ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ​៨​នាក់ ដែល​សរសេរ​អក្សរ​លើ​ដំបូល​ផ្ទះ​​ស្វែង​រក​អន្តរាគមន៍​ពី​លោក អូបាម៉ា

media  
ពលរដ្ឋម្នាក់​កំពុង​បិទ​​រូបថត​លោក​អូបាម៉ា​លើ​ដំបូង​ផ្ទះ​មួយ​ © Reuters

យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ៨ នាក់ ដែលមានស្ត្រី ៦ នាក់ ត្រូវបានអាជ្ញាធរ ចាប់ខ្លួន នៅថ្ងៃ​ទី​១៥​វិច្ឆិកានេះ។ ក្រុមប្រជាពលរដ្ឋ​ទាំងនោះ ចាប់តាំង​ពី​រសៀល​ថ្ងៃ​ទី​១៤​វិច្ឆិកា​ម្សិលមិញ បានសរសេរអក្សរ និង​បិទ​រូបថត​លោក អូបាម៉ា លើ​ដំបូល​ផ្ទះ​ស័ង្កសី ដោយ​ដាក់​ថា “SOS” ដែលមាន​ន័យថា សុំ​ជំនួយ​ជាបន្ទាន់​​​ពី​​លោក អូបាម៉ា ក្នុង​បញ្ហា​ដីធ្លី នៅ​ជាប់​នឹង​របង​ព្រលាន​​យន្តហោះ​ភ្នំពេញ។

ក្រុមប្រជាពលរដ្ឋ​​ជាង ១៨០ គ្រួសារ នៅ​ជាប់​នឹង​របង​ព្រលាន​​យន្តហោះ ប្រឈម​នឹង​ការបណ្តេញ​ចេញ​​ពី​លំនៅ​ដ្ឋាន។

ប្រជាពលរដ្ឋ ចំនួន ៨ នាក់ នៅភូមិថ្មគោល ជាប់នឹងរបងព្រលានយន្តហោះក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរប៉ូលិស ចាប់ខ្លួន កាលពីព្រឹកព្រលឹម ថ្ងៃទី១៥វិច្ឆិកានេះ។ មកដល់ព្រលប់នេះ ប្រជាពលរដ្ឋទាំង ៨ នាក់ ដែលមានស្រ្តី ៦ នាក់ ត្រូវបានឃុំខ្លួន សួរចម្លើយ នៅក្នុង​សាលា​សង្កាត់កាកាប ខណៈដែលមានប្រជាពលរដ្ឋសហគមន៍ដីធ្លី និងសកម្មជនសិទ្ធិមនុស្ស រាប់​សិប​នាក់ បានប្រមូលផ្តុំនៅទីនោះ។ 

 
អាជ្ញាធរ មិនអនុញ្ញាតឲ្យសាច់ញាតិ និង​អង្គការ​សិទ្ធិមនុស្ស ចូលជួបប្រជាពលរដ្ឋទាំង ៨ នាក់ នោះឡើយ។ ស្នងការក្រុងភ្នំពេញ ទើបឡើងថ្មី លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មិនអាចទាក់ទងសុំការ​បំភ្លឺ ចំពោះការចាប់ឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះឡើយ។
 
ក៏ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានបានប្រាប់អ្នកកាសែតថា ​ប្រជាពលរដ្ឋទាំង​ ៨ ​នាក់​នោះ ត្រូវបាន​អាជ្ញាធរ ហៅមកសួរនាំ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានដើរ​បាញ់ថ្នាំ​នៅលើ​ដំបូល​ផ្ទះ​ចំនួន ​១១ ផ្ទះ។
 
អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានប្រាប់អ្នកកាសែតថា នេះ​គឺជា​ការបង្ក​អសន្តិសុខ​មួយ​យ៉ាង​ធំ ​ខណៈពេលដែល​សមត្ថកិច្ច​ កំពុងតែ​រឹតបន្តឹង​សន្តិសុខ ​ក្នុងពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​​កំពុង​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី១៥វិច្ឆិកា ​រហូតដល់​ថ្ងៃទី​២០ ​ខែវិច្ឆិកា។
 
អាជ្ញាធរ អះអាងថា ប្រជាពលរដ្ឋ​ទាំង ​៨ ​នាក់នោះ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅក្នុង​ អធិការដ្ឋាន​នគរបាល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​សួរនាំ ​និង​រង់ចាំ​ទទួលបញ្ជា​ពីថ្នាក់លើ។
កាលពីរសៀលថ្ងៃទី១៤វិច្ឆិកាម្សិលមិញ ក្រុមប្រជាពលរដ្ឋ ដែលត្រូវចាប់ខ្លួន បានសរសេរ​អក្សរ SOS សុំជំនួយបន្ទាន់ពីលោក អូបាម៉ា និងបិទរូបថត លោក អូបាម៉ា លើដំបូលផ្ទះ ដែល​នៅជាប់នឹងព្រលាន​យន្តហោះភ្នំពេញ។
 
ប្រជាពលរដ្ឋជាង ១៨០ គ្រួសារ ដែលរស់នៅជាប់នឹងរបងព្រលានយន្តហោះភ្នំពេញ ប្រឈម​នឹ​ង​​ការបណ្តេញចេញពីលំនៅដ្ឋាន។ ពួកគេបានស្វែងរកអន្តរាគមន៍ពីលោក អូបាម៉ា ឲ្យលើក​ឡើង​បញ្ហាដីធ្លី ជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់លោក មក​កាន់​កម្ពុជា​ ដើម្បីចូលរួមកិច្ចប្រជុំ ពេលនេះ។
 
សហគមន៍ដីធ្លី នៅកម្ពុជាជាច្រើនផ្សេងទៀត ក៏បានដាក់ញ្ញត្តិ និងស្នើសុំអន្តរាគមន៍ ពីលោក អូបាម៉ា ឲ្យជួយដោះស្រាយ ក្នុងបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃផងដែរ។ ក្នុងនោះ មានក្រុម​អ្នក​ភូមិ​បឹង​កក់ អ្នកបុរីកីឡា  ព្រមទាំងសហគមន៍ជាច្រើនទៀតមកពីតាមបណ្តាខេត្តនានា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ