ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/04 12h00 GMT
អាស៊ី

អង្គការ​សុខភាព​ពិភពលោក​៖​ផ្សែងពុល​ក្នុង​បរិយាកាស​សម្លាប់​មនុស្ស ​៧​លាន​នាក់

media  
ខ្យល់​ពុល​ក្នុង​បរិយាកាស​នៅទីក្រុង​សៀងហៃ ©REUTERS/Aly Song

មនុស្ស​៧​លាន​នាក់​បាន​ស្លាប់​មុន​អាយុ នៅ​ឆ្នាំ ២០១២ ដោយសារ​ផ្សែងពុល​ក្នុង​បរិយាកាស។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ចុះផ្សាយ កាលពី​ថ្ងៃអង្គារ​ទី ២៥ មីនា។ ប្រទេស​ដែល​មាន​ប្រាក់ចំណូល​តិចតួច ដូចជា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​រងផល​ប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​តែ​ផ្សែងពុល​ក្នុង​បរិយាកាស។

ក្នុង​ឆ្នាំ ២០១២ មនុស្ស​៣​លាន​៧​សែននាក់​ស្លាប់​ដោយសារ​ជម្ងឺ ដែល​បណ្តាល​មក​ពី​ខ្យល់ពុល នៅខាងក្រៅផ្ទះ នៅក្នុង​ពេល​មនុស្ស​ជាង​៤​លាន​នាក់​ផ្សេងទៀត ស្លាប់​ដោយសារ​ផ្សែងពុល ដែល​បង្ក​ឡើង​ក្នុង​ផ្ទះ។ និយាយ​ឲ្យ​ចំ ផ្សែងពុល​ដែល​កើត​ចេញ​ពី​ផ្សែង​ចង្រ្កាន ដែល​ឆេះ​ដោយអុស ធ្យូង ឬ​ផ្សែង​ដែល​ចេញ​មក​ពី​ម៉ាស៊ីន​កំដៅ​ផ្សេងៗ ដែល​មាន​នៅក្នុង​ផ្ទះ។

 

តាម​អ្នកជំនាញ​សុខភាព​គ្រួសារ​របស់​អង្គការ​សុខភាព​ពិភពលោក ស្រ្តី និង​កុមារ​ជា​អ្នក​រងគ្រោះ​​ច្រើន​ជាងគេ ដោយ​ផ្សែងពុល​ក្នុង​ផ្ទះ ដោយ​មូលហេតុ​មក​ពី​ពួកគេ​ចំណាយ​ពេល​ច្រើន​នៅក្នុង​ផ្ទះ និង​ហិតស្រូប​យកផ្សែង​ពុល​ទាំងប៉ុន្មាន ដែលហើរ​ចេញ​ពី​ចង្រ្កាន​ដុតអុស។

 

អង្គការ​សុខភាព​ពិភពលោក​បាន​ធ្វើ​ការសិក្សា​ម្តង​ហើយ កាលពី​ឆ្នាំ ២០០៨ ដែល​កាលណោះ ចំនួន​មនុស្ស​ស្លាប់​ដោយ​ផ្សែងពុល​មាន​ត្រឹម​៣លាន ២​សែននាក់។ តួលេខ​នេះ​បង្ហាញ​ថា ក្នុង​រវាង​តែ​បួនឆ្នាំ ប៉ុណ្ណោះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជម្ងឺ​ដែល​បង្ក​មក​ពី​ផ្សែងពុល ក្នុង និង​ក្រៅផ្ទះ បាន​កើន​ឡើង​ទ្វេដង នៅក្នុង​ពិភពលោក​ទាំងមូល។ មិនថា ប្រទេស​អ្នកមាន ឬ​ប្រទេស​ក្រីក្រ​សុទ្ធតែ​ត្រូវ​រងគ្រោះ ប៉ះពាល់​ដោយសារ​ផ្សែងពុល ដែល​កំពុង​បៀតបៀន​សុខភាព​មនុស្ស​កាន់តែខ្លាំង។

 

អគារ​ទួ​អេហ្វែល​ហ៊ុំព័ទ្ធ​ដោយ​ផ្សែងពុល​ក្នុង​ទីក្រុង​ប៉ារីស REUTERS/Charles Platiau

តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​កាន់តែច្បាស់​ពី​ការជាប់​ទាក់ទង​គ្នា​រវាង​ផ្សែង​ពុល​បរិយាកាស និង​ជម្ងឺ​មហារីសួត ជម្ងឺបេះដូង និង​ជម្ងឺ​ផ្លូវដង្ហើម។ យោងតាម​លោកស្រី​Maria Neira ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​របស់​អង្គការ​សុខភាព​ពិភពលោក គ្រោះថ្នាក់​ជាង​ការគិត​ទៅទៀតនោះ គឺ​ផ្សែងពុល​ក្នុង​បរិកាស​អាច​បណ្តាល​ឲ្យ​មនុស្ស​កើត​ជម្ងឺ​បេះដូង និង​គ្រោះថ្នាក់​ដាច់សរសៃ​ឈាម​ខួរក្បាល។

 

កាលពីខែ​តុលា​ឆ្នាំ ២០១៣ មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បីស្រាវជ្រាវ​ជម្ងឺ​មហារីក របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​អនុសាសន៍ ស្នើ​ឲ្យ​គេ​ប្រកាស​ចាត់ទុក ផ្សែងពុល​ក្នុង​បរិយាកាស ដែល​ចេញ​ពី​ម៉ាស៊ីន​រថយន្ត ផ្សែង​រោងចក្រ​ឧស្សាហកម្ម ជាដើម ជា​ភ្នាក់ងារ បង្ក​ឲ្យ​កើតមាន​ជម្ងឺ​មហារីក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ