អានតួអត្ថបទ
អាហ្រ្វិកខាងត្បូង-BRICS

BRICS បើក​ជំនួបកំពូល​លើកទី ៥ នៅ Durban អាហ្រ្វិកខាងត្បូង

នៅ​ថ្ងៃ​អង្គារ ទី២៦ មីនា ថ្នាក់ដឹកនំា​នៃ​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លំាង ហៅកាត់​ថា Brics បាន​ចាប់​ផ្តើម​ជំនួប​កំពូល​លើកទី ៥ រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ទីក្រុង Durban ប្រទេស​អាហ្រ្វិកខាងត្បូង។ Brics ដែល​មាន​សមាជិក ៥ប្រទេស​គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្រ្វិក​ខាងត្បូង។ នៅ​ក្នុង​ចំណោម​ប្រធានបទ​សំខាន់ៗ​ដែល Brics ត្រូវ​លើក​យក​ទៅ​និយាយ​រួម​មាន កិច្ចសហប្រតិបត្តិការ​ជាមួយ​ទ្វីបអាហ្រ្វិក និង​ការ​បង្កើត​ធនាគារ​អភិវឌ្ឍន៍​​អន្តរជាតិ​មួយ​ដាច់​ដោយ​ឡែក​របស់​ខ្លួន។

BRICS បើក​ជំនួបកំពូល​លើកទី ៥ នៅ Durban អាហ្រ្វិកខាងត្បូង
BRICS បើក​ជំនួបកំពូល​លើកទី ៥ នៅ Durban អាហ្រ្វិកខាងត្បូង REUTERS/Rogan Ward
ផ្សាយពាណិជ្ជកម្ម

« កិច្ចសហប្រតិបត្តិការ​ជាមួយ​ទ្វីបអាហ្រ្វិក » នេះ​ជា​ប្រធានបទ​នៃ​ជំនួបកំពូល​លើកទី៥ នៃ​ក្រុម​ប្រទេស Brics ក្នុង​ទីក្រុង Durban ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ជម្រើស​អាហ្រ្វិក​ខាងត្បូង​ដែល​មិន​មែន​ជា​ជម្រើស​មួយ​ចៃដន្យ​ឡើយ ព្រោះ​ជា​ប្រទេស​ចុង​ក្រោយ​ដែល​ទើប​ក្លាយ​ជា​សមាជិក​របស់ Brics។ ម្យ៉ាង​ទៀត អាហ្រ្វិក​ខាងត្បូង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ជា​អ្នក​នំា​ពាក្យ​ឲ្យ​ទ្វីបអាហ្រ្វិក​ទំាង​មូល។ អាហ្រ្វិក គឺ​ជា​ទ្វីប​មួយ​ដែល​បាន​និង​កំពុង​ទទួល​ឥទ្ធិពល​ពី​ក្រុមប្រទេស Brics កាន់​តែ​ខ្លំាង​ឡើងៗ និង​ដែល​នៅ​ប៉ុន្មាន​ឆ្នំា​ខាង​មុខ ទ្វីប​អាហ្វ្រិក​អាច​នឹង​ក្លាយ​ជា​ដៃគូ​ទីមួយ​របស់​ក្រុម​ប្រទេស Brics ផ្តាច់​ចេញ​ពី​ដៃគូ​ប្រពៃណី​ជាមួយ​អឺរ៉ុប អាមេរិក និង​ប្រទេស​ជប៉ុន។

តំាង​ពី​ថ្ងៃ​ចាប់​កំណើត​ក្នុង​ឆ្នំា ២០០៩ មក​ដល់​បច្ចុប្បន្ន ក្រុមប្រទេស Brics បាន​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ។ មហិច្ឆតា​នេះ​បាន​ស្តែង​ឡើង​តាម​រយៈ​សក្តានុពល ៣ របស់ Brics ទីមួយ គឺ​ធនធាន​មនុស្ស បើ​គេ​បូក​សរុប​ទំាង ៥​ប្រទេស​បញ្ចូល​គ្នា ក្រុមប្រទេស Brics បាន​ស្រូប​យក​ដល់​ទៅ ៤៣% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​លោក។ ទីពីរ គឺ​ទំហំផ្ទៃដី បើ​គេ​បូក​សរុប​ទំាង ៥​ប្រទេស​បញ្ចូល​គ្នា ក្រុមប្រទេស Brics បាន​ស្រូប​យក​ដល់​ទៅ ២៥% នៃ​ផ្ទៃក្នុង​ពិភពលោក និង​សក្តានុពល​ទី៣ គឺ​កំណើន​សេដ្ឋកិច្ច ក្រុមប្រទេស Brics បាន​ស្រូប​យក​ប្រមាណ​ជា ៤០% នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ហើយ​បើ​តាម​ការ​ព្យាករណ៍​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កំណើន​នេះ​នឹង​អាច​កើន​រហូត​ដល់​ទៅ​ជាង ៦០% នៅ​ក្នុង​ឆ្នំា ២០១៤ ខាង​មុខ។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួបកំពូល​​លើកទី៥ របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង​ពេល​នេះ ក្រុមប្រទេស Brics កំពុង​ពិចារណា​ពី​គម្រោង​បង្កើត​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​ដាច់​ដោយ​ឡែក​មួយ​របស់​ខ្លួន។ តាម​រយៈ​គម្រោង​នេះ​បាន​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុមប្រទេស Brics មិន​ចង់​បន្ត​ពឹង ឬ​មួយ​ក៏​បន្ត​ចំណុះ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេង​ទៀត ដូច​យ៉ាង​ធនាគារ​ពិភពលោក ឬមួយ​ក៏​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ដែល​កំពុង​ដឹកនំា​ដោយ​ក្រុម​ប្រទេស​លោកខាងលិច។

តាម​គម្រោង ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ក្រុមប្រទេស Brics នឹង​ត្រូវ​មាន​មូលធនបម្រុង​ដំបូង​ចំនួន ៥០ ០០០លានដុល្លារ ដោយ​វិភាគទាន​ចូលរួម​របស់​សមាជិក​នីមួយៗ​ចំនួន ១០ ០០០លានដុល្លារ។ មូលធនបម្រុង​នៅ​ក្នុង​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​នេះ គឺ​ទុក​សម្រាប់​ជួយ​បំពេញ​តម្រូវការ​របស់​ប្រទេស​សមាជិក​យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍ ព្រម​ទំាង​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ផ្សេង​ផង​ដែរ។ ជា​រួម ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ក្រុមប្រទេស Brics ចង់​ដើរ​តួនាទី​ដូច​ជា​ធនាគារ​ពិភពលោក ឬមួយ​ក៏​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​អ៊ីចឹង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ