អានតួអត្ថបទ
ឥណ្ឌា-សហរដ្ឋអាមេរិក

ឥណ្ឌា​និង​អាមេរិក​យល់​ព្រមគ្នា ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ជាលើក​ទី១​នៅឆ្នាំ​២០១៩

ក្រសួងការពារជាតិអាមេរិក និងឥណ្ឌា បានយល់ព្រមគ្នា​ ថានឹងធ្វើសមយុទ្ធយោធារួមគ្នា ទាំងកងទ័ពជើងគោក ជើងទឹក​ និងជើងអាកាស នៅរវាងឆ្នាំ២០១៩។ នេះគឺជាការសន្យារបស់ប្រទេសទាំង២ ក្នុងឱកាសវេទិកាកំពូលមួយ រៀបចំធ្វើនៅក្រុងញូដេលី នៅថ្ងៃទី៦កញ្ញា ដោយមានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេស​នៃប្រទេសទាំង២។ ចំណងសហការយោធា រវាងអាមេរិក និងឥណ្ឌានេះ ត្រូវគេមើលឃើញថា គឺជាយុទ្ធសាស្ត្រទប់ឥទ្ធិពលរបស់ចិន ក្នុងតំបន់។

លោក Mike Pompeo លោក James Mattis លោកស្រី Sushma Swaraj និង​លោកស្រី ​Nirmala Sitharaman ក្រោយ​កិច្ច​ប្រជុំ​នៅ​​ញូដេលី ថ្ងៃទី​៦កញ្ញា២០១៨​
លោក Mike Pompeo លោក James Mattis លោកស្រី Sushma Swaraj និង​លោកស្រី ​Nirmala Sitharaman ក្រោយ​កិច្ច​ប្រជុំ​នៅ​​ញូដេលី ថ្ងៃទី​៦កញ្ញា២០១៨​ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានថ្លែងប្រាប់អ្នកកាសែតថា កងទ័ព​ឥណ្ឌា និងកងទ័ពអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ក្នុងទ្រង់ទ្រាយធំជាលើកទីមួយ នៅឆ្នាំ២០១៩។ សមយុទ្ធយោធា ដែលមានរាប់ទាំងកងទ័ព ជើងគោក កងទ័ពជើងទឹក និងកងទ័ពអាកាស នឹងធ្វើទៅនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតឥណ្ឌា។

ការថ្លែងឲ្យដឹងនេះ គឺធ្វើឡើងនៅក្រោយកិច្ចប្រជុំពិសេសមួយ នៅក្រុងញូដេលី កាលពីថ្ងៃទី៦កញ្ញា ដោយមានវត្តមានរបស់លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jim Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងលោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា។ ក្នុងឱកាសនោះ ភាគីទាំង២ បានសន្យាផងដែរ ថានឹងចុះហត្ថលេខានឹងគ្នា ក្នុងពេលដ៏ឆាប់ខាងមុខ ដើម្បីដោះដូរទិន្នន័យសំងាត់យោធា ជាមួយគ្នា។

គួរកត់សម្គាល់ថា នៅពីក្រោយភាពល្អូនល្អឺននឹងគ្នានេះ ឥណ្ឌានិងអាមេរិក ក៏នៅមានចំណុចមិនស្របគ្នាដែរ។ បើទោះបីអាមេរិក ចាត់ទុកឥណ្ឌា ជាដៃគូយោធាក៏ដោយ​ តែឥណ្ឌាបែរជាទៅចរចា ទិញប្រព័ន្ធបាញ់មីស៊ីល S-400 ពីរុស្ស៊ីទៅវិញ។ យោងតាមច្បាប់អាមេរិក ប្រទេសដែលទិញអាវុធពីរុស្ស៊ី នឹងត្រូ​វរងទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក។ ទាក់ទិននឹងចំណុចនេះ ឥណ្ឌាមានបំណងឲ្យអាមេរិកលើកលែង កុំដាក់ទណ្ឌកម្ម ប៉ុន្តែភាគីអាមេរិក បានឆ្លើយមកវិញថា គេមិនអាចធានាបានទេ។

ការយល់ព្រមធ្វើសមយុទ្ធរួមគ្នានាពេលនេះ គឺអាចជាផ្នែកមួយ នៃការចរចាទិញលក់អាវុធ រវាងអាមេរិក និងឥណ្ឌា។ មូលហេតុផ្លូវការ ត្រូវបានថ្នាក់ដឹកនាំទាំងសងខាង លើកឡើង ពីសកម្មភាពវាទីរបស់ចិន នៅក្នុងតំបន់អាស៊ី។ គំរោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន បាននឹងកំពុងធ្វើឲ្យប្រទេសជាច្រើននៅអាស៊ី ជំពាក់បំណុលចិនយ៉ាងច្រើន។ ឥណ្ឌា និងអាមេរិក មានការព្រួយបារម្ភខ្លាចក្រែងចិនប្រើវិធីសាស្ត្រនេះ ដើម្បីបញ្ជ្រាបឥទ្ធិពលយោធារបស់ខ្លួន នៅតាមប្រទេសទាំងនោះ។

ក្រៅពីនេះទៀត សម្ព័ន្ធភាពយោធារវាងអាមេរិក និងឥណ្ឌា គឺជាសារគំរាមផ្ញើរទៅកាន់អ៊ីរ៉ង់។ ឥណ្ឌា គឺជាអតិថិជនមួយដ៏ធំ ដែលទិញប្រេងកាតអ៊ីរ៉ង់។ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកានេះទៅ អាមេរិក នឹងដាក់ទណ្ឌកម្មទៅលើប្រទេសទាំងអស់ ដែលហ៊ានទិញប្រេងកាតរបស់អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ