បារាំង-អាល្លឺម៉ង់ប្រារព្ធខួបមិត្តភាព៥០ឆ្នាំ
២២ មករា ១៩៦៣ - ២២ មករា ២០១៣ ថ្ងៃនេះជាខួប៥០ឆ្នាំគត់ ថ្ងៃចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពបារាំង-អាល្លឺម៉ង់ ដែលមានឈ្មោះថា “សន្ធិសញ្ញា អេលីហ្សេ”។ ខួបឆ្នាំ៥០ឆ្នាំ ជាធម្មតាគួរតែជាពិធីបុណ្យដ៏ធំ ប៉ុន្តែការប្រារព្ធពិធីឆ្នាំនេះ ធ្វើឡើងក្នុងបរិបទមួយដែលមេដឹកនាំប្រទេសទាំងពីរហាក់មិនសូវស៊ីចង្វាក់ ក្នុងសំណុំរឿងជាច្រើន និងគ្មានផែនការអនាគតសំខាន់ៗរួមគ្នាសោះ ទោះបីជារដ្ឋទាំងពីរខំបង្ហាញរូបភាពរក្សាទំនាក់ទំនងមិត្តភាពឱ្យមានស្អិតល្មួតនឹងគ្នាដដែលយ៉ាងណាក៏ដោយ។ តើអ្វីទៅជាសន្ធិសញ្ញាមិត្តភាពបារាំង-អាល្លឺម៉ង់ ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤០
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសាធារណរដ្ឋបារាំង បានព្រមព្រៀងទ្វេភាគីលើសន្ធិសញ្ញាមិត្តភាព Elysée ដោយមានការចុះហត្ថលេខារវាង ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ Konrad Adenauer និងប្រមុខរដ្ឋបារាំង Charles de Gaulle នៅថ្ងៃទី២២មករា ឆ្នាំ១៩៦៣។ សន្ធិសញ្ញានេះ ការបិទបញ្ចប់ភាពជាសត្រូវសួរពូជស៊ីសាច់ហុតឈាមគ្នា និងបិទបញ្ចប់សង្គ្រាមបារាំងអាល្លឺម៉ង់ឆ្នាំ១៨៧០ សង្គ្រាមលោកលើកទីមួយ (១៩១៤-១៨) សង្គ្រាមលោកលើកទីពីរ (១៩៣៩-៤៥)។ មិនតែប៉ុណ្ណោះសន្ធិសញ្ញានេះ បានជំរុញឱ្យប្រទេសទាំងពីរធ្វើសហប្រតិបត្តិការរួមគ្នាក្នុងវិស័យជាច្រើនទៀត តាំងពីទំនាក់ទំនងអន្តរជាតិ ការពារជាតិ រហូតដល់វិស័យអប់រំ។ មិនមែនត្រឹមតែប្រមុខដឹកនាំប្រទេសមានទំនាក់ទំនងល្អនឹងគ្នា ប្រជាពលរដ្ឋបារាំងនិងអាល្លឺម៉ង់ក៏ចាប់ផ្តើមផ្សះផ្សាគ្នាឡើងវិញដែរ។ ទំនាក់ទំនងទ្វេភាគីល្អ ដែលក្លាយជាម៉ាស៊ីន និងឧទារណ៍ល្អក្នុងការបង្កើតសហភាពអឺរ៉ុប។
រហូតមកដល់ខួបទី៤០ឆ្នាំ មិត្តភាពបារាំង-អាល្លឺម៉ង់ រឹតតែរឹងមាំ និងមានទម្រង់កិច្ចប្រតិបត្តិការថ្មី ពោលគឺជំនួបក្រុមប្រឹក្សារដ្ឋមន្ត្រីប្តូរមកជាជំនួបកំពូលបារាំង-អាល្លឺម៉ង់ រៀបចំធ្វើជារៀងរាល់ពីឆ្នាំម្តង។ ប៉ុន្តែតាំងពីលោកហ្វ្រង់ស័រហូឡង់ ជាប់ឆ្នោតជាប្រធានាធិបតីមក ចំណងមិត្តភាពបារាំងនិងអាល្លឺម៉ង់ហាក់ដូចជាមិនសូវរលូនសោះ ព្រោះម្យ៉ាងមកពី ប្រមុខរដ្ឋទាំងពីរមាននិន្នាការនយោបាយផ្ទុយគ្នា និងម្យ៉ាងទៀតមកពី ក្នុងសម័យលោកនីកូឡា សាកូហ្ស៊ី ជាប្រធានាធិបតី មិត្តភាពបារាំង-អាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាល្អូកល្អើនខ្លាំងណាស់។ លោកស្រីAnglela Merkel បានទាំងគាំទ្រដោយផ្ទាល់បេក្ខភាពលោកនីកូឡាសាកូហ្ស៊ី នាសម័យកាលឃោសនាបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០១២ផង។
យ៉ាងណាក៏ដោយ ក៏ពេលនេះទាំងលោកស្រី Merkel ទាំងលោក Hollande ទាំងពីរនាក់បានខិតខំធ្វើការរួមគ្នា ព្រោះសុទ្ធជាមនុស្សសាច់ការ ចូលចិត្តជជែកពិភាក្សាគ្នា និងចេះសម្របសម្រួលគ្នា។ បើតាមប្រភពការទូតស្និទ្ធនឹងមេដឹកនាំទាំងពីរ គ្មានភាពល្អូកល្អើន ដូចគូ Merkel-Sarko មែន ប៉ុន្តែ ដៃគូ Merkel-Hollande កំពុងរៀនស្គាល់គ្នាទៅវិញទៅមក។ ខួបលើកទី៥០ឆ្នាំនេះ ជាឱកាសជួបគ្នាមួយទល់នឹងមួយ របស់ប្រមុខដឹកនាំទាំងពីរ ក្នុងការលើកយកសំណុំរឿងអន្តរជាតិដូចជាបញ្ហាសង្គ្រាមនៅម៉ាលី សំណុំរឿងថវិកាអឺរ៉ុប មកពិភាក្សាគ្នា ឱ្យឆ្ងាយពីក្បាលមីក្រូ និងកាមេរ៉ាអ្នកយកព័ត៌មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ