អាហ្រ្វិក ជាទ្វីបដែលសម្បូរដោយយុវជនអត់ការងារធ្វើច្រើនជាងគេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៩
ចាប់ពីថ្ងៃចន្ទ ទី១៣ ដល់ថ្ងៃសុក្រ ទី១៧ មករា ទីក្រុងដាកា ក្នុងប្រទេសសេណេហ្កាល់ធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលប៉ាណាហ្រ្វិកលើកទី៤ស្តីពីយុវជនអាហ្រ្វិករស់ក្នុងទ្វីបអាហ្រ្វិក និងយុវជនអាហ្រ្វិករស់នៅបរទេស។ ជំនួបកំពូលដែលមានយុវជនចូលរួមប្រមាណជា ៥០០នាក់ មកពី៥៤ ប្រទេសក្នុងទ្វីបអាហ្រ្វិក និងមកពីទ្វីបផ្សេងទៀត ដូចយ៉ាងអាមេរិក និងអឺរ៉ុបជាដើម។ កម្មវត្ថុនៃជំនួបកំពូលគឺស្វែងរកវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆំាងនឹងភាពអត់ការងារធ្វើរបស់យុវជនក្នុងទ្វីបអាហ្រ្វិក។ ក្រៅពីយុវជន ក៏មានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនរូបទៀតដែរ។
គោលដៅសំខាន់នៃជំនួបកំពូលប៉ាណាហ្រ្វិកលើកទី៤ ក្នុងទីក្រុងដាកា ប្រទេសសេណេហ្កាល់ឆ្នំានេះ គឺដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយចំនួនអ្នកអត់ការងារធ្វើក្នុងទ្វីបអាហ្រ្វិក។ ទ្វីបអាហ្រ្វិកដែលបច្ចុប្បន្ន មានប្រជាជនរហូតដល់ទៅ ៧០% ដែលមានអាយុក្រោម ៣០ឆ្នំា ពោលយុវជនម្នាក់ក្នុងចំនួន ២នាក់ គឺមិនមានការងារធ្វើ ឬមួយក៏មានការងារធ្វើមិនជាប់លាប់ទេ។ អ្វីជាការកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភនោះគឺថា ក្នុងចំណោមយុវជនដែលអត់ការងារធ្វើទំាងនោះ មានកាន់តែច្រើនទៅៗ ចំនួនយុវជនដែលមានសញ្ញាប័ត្រខ្ពស់។ តែដើម្បីរស់ ពួកគេហាក់ដូចជាគ្មានជម្រើសអ្វី ក្រៅពីរត់ម៉ូតូឌុប ធ្វើជាងជួសជុលឡាន ឬម៉ូតូបន្តិចបន្តួច ឬមួយក៏ដើរលក់អីវ៉ាន់កំប៉ិកកំប៉ុកនៅតាមផ្លូវគ្រាន់តែចម្អែតក្រពះបានមួយថ្ងៃ។ និយាយបែបម្យ៉ាងទៀត គឺជាជីវិតម្ង៉ៃកាត់ ម្ង៉ៃកោរ រកមួយថ្ងៃ ដើម្បីរស់មួយថ្ងៃ។
ក្រៅពីក្រុមយុវជនអាហ្រ្វិកដែលរស់ក្នុងទ្វីបអាហ្រ្វិក និងក្រុមយុវជនអាហ្រ្វិករស់នៅបរទេស ជំនួបកំពូលប៉ាណាហ្រ្វិកលើកទី៤ឆ្នំានេះក៏មានការចូលរួមពីសំណាក់តារាចម្រៀងអាហ្រ្វិកល្បីៗ ព្រមទំាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាច្រើនរូបទៀតដែរ។ អ្វីដែលជំនួបកំពូលនេះចង់ទាញកន្រ្តាក់អារម្មណ៍ពិភពលោកឲ្យចូលរួមជួយគិតគូរបន្ថែមនោះ គឺកំណើនយុវជនអត់ការងារធ្វើនៅក្នុងទ្វីបអាហ្រ្វិក។ អ្វីដែលសំខាន់នៅក្នុងជំនួបកំពូលនោះ គឺការដោះដូរបទពិសោធន៍ និងការចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញ ទៅមករវាងយុវជនអាហ្រ្វិកដែលកំពុងរស់ក្នុងស្រុក និងយុវជនអាហ្រ្វិកដែលបានចេញទៅរស់នៅបរទេស ឬមួយក៏មានកំណើតធំដឹងក្តីនៅបរទេស។
តើវត្តមានយុវជនគ្មានការងារធ្វើនៅទ្វីបអាហ្រ្វិកសព្វថ្ងៃ ជាកំហុសរបស់យុវជនខ្លួនឯង ឬមួយក៏ជាកំហុសរបស់រដ្ឋាភិបាលដែលមិនបានចូលរួមជួយគិតគូរឲ្យបានដិតដល់ក្នុងបញ្ហានេះ?។ មានចម្លើយពីរខុសគ្នាចំពោះសំណួរនេះ នៅម្ខាង គេមិនញញើតនឹងទម្លាក់កំហុសដាក់រដ្ឋាភិបាលដែលគ្មាននយោបាយច្បាស់លាស់ ឬមួយក៏ថា គិតគូរមិនបានពេញលេញក្នុងការបង្កើតការងារឲ្យពលរដ្ឋរបស់ខ្លួន។ ជាទូទៅ រដ្ឋាភិបាលក្នុងទ្វីបអាហ្រ្វិកច្រើនផ្តោតតែសំខាន់លើការផ្តល់ជំនួយដោយផ្ទាល់ដើម្បីជួយលើកតម្កើងជីវភាពរបស់ពលរដ្ឋខ្លួន។ ទង្វើនេះពិតជាមិនខុសទំាងស្រុងទេ តែអ្វីដែលរដ្ឋាភិបាលគួរតែគិតជាអាទិភាពនោះ គឺការអភិវឌ្ឍន៍នៅក្នុងវិស័យណាដែលចូលរួមជួយផ្តល់សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការបង្កើតការងារឲ្យពលរដ្ឋរបស់ខ្លួន។
រីឯមតិមួយទៀតយល់ឃើញថា ភាពអត់ការងារធ្វើរបស់ក្រុមយុវជនអាហ្រ្វិក គឺជាកំហុសរបស់យុវជនខ្លួនឯងផ្ទាល់ដែលមិនព្រមព្យាយាមខ្នះខ្នែងខ្លួនឯង ដោយរង់ចំាតែរដ្ឋាភិបាលរកការងារឲ្យធ្វើស្រាប់ៗ។ អ្វីដែលគេចង់និយាយត្រង់ចំណុចនេះគឺថា យុវជនគួរតែរួមគ្នាបង្កើតចេញនូវគំនិត និងគម្រោងអ្វីមួយដោយខ្លួនឯង ជាជាងអង្គុយចំាតែការងាររត់មករកខ្លួន ព្រោះថា រដ្ឋាភិបាលពិតជាមិនអាចបង្កើតការងារគ្រប់គ្រាន់សម្រាប់ទំាងអស់គ្នាបានទេ។ វាមិនខុសអ្វីពីសុភាសិតមួយដែលនិយាយថា ជួយខ្លួនឯងសិន ទើបព្រះជួយនោះទេ ឬមួយក៏ថា វាគ្មានអ្វីប្រសើរជាងខ្លួនទីពឹងខ្លួននោះទេ។
តាមរយៈមតិយល់ឃើញទំាងពីរខាងលើនំាឲ្យគេទាញបានចំណាប់អារម្មណ៍ផ្លូវកណ្តាលមួយថា រដ្ឋាភិបាលនៅតែជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់យុវជនអត់ការងារធ្វើទំាងនោះ។ ចង់ ឬមិនចង់ រដ្ឋាភិបាលត្រូវតែចូលរួមគិតគូរឲ្យខ្លំាងក្លាបន្ថែមទៀត ព្រោះថា គឺក្រុមយុវជននេះឯងជាកម្លំាងមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម គឺកម្លំាងរបស់ក្រុមយុវជននេះហើយដែលជាសសរទ្រូងរបស់ប្រទេសជាតិ។ រដ្ឋាភិបាលត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងទំាងអស់ដើម្បីបញ្ចៀសវិបត្តិសង្គម វិបត្តិសង្គមដែលកើតចេញពីភាពក្រីក្រដោយសារតែគ្មានការងារធ្វើនោះឯង។
វាពិតណាស់ថា បើគេនិយាយជាលក្ខណៈទូទៅ ចំនួនយុវជនដែលមានសញ្ញាប័ត្រខ្ពស់ តែមិនអាចរកការងារធ្វើបាននោះ មិនមែនមានតែនៅក្នុងទ្វីបអាហ្រ្វិកមួយឯណា គឺមានតែនៅគ្រប់ប្រទេសទំាងអស់ក្នុងលោក រាប់បញ្ចូលទំាងប្រទេសអភិវឌ្ឍមានសេដ្ឋកិច្ចជឿនលឿនទៀតផង។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា នៅពេលដែលមានប្រទេសមួយចំនួនបានកាត់បន្ថយភាពក្រីក្ររបស់ខ្លួនបានយ៉ាងច្រើនគួរឲ្យកោតសរសើរនាសតវត្សទី២១ នេះ អាហ្រ្វិកនៅបន្តជាទ្វីបដែលមានប្រជាជនរស់ក្រោមខ្សែបន្ទាត់ក្រីក្រយ៉ាងច្រើននៅឡើយនាពេលសព្វថ្ងៃ។ ប្រជាជនអាហ្រ្វិកក្រីក្រជាងគេរកចំណូលបានជាមធ្យមចំនួនតែ ៧០សេនដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់រស់ ពោលគឺគ្រាន់បើជាងបន្តិច បើធៀបនឹង ២០ឆ្នំាមុន។
នៅក្នុងចំណោមប្រទេសអាហ្រ្វិកទំាងអស់ មានប្រមាណជា ១០ប្រទេសឯណោះដែលចំណូលជាមធ្យមប្រចំាថ្ងៃបានធ្លាក់ដល់ ៥០សេនដុល្លារផងក៏មាន។ រីឯនៅក្នុងប្រទេសចិនដែលធ្លាប់មានស្ថានការណ៍ដូចអាហ្រ្វិកបច្ចុប្បន្ន ស្រាប់តែបានផ្តើមងើបឡើងកាលពីប៉ុន្មានឆ្នំាមុននេះ ដោយមានប្រជាជនចិនតិចណាស់ដែលរកចំណូលបានតិចជាង ១ដុល្លារ ២០សេនក្នុងមួយថ្ងៃនោះ។ ហើយចាប់ពីពេលនេះ ទៅទល់នឹងឆ្នំា ២០២០ នឹងគ្មានប្រជាជនចិនណាម្នាក់ដែលរកចំណូលបានជាមធ្យមតិចជាង ១ដុល្លារ ២០សេនក្នុងមួយទៀតឡើយ។ តែសម្រាប់នៅអាហ្រ្វិកឯណោះវិញ អាហ្រ្វិកត្រូវការពេលយ៉ាងតិច ២០ឆ្នំាបន្ថែមទៀតដើម្បីអាចឲ្យប្រជាជនខ្លួនរាប់លាននាក់ងើបផុតពីខ្សែបន្ទាត់នៃភាពក្រីក្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ