អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

៧៥ឆ្នាំមុន ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ FMI បាន​ត្រូវ​បង្កើត​ឡើង​ ក្នុង​គោល​បំណង​រៀបចំ​កសាង​​សេដ្ឋកិច្ច​ពិភពលោក ក្រោយ​ងើប​ចេញពីសង្គ្រាម​លោកលើកទី២ ហើយ​ជាពិសេស​គឺ​ជួយ​រំដោះ​ប្រទេសតតិយ​លោក ឱ្យដើរងើប​ចេញពីភាព​​ក្រីក្រ​។ ក៏ប៉ុន្តែ ជាង​៧ទសវត្សរ៍កន្លងទៅហើយ ប្រជាជន​ក្រីក្រ​នៅលើលោក គឺនៅ​តែ​មាន​ច្រើន ហើយ​ស្ថាប័នអន្តរជាតិ​ទាំងពីរ​នេះ ក៏​ត្រូវ​ប្រឈមមុខ​​នឹង​ឧបសគ្គ​ថ្មីថែម​ទៀត។ នោះគឺវិបត្តិ​​គ្រោះទុរភិក្ស​ដោយសារ​សង្គ្រាម, ការ​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ផ្លាស់ទី​លំនៅ​ដោយសារ​តែ​ភាព​ក្រក្រី។

ការិយាល័យ​កណ្តាល​របស់​ធនាគារពិភពលោក នៅ Washington
ការិយាល័យ​កណ្តាល​របស់​ធនាគារពិភពលោក នៅ Washington Wikimédia
ផ្សាយពាណិជ្ជកម្ម

នៅ​រដូវ​ក្តៅ​ ឆ្នាំ​១៩៤៤ ប្រទេស​មហាអំណាច​ធំៗ​នៃ​បស្ចិមលោក បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​មួយ ដើម្បី​កំណត់​និងគ្រប់គ្រង​ប្រព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​ ជៀសវៀង​ការ​ចលាចល​រូបិយវត្ថុ​ ហើយ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។ ប្រតិភូ​ធំៗ​ ជាង​៧០០នាក់  ​ប្រជុំ​ជជែកគ្នា​អស់​ជាង​៣សប្តាហ៍​ ទម្រាំតែ​​យល់ព្រម​គ្នា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​​ ដែលគេហៅថា​កិច្ចព្រមព្រៀង Bretton Woods ធ្វើ​​នៅ​រដ្ឋ New Hampshire ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។

នៅពេល​​នោះ​ គេ​សម្រេច​យក​ប្រាក់​ដុល្លារអាមេរិក​ គឺជា​រូបិយវត្ថុ​គោល​ ហើយ​ដែលត្រូវ ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ FMI  ជាអ្នក​មើល​ការ​ខុសត្រូវ វាយ​តម្លៃ​ និងជាអ្នក​កំណត់​អត្រា​ប្តូរប្រាក់​ ជាដើម​។​ ចំណែក ធនាគារ​ពិភពលោក មាន​តួនាទី ជួយជ្រោម​ជ្រែង​​កសាងប្រទេស​តតិយលោក ឬប្រទេស​ក្រីក្រ ឱ្យជួប​ការ​អភិវឌ្ឍ។​

ឈរ​លើ​គោល​បំណងនេះ មនុស្ស​ជាង​១ពាន់​លាន​ បាន​ងើប​ចេញពីភាព​ក្រីក្រ​​។ នេះបើតាម​ការ​អះអាង​របស់​លោក David Lipton នាយកស្តីទី​នៃ​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ FMI ។ លោក​បន្ត​ថា កំណើន​ផលិតផល​ក្នុងពិភព​សរុប​ សម្រាប់​​មនុស្ស​ម្នាក់ គឺបាន​កើនឡើង​គុណ​៥ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៤៥ ឆ្នាំ​ដែល​សង្គ្រាម​លោកលើកទី២ ​​ផុត​រលត់​ទៅ​។​

ក៏​ប៉ុន្តែ ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ គឺនៅតែ​ត្រូវ​ជួប​នឹង​ការ​លំបាក​ច្រើន​បន្ថែមទៀត នាពេល​បច្ចុប្បន្ន​នេះ។ ជា​ពិសេស​គឺការ​ប្រយុទ្ធប្រឆាំង​នឹងភាព​ក្រីក្រ គ្រោះ​ទុរភិក្ស ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​ប្រដាប់​អាវុធ និង​បម្រែបម្រួល​អាកាសធាតុ ដែល​ជាកត្តា​ធំៗ​នាំឱ្យ​ ​មនុស្ស​រាប់​លាន​នាក់​ ភៀស​ខ្លួន​ ឆ្លងទ្វីប ឬ​​ផ្លាស់​ទី​លំនៅ រត់​ចោល​ផ្ទះ​សម្បែង​។

បើ​តាម​ទិន្នន័យ​ពី​ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ, និង​បើ​និយាយ​តែ​ពី​ទ្វីប​អាហ្វ្រិក​មួយ, ក្នុង​នៅឆ្នាំ២០១៧ គឺមាន​ជន​ភៀសខ្លួន​ និង​ចាកចោល​ផ្ទះ​សម្បែង​​ ជាង​១៨លាន​នាក់​។

ធ្ងន់ធ្ងរ​ជាង​នេះ បើ​តាម​ការ​ព្យាករ គឺ​នៅ​ក្នុង​ឆ្នាំ​២០៥០ខាងមុខ​ ជន​ភៀសខ្លួន​ ដោយសារតែ​ផលវិបាល​នៃការ​ប្រែប្រួល​អាកាសធាតុ នឹង​​កើត​ឡើង​ ជាង​១៤៣លាន​នាក់។ ពួក​គេ​ទាំងនោះ​​ភៀស​ខ្លួន​ចេញ​ពី​អាហ្វ្រិក អាមេរិក​ឡាទីន និង​អាស៊ី​អាគ្នេយ៍​។ មូលហេតុ​ចម្បងនៃការ​ភៀស​ខ្លួនចោល​ស្រុក​​នោះ គឺ​​ដោយសារតែ​ធ្វើ​កសិកម្ម គ្មាន​បា​នផល, ខ្វះ​ទឹក ឬក៏​​គ្រោះ​ទឹក​ជំនន់។ ទឹក​ជំនន់​ដែល​កើត​ឡើង​ពីការ​រលាយ​ទឹក​កក នៃកម្ពស់​នីវូ​ទឹក​សមុទ្រ​ជាដើម។

ការ​លំបាក​នេះ​នឹង​ពឹតតែ​ធ្ងន់ធ្ងរ ប្រសិន​បើ​គេ​គ្មាន​មធ្យោបាយ​ដោះស្រាយ​ឱ្យ​សមស្រប​ចាប់ពី​ពេល​នេះ​នោះទេ។​ ឧបសគ្គ​ទាំង​នោះ ​ត្រូវ​ធ្លាក់​លើ​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​នេះ ដែល​មាន​តួនាទី​ចម្បង​មួយ​ដែរ ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

ទន្ទឹមនេះ ធនាគារពិភពលោក និងស្ថាប័នរូបិយវត្ថុអន្តរជាតិ ត្រូវ​រងការ​រិះគន់​ផ្សេងទៀត ទៅលើ​ដំណើរ​ការ​ដឹកនាំ។ តួយ៉ាង អ្នក​ជំនាញ​គេ​មើលឃើញថា ធនាគារពិភពលោក ត្រូវ​ដឹកនាំ​គ្រប់​គ្រង​តែ​ដោយ​អាមេរិក ហើយ​​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ក៏​ដឹកនាំ​ញាក់​ខ្សែ​ដោយ​អឺរ៉ុប តែ​រហូត​មក។

ចំពោះ​ការ​អនុវត្ត​គម្រោងនៅប្រទេស​ក្រីក្រ​មួយចំនួនទៀត​សោត​ ធនាគារពិភពលោក ត្រូវ​អង្គការ​សិទ្ធិមនុស្ស​និងសមាគម​ការពារ​បរិស្ថាន​ ថ្កោលទោស​ថា​​មិន​បាន​គិត​គូរ​ឱ្យ​ល្អិត​ល្អន់​ពីផល​ប៉ះពាល់​នៃ​បរិស្ថាន និង​សង្គម។ លើសពីនេះ អ្នក​ខ្លះចោទថា ស្ថាប័ន​ទាំង​នេះ គិតគូរ​តែ​ពីរឿង​ខ្ចីបុល សង​បុល មិន​បាន​សាច់​ការ​អ្វីជាក់​ស្តែង​ច្រើន​ ហើយ​ពេល​ខ្លះ មាន​អំពើ​ពុករលួយ​ក្នុង​ដំណើរ​ការខ្ចីប្រាក់ទៀត​ផង​។ កាន់តែ​ជ្រុល​ទៅទៀត គឺ​មាន​អ្នក​គេរិះគន់​ថា ស្ថាប័ន​អន្តរជាតិទាំង​នេះ ផ្តល់​កម្ចី​ដល់​ប្រទេស​ដែល​ពុករលួយ​និង​ផ្តាច់​ការ​ ហើយថែមទាំង​ឱ្យ​ចិន​ខ្ចីបុល​​ទៀត បើទោះបី​ជាចិន​គឺ​មហាអំណាច​សេដ្ឋកិច្ច​ ទី២​ទៅ​ហើយក្តី​។

ទោះយ៉ាងណាក៏ដោយចុះ នាយកធនាគារពិភពលោក  លោក David Malpass  បាន​អះ​អាងថា រយៈកាលជាង៧០ឆ្នាំមកនេះ តុល្យការជាទូទៅរបស់ធនាគារពិភពលោក គឺល្អ និងស្ថិតលើផ្លូវវិជ្ជមាន។ បើតាមការបញ្ជាក់របស់នាយកធនាគារពិភពលោក ដដែល គឺ​អាយុសង្ឃឹមរស់របស់ពលរដ្ឋក្នុងលោក បានកើនឡើងជាងមុន, អត្រា​មរណភាពទារកនិងមាតាថយចុះ, កុមារក៏បានទទួលការអប់រំច្រើន និងល្អ​ជាងមុនដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ