អានតួអត្ថបទ

កម្ពុជា​ប្រារព្ធ​ខួប៦០ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យជាតិ​ក្នុង​បរិបទ​នៃ​វិបត្តិ​នយោបាយ​

ទិវា​បុណ្យ​ឯករាជ្យ​​ជាតិ​ ៩​វិច្ឆិកា​ឆ្នាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ ជាង​ឆ្នាំ​មុនៗ​ដោយសារ​តែ​ឆ្នាំនេះ​ជាខួប​ទី​ ៦០​ ឆ្នាំ​ (៩វិច្ឆិកា​ ១៩៥៣-​៩វិច្ឆិកា​ ២០១៣ )។​ ក្រៅ​ពី​ដាក់កម្រង​ផ្កា​ និង​​ប្រទាន​ព្រះភ្លើង​ជ័យ​នៅ​ឯ​វិមាន​ឯករាជ្យ​ ដោយ​ព្រះមហាក្សត្រ​ ក៏​មាន​ដែរ​ពិធី​ជួបជុំ​ប្រារព្ធ​អង្គមិទ្ទិញ​នៅ​មុខ​ព្រះបរមរាជវាំង​។ ​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យមានការ​​រួបរួម​គ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ។

ព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រី ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា ឆ្នាំ២០១៣។
ព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រី ចូលរួម​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា ឆ្នាំ២០១៣។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

 

តាំងពីព្រឹកព្រលឹម ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាង ទៅ​ដល់​វិមានឯករាជ្យដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកសេ្នហាជាតិ និង​ប្រទាន​ភ្លើង​ជ័យ​ដែល​ជា​និមិត្តរូប​នៃពិធីបុណ្យ​ឯករាជ្យ​ជាតិ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាប័ន​ជាតិ​កំពូលៗ​រួម​ទាំង​អង្គទូត​នានាផង​ក៏បាន​ទៅ​ចូល​រួម​ក្នុង​ពីធី​នេះ​ដែរ។​ វត្តមាន​នៅ​ក្នុងពិធីនោះមាន លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរដ្ឋាភិបាល ប៉ុន្តែ គ្មានវត្តមានលោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ទេទំនងជាដោយសារបញ្ហាសុខភាព។ បន្ទាប់មក ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការ​ទាំងអស់ក៏បានទៅចូលរួមក្នុងពិធីមិទ្ទិញនៅមុខព្រះបរមរាជវាំង។

ក្នុងព្រះរាជសុន្ទរកថាទៅកាន់មហាជន សម្តេច​ព្រះបរមនាថ​បាន​រម្លឹក​ឡើង​វិញ​​ពី​ប្រវត្តិ​នៃ​ការទាមទារ​ឯករាជ្យ​ជាតិ​ពីប្រទេសបារាំង​ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​អតីត​ព្រះមហាក្សត្រ​ សម្តេច​ព្រះ នរោត្តម សីហនុ។​ ពិធីបុណ្យ​ឯករាជ្យ​ជាតិឆ្នាំនេះ​មាន​សភាព​អធិកអធម​ជាង​ឆ្នាំ​មុនៗ​ ប៉ុន្តែ​ ទិវា​នេះ​ក៏បាន​កើត​ឡើង​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត។​ គ្មាន​ទេវត្តមាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ពិធី​នោះ។​

គណបក្ស​ប្រឆាំង​ដែល​ទទួលបាន​ ៥៥​ កៅអី​ក្នុង​រដ្ឋសភា​បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃការបោះឆ្នោត​និង​មិន​បាន​ចូល​ប្រជុំ​សភា​រហូតមក។ ​យ៉ាងណា​ក៏ដោយ​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ ៦៨​ កៅអី​ក្នុង​សភាបាន​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល​រួច​ហើយ​ក្រោម​ព្រះរាជ​វត្ត​មាន​របស់​ព្រះមហាក្សត្រ។​

ថ្លែង​សុន្ទរកថា​ក្នុង​អង្គ​មិន្ទិញ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អះអាង​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី៥ ​នេះ​ជា​រដ្ឋាភិបាល​ស្របច្បាប់​និង​កើត​ចេញ​ពី​ប្រជាជន​បោះឆ្នោត​គាំទ្រ​ ហើយ​រដ្ឋាភិបាល​ នឹង​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​វិញ។​ ប្រហែលជាក្នុង​បរិបទ​នៃការ​បែកបាក់​នយោបាយ​នេះហើយ​បាន​ជា​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ជាថ្មី​ទៀត​ឲ្យ​ខ្មែរ​រួបរួមគ្នា​ដើម្បី​ការរីក​ចម្រើន​របស់ប្រទេស​ជាតិ។​

គួរបញ្ជាក់​ដែរ​ថា ​ថ្ងៃ​៩វិច្ឆិកា​នេះក៏ជា​ថ្ងៃ​ប្រារព្ធ​ខួប​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ។​ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​៩​ វិច្ឆិកា​ឆ្នាំ​នេះ​ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បរិបទ​ដែល​ អតីត​ព្រះមហាក្សត្រ ​សម្តេច​ឳនរោត្តម​ សីហនុ ​ដែល​ជា​តួអង្គ​អ្នក​ទាមទារ​ឯករាជ្យ​ និង​ជានិមិត្តរូប​នៃ​ការផ្សះផ្សារ​បង្រួប​បង្រួម​ជាតិនៅ​កម្ពុជា​គ្មាន​វត្តមាន​នៅលើលោកនេះ ទៀតឡើយ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ