អានតួអត្ថបទ
អូស្រ្តាលី

នាយករដ្ឋមន្ត្រី​​អូស្ត្រាលី​​គំរាម​​សង​សឹក​​ឥណ្ឌូណេស៊ី​​រឿង​​ប្រហារ​ជីវិត​

ប្រជាជន​អូស្ត្រាលី​រាប់លាន​នាក់​ទៅ​ជា​«ឈឺ»​ដោយសារតែ​ការប្រហារជីវិត​របស់​ជនរួមជាតិ​ខ្លួន២នាក់ ដែល​នឹង​ត្រូវធ្វើ​ក្នុងពេលឆាប់ៗ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​ជាការ​ថ្លែង​របស់​លោក​តូ​នី អា​បុ​ត (Tony Abbott) នៅ​ថ្ងៃអាទិត្យ​នេះ។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ព្រមាន​ថា​នឹង​ឆ្លើយតប​តាមរយៈ​ការទូត​ដ៏​ម៉ឺងម៉ាត់​មួយ ចំពោះ​ទង្វើ​នោះ។

លោកTony Abbott នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​
លោកTony Abbott នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រហារ​ជីវិត​បុរស​ពីរ​នាក់​ម្នាក់​ឈ្មោះ អេ​ន​ឌ្រូ ចាន់ (Andrew Chan) និង​ម្នាក់ទៀត​ឈ្មោះ មី​យូរ៉ាន ស៊ុ​គុ​ម៉ា​រ៉ា​ន (Myuran Sukumaran) មិនទាន់​កំណត់​ថ្ងៃ​ទេ ប៉ុន្តែ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ថ្លែងថា រដ្ឋាភិបាល របស់​អ្នកទោស​ដែល​នឹងត្រូវ​សម្លាប់​នោះ ត្រូវបាន​កោះហៅ​ឱ្យទៅ​ពិភាក្សា​នៅឯ​ក្រសួងការបរទេស នា​ថ្ងៃ​ចន្ទ។

ក្នុងនាម​ជា​មេដឹកនាំ​ក្លិប​ឈ្មោះ បាលី ណា​ញ (Bali Nine) ដែល​ជួញ​អាភៀន​ពី​កោះ​បាលី​របស់​ឥណ្ឌូណេស៊ី ឆ្ពោះទៅកាន់​ប្រទេស​អូស្ត្រាលី អេ​ន​ឌ្រូ ចាន់ អាយុ៣១ឆ្នាំ និង​ស៊ុ​គុ​ម៉ា​រ៉ា​ន អាយុ៣៣ឆ្នាំ កំពុង​ប្រឈមមុខ​នឹង​ការបាញ់សម្លាប់​ដោយ​ក្រុម​ពេជ្ឈឃាដ យ៉ាងយូរ​នៅ​ដើម​សប្ដាហ៍​នេះ។

នៅពេលដែល​សេចក្តីសង្ឃឹម​មាន​កាន់តែ​តិច​ទៅ នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​គៀបសង្កត់​រដ្ឋាភិបាល​ទីក្រុង​ហ្សា​ការ​តា​ជា​បន្តបន្ទាប់។ លោក តូ​នី អា​បុ​ត (Tony Abbott) បាន​ថ្លែង​តាម​ទូរទស្សន៍​ថា៖ «ប្រជាជន​អូស្ត្រាលី​រាប់លាន​នាក់​មាន​អារម្មណ៍​ថា​ឈឺ​ដោយសារតែ​អ្វីដែល​ទំនងជា​នឹង​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ប្រសិនបើ​ការប្រហារជីវិត​នោះ​កើតឡើង​មែន ទោះបីជា​ខ្ញុំ​សង្ឃឹមថា​ពួកគេ​មិន​ធ្វើ​ក៏ដោយ យើង​ប្រាកដជា​នឹង​ស្វែងរក​វិធី​យ៉ាងណា​ធ្វើឱ្យ​អារម្មណ៍​កើតទុក្ខ​នោះ​រលាយ​ទៅ»។

កាលពី​ខែមករា រដ្ឋាភិបាល​ប្រេ​ស៊ី​ល និង​រដ្ឋាភិបាល​ហូ​ឡង់ បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ឱ្យ​ត្រឡប់​ចូល​ប្រទេស​វិញ ប៉ុន្តែ​លោក អា​បុ​ត មិនបាន​និយាយ​អំពី​អ្វីដែល​នឹង​អាចជា​ការឆ្លើយតប​រប​ស់​រដ្ឋាភិបាល​ទីក្រុង​កង់​ប៊ែ​រ៉ា​ទេ។

អ្នកស្រី ជូ​លី ប៊ី​ស្សប (Julie Bishop) រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី កាលពី​សប្តាហ៍​មុន បាន​ព្រមាន​ទីក្រុង​ហ្សា​ការ​តា​ថា ជនជាតិ​អូស្ត្រាលី​អាច​នឹងមិន​មក​កម្សាន្ត​នៅ​ឥណ្ឌូណេស៊ី​ទៀត រួមទាំង​កោះ​បាលី​ដែលជា​រមណីយដ្ឋាន​ដ៏​ប្រជាប្រិយ​សម្រាប់​ទេសចរ​អូស្ត្រាលី​ផងដែរ។
លោក តូ​នី អា​បុ​ត ក៏បាន​រិះគន់​ឥណ្ឌូណេស៊ី​ផងដែរ អំពី​ការព្យាយាម​សង្គ្រោះ​ជីវិត​ប្រជាជន​ខ្លួន​ឱ្យ​ផុតពី​ការប្រហារជីវិត​នៅ​ប្រទេស​ផ្សេង ក្នុង​រឿង​គ្រឿងញៀន ប៉ុន្តែ​បែរជា​បដិសេធ​សំណើរ​របស់​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ