តែ​បាន​ផ្តើម​ងើប​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នំា​មុន​នេះ ដោយ​មាន​ប្រជាជន​ចិន​តិច​ណាស់​ដែល​រក​ចំណូល​បាន​តិច​ជាង ១ដុល្លារ ២០សេន​ក្នុង​មួយ​ថ្ងៃ​នោះ។ ហើយ​ចាប់​ពី​ពេល​នេះ ទៅ​ទល់​នឹង​ឆ្នំា ២០២០ នឹង​គ្មាន​ប្រជាជន​ចិន​ណា​ម្នាក់​ដែល​រក​ចំណូល​បាន​ជា​មធ្យម​តិច​ជាង ១ដុល្លារ ២០សេន​ក្នុង​មួយ​ទៀត​ឡើយ។ តែ​សម្រាប់​នៅ​អាហ្រ្វិក​ឯណោះ​វិញ អាហ្រ្វិក​ត្រូវ​ការ​ពេល​យ៉ាង​តិច ២០ឆ្នំា​បន្ថែម​ទៀត​ដើម្បី​អាច​ឲ្យ​ប្រជាជន​ខ្លួន​រាប់លាននាក់​ងើបផុត​ពី​ខ្សែបន្ទាត់​នៃ​ភាពក្រីក្រ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ