អានតួអត្ថបទ
លីប៊ី

សម្ព័ន្ធអារ៉ាប់​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ​​ផ្តល់​កៅអី​ដល់​ក្រុមបះបោរ​លីប៊ី

នៅក្នុង​ការប្រជុំ​ជាលើកទីមួយ​របស់​សម្ព័ន្ធ​អារ៉ាប់ កាលពី​ថ្ងៃ​សៅរ៍ ទី ២៧ សីហា ក្រុមប្រឹក្សា​ជាតិ​អន្តរកាល (CNT) ដែល​ត្រូវ​បាន​ប្រទេស​ជាង ៥០ ទទួល​ស្គាល់​ជា​រដ្ឋាភិបាល​ស្របច្បាប់ តំណាងលីប៊ី បាន​ស្នើសុំ អង្គការ​សហប្រជាជាតិ​ឲ្យ​ទម្លាក់​មូលនិធិ​របស់​រដ្ឋាភិបាល​លីប៊ី​មុន​មក​ឲ្យ​ខ្លួន។ ក្នុង​ទីក្រុង ទ្រីប៉ូលី ក្រោយពេល​ទាហាន​ស្ម័គ្រ​លោកកាដាហ្វី​ត្រូវ​ពួក​បះបោរ​វាយ​ខ្ចាត់ខ្ចាយ ក្រុមប្រឹក្សា​ជាតិ​អន្តរកាល ដែល​តំណាង​ឲ្យ​ក្រុមបះបោរ​លីប៊ី បាន​ចូល​គ្រប់គ្រង​រដ្ឋបាល និង​រៀបចំ​សណ្តាប់ធ្នាប់​ប្រទេស​ឡើងវិញ។

តំណាង​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ជួប​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​យោធា​អេហ្ស៊ីប (ស្តាំ)
តំណាង​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លីប៊ី​ជួប​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​យោធា​អេហ្ស៊ីប (ស្តាំ) ©Reuters
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​ទ្រីប៉ូលី​បាន​ត្រលប់​មក​រក​ភាព​ធម្មតាវិញ។ ជា​បន្តបន្ទាប់ គេ​រកឃើញ​សាកសព​ជាច្រើន​រយនាក់ ដែល​ត្រូវ​គេ​បាញ់សម្លាប់ ឬ​ដុត​ចោល នៅក្នុង​បន្ទាយទាហាន​របស់​កាដាហ្វី។ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​Human Rights Watch សង្ស័យ​ថា ការសម្លាប់​រង្គាល​ទាំងនោះ​ជា​ស្នាដៃ​របស់​ទាហាន​កាដាហ្វី។

 
តាំងពី​ទីក្រុង​បិនហ្គាហ្សី មេដឹកនាំ​ក្រុមបះបោរ​ឯណោះវិញ បាន​អំពាវនាវ​រក​ជំនួយ​មនុស្សធម៌ បន្ទាន់ ​ជា​ស្បៀង ឬ​ជាថ្នាំពេទ្យ​សម្រាប់​ប្រជាជន​រងរបួស នៅក្នុង​រដ្ឋធានី​ទ្រីប៉ូលី។ ក្រុមបះបោរ​បាន​អះអាងថា គេ ត្រូវការ​លុយ​កាដាហ្វី​ដែល​អន្តរជាតិ​ផ្អាប់ទុក​កន្លងមក ដើម្បី​យក​មក​ប្រើប្រាស់ កសាង​ប្រទេស​លីប៊ី​ឡើងវិញ។
 
នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រុមបះបោរ​កំពុង​ប្រមូល​កម្លាំង​សម្រុក​ទៅ​ទីក្រុងSyrte ដើម្បី​វាយយក​មូលដ្ឋាន​ទ័ព​ចុងក្រោយ​របស់​កាដាហ្វី។ កាដាហ្វី​ដែល​ពួក​បះបោរ​អះអាង​ថា នៅតែ​មាន​អាវុធ​ទំនើបៗ​ច្រើន នៅក្នុង​ដៃ។
 
តាម​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ដែល​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​របស់​កាដាហ្វី អតីត​មេផ្តាច់ការ​លីប៊ី​ ដែល​គេ​នៅតែមិន​ដឹង​ថា កំពុង​លាក់ខ្លួន នៅកន្លែងណា ចង់​ចរចា​ ដើម្បី​ផ្ទេរ​អំណាច​ខ្លួន​ទៅ​ឲ្យ​ក្រុមប្រឹក្សា​។ អ្នកនាំពាក្យ​ដដែល​បាន​និយាយថា កូនប្រុស​ច្បង​របស់​លោកកាដាហ្វី គឺ​Saif Al Islam ជា​អ្នកចូល​ទៅ​ចរចា ជាមួយ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល។ ប៉ុន្តែ ក្រុមប្រឹក្សា​ជាតិ​តំណាង​លីប៊ី​ថ្មី​បញ្ជាក់​ថា នឹង​គ្មាន​ការចរចា​ណាមួយ​ទេ ប្រសិនបើ កាដាហ្វី​មិន​ព្រម​ប្រគល់​ខ្លួន​ចុះចាញ់។
 

នៅក្នុង​កិច្ចប្រជុំ នៅទីក្រុង​គែរ នៅថ្ងៃនេះ ដែរ​សម្ព័ន្ធ​អារ៉ាប់ បាន​ស្នើដល់​អង្គការ​សហប្រជាជាតិ​ផ្តល់​កៅអី នៅទីក្រុង​ញូវយ៉ក ទៅ​ឲ្យ​តំណាង​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល ដើម្បី​បញ្ជាក់​ពី​ការទទួលស្គាល់​ជា​ផ្លូវការ និង​អន្តរជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ