អានតួអត្ថបទ
ចិន

អាជ្ញាធរ​ចិន​ដោះលែង​វិចិត្រករ​អៃ វៃវៃ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន

ជាការដោះលែង​មួយ​ដ៏​ភ្ញាក់ផ្អើល​ដែល​មិនមាន​អ្នកណា​គិតស្មានដល់។ នៅថ្ងៃ​ពុធ​ទី២៣ មិថុនា ២០១១ វិចិត្រករ​ អៃ វៃវៃ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន នៅក្រោយ​ការដាក់ឃុំ ក្នុង​គុក​​ប៉ូលិស​ជិត​បីខែ។ វិចិត្រករ អៃ វៃវៃ ដែល​អន្តរជាតិ​ស្គាល់​តាមរយៈ​ការរិះគន់​របស់​គាត់ ផ្ទាល់​ទៅលើ​ការរំលោភ​សិទ្ធិមនុស្ស​ដោយ​រដ្ឋអំណាច​ចិន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ស្ងាត់ៗ កាលពី​ខែ​មេសា នៅមុន​ពេល​លោក​ឡើង​យន្តហោះ​សំដៅទីក្រុង​ឡុងដ៍។ 

វិចិត្រករ​អៃ វៃវៃ​ត្រូវ​អាជ្ញាធរ​ចិន​ដោះលែង​ឲ្យ​នៅក្រៅឃុំ នៅថ្ងៃ​ពុធ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០១១
វិចិត្រករ​អៃ វៃវៃ​ត្រូវ​អាជ្ញាធរ​ចិន​ដោះលែង​ឲ្យ​នៅក្រៅឃុំ នៅថ្ងៃ​ពុធ​ទី ២២ ខែ​មិថុនា ឆ្នាំ ២០១១ ©REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

វិចិត្រករ អៃ វៃវៃ ត្រូវ​ប៉ូលិស​ចិន​ចាប់ដាក់ឃុំ​ដោយ សម្ងាត់ ជាង​ពីរខែ​កន្លះ មុន​នឹង​ត្រូវ​ដោះលែង កាលពីថ្ងៃ​ពុធ​ម្សិលមិញ។ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន វិចិត្រករ​វ័យ ៥៤ឆ្នាំ គ្រាន់​តែ​និយាយ​តាមទូរស័ព្ទ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា លោក​សប្បាយចិត្ត ដែល​មាន​សេរីភាព និង​បាន​ជួបជុំ​គ្រួសារឡើងវិញ។ លោក​ អៃ វៃវៃ​បាន​បដិសេធ​មិន​និយាយ​អ្វីច្រើន ជាពិសេស​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវិត​របស់លោក នៅពន្ធនាគារទេ។ លោក​បាន​ចាកចេញ​ពី​ផ្ទះ​របស់លោក នៅភាគខាងជើង​ទីក្រុង​ប៉េកាំង និង​សម្រេច​ទៅរស់នៅ ជាមួយ​ក្រុមគ្រួសារ ដែល​អាស័យដ្ឋាន​មិន​ត្រូវ​បានគេ​បង្ហើប​ឲ្យ​ដឹង។

 
បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មី វិចិត្រករ​ អៃ វៃវៃ​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅឃុំ​ដោយមក​ពីគាត់​បាន​សារភាព​ទោសកំហុស​របស់គាត់ និង​មួយវិញទៀត ដោយ​មក​ពី​គាត់​កំពុង​មាន​ជម្ងឺ​ទឹកនោមផ្អែម​ផង។

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​បញ្ជាក់ នៅថ្ងៃ​ព្រហស្បតិ៍នេះថា សិល្បករ​ អៃ វៃវៃ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅឃុំ​បណ្តោះអាសន្ន។ ដូច្នេះ អៃ វៃវៃ មិន​មាន​សិទ្ធិ​ចាកចេញ​ពី​កន្លែងស្នាក់នៅ​របស់​គាត់ ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​ចិនទេ។ នោះមាន​ន័យថា បើទោះបី​ជា​ អៃ វៃវៃ នៅក្រៅឃុំមែន ប៉ុន្តែ នៅក្នុង​រយៈពេល​មួយឆ្នាំ នៃ​ការតាមដាន​ស៊ើបអង្កេត គាត់​ត្រូវចូលខ្លួន​ទៅបង្ហាញ​មុខ​នៅតុលាការ និង​មិន​បំផ្លាញ​ភ័ស្តុតាង។

អៃ វៃវៃ ជា​វិចិត្រករ​មាន​ស្នាដៃ ដោយ​លោក​បាន​ចូលរួម​គូររចនា​ប្លង់​ពហុកីឡាដ្ឋាន​ជាតិ ដ៏​ល្បីឈ្មោះ​នៅប្រទេស​ចិន សម្រាប់​ទទួល​កីឡា​អូឡាំពិក ឆ្នាំ ២០០៨។ នៅក្រោយ​អាជ្ញាធរ​ចាប់ខ្លួន សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក​បាន​ចេញមុខ​រិះគន់​ផ្ទាល់​ដល់​ចំណាត់ការ​​រំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋអំណាច​ចិន។ ដូច្នេះ នៅក្នុង​រលក​បង្រ្កាប​អ្នកដែល​រិះគន់ខ្លួន អាជ្ញាធរ​ចិន​បាន​ចាប់​លោក​ អៃ វៃវៃ មុន​ពេល​ឡើង​យន្តហោះ ទៅចូលរួម​ក្នុង​ការតាំងពិព័រណ៌​របស់​លោក​នៅទីក្រុង​ឡុងដ៍។ អាជ្ញាធរ​ប៉េកាំង​បាន​ចោទ​លោក​អៃ វៃវៃ​ពី​បទ​គេចវេះ ​មិន​បង់ពន្ធ​ជូនរដ្ឋ។

យោងតាម​មេធាវី​របស់​លោក​ អៃ វៃវៃ ទោស​គេចពន្ធ​មានត្រឹម​ការផាកពិន័យ ប៉ុន្តែ ក្នុង​ករណី​របស់​លោក​ អៃ វៃវៃ លោក​អាច​ជាប់ទោស​ដាក់​ពន្ធនាគារ ដោយ​តុលាការ​បាន​ចោទប្រកាន់​លោក​ថា មាន​ចេតនា​បំផ្លាញ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការគេចពន្ធ។

អន្តរជាតិ ជាពិសេស​អង្គការ​ការពារ​សិទ្ធិមនុស្ស​ស្វាគម ការដោះលែង​វិចិត្រករ​ អៃ វៃវៃ ប៉ុន្តែ អន្តរជាតិ​នៅតែ​ប្រយ័ត្នប្រយែង និង​មិន​ទាន់ទុកចិត្ត​ទាំងស្រុង​ទៅ​លើ​ជំហរ​របស់ចិន ដែល​សុខចិត្ត​ដោះលែង​លោក​ អៃ វៃវៃ។ អង្គការ​Human Rights Watch អង្គការAmnesy International និង អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​វាយតម្លៃ​ថា អាជ្ញាធរ​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការបង្រ្កាប​ទៅ​លើ​អ្នកប្រឆាំង​នឹងខ្លួន។ រដ្ឋអំណាច​ចិន​​បាន​ប្រើ​តុលាការ ដើម្បី​គំរាម​បិទ​មាត់​សកម្មជន​ការពារ​សិទ្ធិមនុស្ស។

ជាក់ស្តែង នៅក្រោយ​ការដោះលែង លោក​ អៃ វៃវៃ បាន​រក្សា​ភាពស្ងៀមស្ងាត់ មិននិយាយ​ស្តីអ្វីទាំងអស់។ អង្គការ​អន្តរជាតិ​មើលឃើញថា បន្ទាប់ពី​អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​លោក វៃវៃ ​ទាក់ទង​នឹង​អ្នកកាសែត និង​ស្ថាប័ន​អន្តរជាតិ លោក​ វៃវៃ​ត្រូវបិទ​មាត់ មិន​រិះគន់ អាជ្ញាធរចិន ដើម្បី​ជៀសវាង​ការចាប់ឃុំ​ជាថ្មី និង​ដើម្បី​សន្តិសុខ​របស់គ្រួសារ​របស់លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ