អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៧ សីហា គឺ​ជា​សប្តាហ៍​ពិភពលោក​នៃ​ការ​បំបៅ​ដោះ។ អង្គកា​រសុខភាព​ពិភពលោក ចង់​ប្រើ​ឱកាស​នេះ ដើម្បី​បំផុស ឱ្យ​អ្នក​ជា​ម្តាយ​គ្រប់​រូប នៅ​ក្នុង​បណ្តា​ប្រទេស​ជាង​មួយ​លើ​ភព​ផែនដី ផ្តល់​ការ​បំបៅ​ដោះ​កូន។ ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​រក​ឃើញ​កាន់​តែ​ច្រើន​ឡើងៗ​ពី​គុណ​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន។ ការ​បំបៅ​​អាច​ផ្តល់​ផល​ចំណេញ​ដល់​ទាំង​កូន​ ទាំង​ម្តាយ។ តើ​​​គុណ​ប្រយោជន៍​​នោះ​មាន​អ្វីខ្លះ​ទៅ ? តើ​គេ​គួរ​ត្រូវ​បំបៅ​កូន​រយៈ​ពេល​ប៉ុណ្ណា ទើប​ល្អ? ការ​បំបៅ​ដោះ​ពិត​ជា​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​មែន​ឬ ? 

Domaine public/Usda
ផ្សាយពាណិជ្ជកម្ម

គុណ​ប្រយោជន៍​នៃ​ទឹក​ដោះ​ម្តាយ គឺ​មាន​ច្រើន​ណាស់ ! កាន់​តែ​គិត​ គេ​កាន់​រក​ឃើញ​អំពី​ភាព​ល្អ​ប្រសើរ​នៃ​ទឹក​ដោះ​ម្តាយ​នេះ។ ​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ខ្លាំង ជាពិសេស​បណ្តា​ប្រទេស​នៅអឺរ៉ុប​​ភាគ​ខាង​ជើង មាន​ជាអាទិ៍​ប្រទេស​ណ័រវេស ហ្វាំងឡង់ ស្ត្រីជា​ម្តាយ​​ស្ទើរ​តែ​១០០​ភាគរយ​បំបៅ​ដោះ​កូន។ ព្រោះ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ ព័ត៌មាន​អំពី​គុណភាព​នៃ​ទឹក​ដោះ​ម្តាយ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​​ទូលំទូលាយ​ល្អ។

 

គុណ​ប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​មាន​ច្រើន​ និង​ពីរ​កំរិត ៖ ទីមួយ​គឺ​អ្នក​ជា​ម្តាយ​ផ្ទាល់ ទីពីរ​គឺ​សម្រាប់​ទារក។

ម្តាយ ៖ តាម​រយៈ​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ បំបៅ​ដោះ​កូន អាច​​កាត់​បន្ថយ​​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់។

ទារក ៖ ទឹក​ដោះម្តាយ​អាច​ជួយ​ការពារ​ទារក​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ជាច្រើន ជំងឺ​អាឡែកហ្ស៊ី ជំងឺ​ធាត់​ជ្រុល។ សារធាតុ​ផ្សំ​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ​មាន​លក្ខណៈ​ពិសេស​ណាស់ (ទឹកដោះគោ​ម្សៅ មិន​ប្រាកដ​ជា​ដាក់លាយ​សារធាតុ​ពិសេសនេះ​ នៅ​គ្រប់​ម៉ាក​ទេ)។ សារធាតុ​ពិសេសនេះ នេះ​ជា​ជំនួយ​យ៉ាង​ពិសេស​អនុញ្ញាត​ឲ្យ​ខួរ​ក្បាល និង​ភ្នែក​ មាន​ការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ។

 

គុណភាព​ផ្នែក​ទ្រទ្រង់​សរីរាង្គកាយ​ ៖ ទឹក​ដោះ​ម្តាយ​ដំបូង មាន​គុណប្រយោជន៍​ខ្លាំង​ណាស់ និង​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​របស់​ទារក​ទើប​នឹង​កើត។ ទឹក​ដោះ​ថ្ងៃទី​ដំបូង ជា​ទឹក​ដាស់​ប្រព័ន្ធ​អាហារ​ទារក​ឲ្យ​ដំណើរ​ការ។ ទឹក​ដោះ​ម្តាយ​ដំបូង​ គឺ​ប្រៀប​ដូច​ជា​ថ្នាំ​សក្តិសិទ្ធិ​ជា​ប្រព័ន្ធ​​ការពារ​សរីរាង្គ​កាយ​ទារក ប្រឈម​នឹង​បរិស្ថាន​ជុំ​វិញ​ខ្លួន។ ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ស្ករតិច​តួច​បំផុត​ ដែល​នេះ​អាច​រក្សា​លំនឹង​ជាតិ​ស្ក​រឲ្យ​ទារក​បាន​យ៉ាង​សម​ស្រប។

 

នៅ​ក្នុង​ថ្ងៃ​ទី​ពីរ ទីបី និង​ក្នុង​ថ្ងៃបន្ត​បន្ទាប់ ទឹកដោះ​ម្តាយ​ កើន​ទាំង​បរិមាណ និង​ទាំង​គុណភាព។ សារធាតុ​គ្លុយស៊ីត កើន​ឡើង ឯសារធាតុ​ប្រូតេអ៊ីន ថយ​ចុះ​បន្តិច ខ្លាញ់ លីពីត កាន់តែ​សម្បូរ​បែប។

 

លោក​វេជ្ជបណ្ឌិត Dr. Kamel Bargaoui ​ណែ​នាំ​អ្នក​ជា​ម្តាយ​ឲ្យ​បំបៅដោះ​​កូន​ពេញ​ ៦​ខែ ដំបូង ព្រោះ​ដើម្បី​ឲ្យ​ទារក​អាច​ទាញ​យក​ប្រយោជន៍​ពី​​ទឹក​ដោះ​ម្តាយ​បាន​យ៉ាង​ពេញ​ទំហឹង។ ក្នុង​ដំណាក់កាល​៦​ខែ​ដំបូង​នៃ​ជីវិត​របស់​កូន ដែល​ជា​រយៈពេល​​​​លូត​លាស់​ខ្លាំង ទារក​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់​ណាស់ នៅ​ចំពោះ​មុខ​ជំងឺ​ និង​មេរោគឆ្លង​។ ហេតុផល​ទី​ពីរ ដែល​ជាសំអាង​ជួយ​​ជំរុញ​ឲ្យ​បំបៅ​ដោះ​កូន​សុទ្ធ គឺ​គុណភាព​ទឹកដោះ ក្នុង​ការ​​​ចិញ្ចឹម​សរីរាង្គកាយ។

 

ម្យ៉ាង​វិញ​ទៀត​ ប្រសិន​បើ​លោក​អ្នក​នាង​បំបៅ​កូន​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ម្សៅ ទារក​ងាយ​នឹង​ងាក​ទៅ​រក​ការ​បៅ​នឹង​ក្បាល​ដប​ណាស់ ព្រោះ​ក្មេង​មិន​ត្រូវ​ការ​ប្រឹង​។

ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ជា​ម្តាយ​ពរ​ពោះ​ កូន​បន្ទាប់​ ក្នុង​រយៈ​ពេល​ដែល​កូនមុន​​នៅ​តូច​នៅ​ឡើយ គួរ​គប្បី​​កុំ​បំបៅ​ដោះ​កូន​អ្វី ព្រោះ​ពេល​ពរ​ពោះ ស្ត្រី​មាន​បញ្ចេញ​ជាតិ​អ័រមូន​ខ្លាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ