អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រមុខដឹកនាំ​​​បារាំង-អាល្លឺម៉ង់​​​​យល់ស្របគ្នា​​​​ពី​​បញ្ហា​​ក្រិក​​​ ​តែនៅ​​ពុំ​ទាន់​​​ចុះ​​​សម្រុង​​​គ្នា​​​​ពីកំណើន​​​​សេដ្ឋកិច្ច​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទើបតែ​បាន​ត្រូវគេ​តែងតាំង​ថ្មីៗ​ជា​ប្រធានាធិបតី​បារាំង​នៅព្រឹក​ថ្ងៃអង្គារ​ទី១៥​ឧសភា​ឆ្នាំ២០១២​ ​ លោក​ហ្វ្រង់ស័រ​​ហូឡង់​ក៏​បាន​អញ្ជើញ​ទៅ​ទីក្រុង​ប៊ែរឡាំង​ភ្លាម​ ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​អង់ហ្គែឡា​មែរគែល​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប ​ ​ និង​បញ្ហា​ប្រទេស​ក្រិក។

លោក​ប្រធានាធិបតី​​​បារាំង​​​ហ្វ្រង់ស័រ​​​ហូឡង់​​និង​​​លោកស្រី​​​នាយក​​រដ្ឋមន្ត្រី​​​អាល្លឺម៉ង់​​មែរគែល​​នៅ​ទីក្រុង​​ប៊ែរឡាំង​ថ្​ងៃទី១៥​​ឧសភា​​ឆ្នាំ២០១២​
លោក​ប្រធានាធិបតី​​​បារាំង​​​ហ្វ្រង់ស័រ​​​ហូឡង់​​និង​​​លោកស្រី​​​នាយក​​រដ្ឋមន្ត្រី​​​អាល្លឺម៉ង់​​មែរគែល​​នៅ​ទីក្រុង​​ប៊ែរឡាំង​ថ្​ងៃទី១៥​​ឧសភា​​ឆ្នាំ២០១២​ REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​អញ្ជើញ​ទៅជួប​ពិភាក្សា​ជាមួយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​យ៉ាង​ឆាប់​រហ័ស​បែបនេះ​ មកពី​លោក​ហ្វ្រង់ស័រ​ហូឡង់​ចង់​គូស​បញ្ជាក់​ឲ្យ​ឃើញ​​នូវ​សារៈ​សំខាន់​នៃ​និមិត្តរូប​នៃ​ចំណង​មិត្តភាព​បារាំង-អាល្លឺម៉ង់​ ​ ហើយនិង​សហប្រតិបត្តិការ​បារាំង-អាល្លឺម៉ង់​នៅ​ក្នុង​សហភាព​អឺរ៉ុប។

 
ក្រោយពី​បាន​ជួប​ពិភាក្សា​គ្នា​ ប្រមុខ​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​បាន​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា​មួយ​ ​ ដោយបាន​ថ្លែង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ពី​បញ្ហា​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ ហើយ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុងការ​រក្សា​ប្រទេស​ក្រិក​ឲ្យ​ឋិតនៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។​ ក៏​ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​វិធានការ​ជំរុញ​ឲ្យ​មាន​សន្ទុះ​​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​វិញ​ ប្រទេស​បារាំង​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់​និង​ប្រទេស​អាល្លឺម៉ង់​របស់​លោក​ស្រី​មែរគែល​មាន​ជំហរ​និង​មាន​ទស្សនៈ​យល់​ឃើញ​ខុសៗគ្នា។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេសក្រិក​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​និង​លោកស្រី​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់​ចង់​ឲ្យ​ទីក្រុង​អាថែន​បន្ត​ឋិត​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ ហើយ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​បារាំង-អាល្លឺម៉ង់​នឹង​ខិតខំ​រិះរក​គ្រប់​លទ្ធភាព​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក។​ ទីក្រុង​ប៉ារីស​និង​ទីក្រុង​ប៊ែរឡាំង​បាន​ថ្លែង​ប្រាប់​ទៀតថា​ គេនឹង​រិះរក​វិធានការ​ថ្មី​សម្រាប់​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ក្រិក​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​ ប្រទេសក្រិក​ដែល​កំពុង​ធ្លាក់​ទៅក្នុង​វិបត្តិ​នយោបាយ​ដ៏​វឹកវរ​ ហើយកំពុង​គ្រោង​រៀបចំ​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ក្រិក​ជាថ្មី​ម្តងទៀត​នៅ​រវាង​ខែមិថុនា​ខាង​មុខនេះ។

គួរកត់​សម្គាល់ថា​ នៅក្នុង​បរិបទ​ដែលមាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏វឹកវរ​បែប​នេះ​ ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​បារម្ភ​យ៉ាងខ្លាំង​ ខ្លាច​ប្រទេស​ក្រិក​ចាកចេញ​ពី​តំបន់​អឺរ៉ូ។​ នៅ​ថ្ងៃពុធ​ទី១៦​ឧសភា​នេះ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​នៅ​ម៉ោង​៩​និង​៤៥នាទី​បាន​ធ្លាក់​ស្រុត​បាត់បង់​អស់​១,២២%​មកនៅ​៣ ០០១ពិន្ទុ​ ដោយហេតុ​តែ​គេបារម្ភ​ខ្លាច​ក្រែង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ធ្វើ​ឲ្យ​តំបន់​ចាយប្រាក់​អឺរ៉ូ​ធ្លាក់​ទៅក្នុង​សភាព​ផុយស្រួយ។

បើ​ប្រទេស​ក្រិក​នៅ​តែមាន​វិបត្តិ​នយោបាយ​ ​វិបត្តិ​សេដ្ឋកិច្ច និង​វិបត្តិ​ហិរញ្ញវត្ថុ​រកច្រក​ចេញ​ពុំរួច​ ​ ការចាកចេញ​ពី​តំបន់​អឺរ៉ូ​គឺ​ពិតជា​ចៀសពុំផុត។​ សម្មតិកម្ម​នៃ​ការចាកចេញ​ពី​តំបន់​អឺរ៉ូ​ដោយ​ប្រទេស​ក្រិក​ដែល​គេ​ពុំដែល​ហ៊ាន​រំលឹក​ដល់​ ឥឡូវនេះ​បាន​ត្រូវ​លើកយក​មក​និយាយ​ដោយ​លោកស្រី​គ្រីស្ទីន​ឡាហ្កាដ​ អគ្គនាយក​នៃ​មូលនិធិ​រូបុយវត្ថុ​អន្តរាជាតិ​ FMI ​ដែល​ជា​ម្ចាស់​បំណុល​ដ៏​ធំ​របស់​ប្រទេស​ក្រិក។
ហើយការ​ចាកចេញ​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​ដោយ​ទីក្រុង​អាថែន​អាច​ធ្វើឲ្យ​ប្រទេស​បារាំង​បាត់បង់​អស់​ប្រមាណ​៥០ពាន់លាន​អឺរ៉ូ។​ នេះបើ​យោងតាម​តួលេខ​របស់​លោក​ហ្វ្រង់ស័រ​បារ័ង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បារាំង។

ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​តុល្យភាព​ថវិកា​និង​វិធានការ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​វិញ​ ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​បាន​ថ្លែង​ប្រាប់​កាលពី​ម្សិលមិញ​នៅទីក្រុង​ប៊ែរឡាំង​ថា​ ​ “​លោកនឹង​យក​រាល់​បញ្ហា​និង​រាល់​វិធានការ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​តុល្យភាព​ថវិកា​និង​វិធានការ​ជំរុញ​ឲ្យមាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ មកដាក់​នៅលើ​តុចរចា​នាឱកាស​ជំនួប​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃទី​២៣ឧសភា​ខាងមុខនេះ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​សញ្ញាប័ណ្ណ​អឺរ៉ូ​”។​ សញ្ញាប័ណ្ណ​អឺរ៉ូ​ដែល​ទីក្រុង​ប៊ែរឡាំង​ពុំចង់​ដឹង​ឮសោះ​ឡើយ។

លោក​ប្រធានាធិបតី​បារាំង​បាន​សង្កត់​បញ្ជាក់​ឲ្យដឹងថា​ លោកចង់​ឲ្យមាន​ការចរចា​ឡើងវិញ​នូវ​ “កិច្ចព្រមព្រៀង​តុល្យភាព​ថវិកា”​។​ “កិច្ចព្រមព្រៀង​តុល្យភាព​ថវិកា”​ ដែល​តម្រូវ​ឲ្យ​មាន​វិន័យ​យ៉ាង​សែន​តឹងរ៉ឹង​ជ្រុលហួស​នៅ​ក្នុង​អឺរ៉ុប​មួយ​ដែល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច។​ រីឯ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​វិញ​ លោកស្រី​យល់ស្រប​ជាមួយ​លោក​ហូឡង់​ពី​ការ​ជួយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ ក៏​ប៉ុន្តែ​ពុំ​ត្រូវ​ប៉ះពាល់​សោះឡើយ​ដល់​“កិច្ចព្រមព្រៀង​តុល្យភាព​ថវិកា”​។

ដូច្នេះ​ ឃើញថា​ជំហរ​របស់​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​និង​ជំហរ​របស់​ លោក​ស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​មែរគែល​នៅ​មាន​គម្លាត​ពីគ្នា។​ ក៏​ប៉ុន្តែ​ជំហរ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​បែរជា​ខិត​មកជិត​ជំហរ​របស់​លោក​ហូឡង់។

គួរ​បញ្ជាក់ថា​ ​ ជំហរ​របស់​លោក​ប្រធានាធិបតី​បារាំង​ថ្មី​ ហ្វ្រង់ស័រ​ហូឡង់​ បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ដែល​សរសើរ​ពី​ “ការរិះរក​វិធានការ​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប”។

ក៏ប៉ុន្តែ​ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់​ដែលជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​អឺរ៉ុប​ ត្រូវតែ​រិះរក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ ដោយហេតុថា​នាពេល​បច្ចុប្បន្ននេះ​ សូម្បីតែ​កំណើន​សេដ្ឋកិច្ច​អាល្លឺម៉ង់​ក៏​ចាប់​ធ្លាក់ចុះ​ទន់ខ្សោយ​ហើយដែរ​ ដោយ​នៅ​ត្រីមាស​ទី១​ឆ្នាំ២០១២​នេះ​ បាន​កើន​ឡើងតែ​០,៥%​ប៉ុណ្ណោះ។​ រីឯ​ប្រទេស​បារាំងវិញ​ មាន​អត្រា​កំណើន​សេដ្ឋកិច្ច​សូន្យ​នៅ​រយៈពេល​ត្រីមាស​ទី១​ឆ្នាំ២០១២​ដដែលនេះ។​ ប្រទេស​អ៊ីតាលី​វិញ​បាន​ធ្លាក់​ស្រុតចុះ​-០,៨៧%​ដែល​ជាការ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ជាង​ការគ្រោងទុក។​ ចំណែកឯ​ប្រទេស​ក្រិក​ឯណោះវិញ​ សេដ្ឋកិច្ច​បាន​ដើរ​ថយក្រោយ​ ហើយបាន​បាត់បង់​អស់​-៦,២%​សម្រាប់​រយៈកាល​ត្រីមាស​ទី១​ឆ្នាំ២០១២​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ