ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

កម្ពុជា​ចាប់​ផ្តើម​សិក្សា​លទ្ធភាព​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេងកាត

media  
ពិធី​ចុះ​ហត្ថលេខា​លើ​ការសិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រោម​អធិបតីភាព​លោក សុខ អាន © ចាន់ណា-RFI

អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ដើម្បី​ផ្តើម​សិក្សា​លទ្ធភាព​នៃ​ការ​សាងសង់​រោង​ចក្រ​ចម្រាញ់​ប្រេងកាត។ ការ​សិក្សា​អំពី​ការ​សាងសង់​រោងចក្រ​បាន​កើត​នៅ​ពេល​នេះ នៅពេល​ដែល​កម្ពុជា​បាន​រកឃើញ​មាន​រ៉ែ​ប្រេងកាត​នៅ​បាត​សមុទ្រ ហើយ​ដែល​កម្ពុជា​នឹង​អាច​ធ្វើ​អាជីវកម្ម​នៅឆ្នាំ​២០១២។

អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​Cambodian Petrolchemical​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥​មិថុនា លើ​កិច្ច​ព្រមព្រៀង​គោល​ ស្តី​ពី​ការ​សិក្សា​លើ​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា។ រោងចក្រ​នេះ ប្រសិនជា​បាន​លេច​ជា​រូបរាង​ឡើង​មែន មាន​គម្រោង​ផលិតប្រេង​ក្នុង​ទំហំ​យ៉ាង​ហោច​ណាស់​៥លាន​តោន​ក្នុង​មួយ​ឆ្នាំ។

            គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ត្រូវ​ធ្វើ​ឡើង ដោយសារតែ​កម្ពុជា​បាន​រកឃើញ​ធនធាន​រ៉ែ​នៅ​ក្រោម​បាត​សមុទ្រ ហើយ​ដែល​កម្ពុជា​ប៉ាន់​ស្មាន​ថា នឹង​អាច​ផ្តើម​ធ្វើ​អាជីវកម្ម​បាន​នៅ​ក្នុង​ឆ្នាំ​២០១២​ខាងមុខនេះ។

            ដោយ​ធ្វើ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ លោក សុខ អាន រដ្ឋមន្ត្រី​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ពន្យល់​អំពី​សារៈប្រយោជន៍​នៃ​ធនធាន​ប្រេងកាត​នៅ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ។ លោក​សុខ អាន​បាន​ទទួល​ស្គាល់​ថា ករណី​តម្លៃ​ប្រេង​ឡើង​ថ្លៃ និង​អស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​ស្រុក អាច​បង្ក​អោយ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ជាពិសេស​គឺ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ហើយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នឹង​មាន​ទំហំ​កាន់​តែ​ធំធេង​ចំពោះ​ប្រទេស​ណា​ដែល​ពឹង​ផ្អែក​ទៅលើ​ការ​នាំចូល​ប្រេង​ពី​បរទេស​ដូច​កម្ពុជា​នោះ។

            លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ក្តី​សង្ឃឹម នឹង​ឃើញ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ពេល​ខាង​មុខ ហើយ​ដែល​រោងចក្រ​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ធានា​សន្តិសុខ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល និង​ផ្តល់​ឱកាស​ការងារ​អោយ​ពលរដ្ឋ​ខ្មែរ​ផង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ