អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ធនាគារ​របស់​BRICSអាច​ប្រជែង​​យក​អំណាចពី​​​ធនាគារ​ពិភពលោកដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ថ្ងៃ​អង្គារទី ១៥​កក្កដា ក្រុមប្រទេស​BRICS គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង ដែល​ជា​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​លឿន ​បាន​រួម​គ្នា​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​មួយ​ ដែល​គេ​​មើល​ឃើញ​ថា នឹង​ដើរតួ​​ជា​គូប្រជែង​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​​ពិភពលោក​ពីរ គឺ​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (FMI)។ តើ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស​BRICS អាច​ដណ្តើម​អំណាច​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​​ ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រទេស​លោកខាងលិច​ដែរ​ឬទេ​?  

(ពីឆ្វេង​ទៅស្តាំ) ប្រធានាធិបត​​រុស្ស៊ី នាយករដ្ឋមន្រ្តី​ឥណ្ឌា ប្រធានាធិបតី​ប្រេស៊ីល​ ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​​រួម​គ្នា​បង្កើត​ធនាគារ​BRICS កាលពី​ថ្ងៃ​អង្គារ​ទី ១៥ កក្កដា ២០១៤
(ពីឆ្វេង​ទៅស្តាំ) ប្រធានាធិបត​​រុស្ស៊ី នាយករដ្ឋមន្រ្តី​ឥណ្ឌា ប្រធានាធិបតី​ប្រេស៊ីល​ ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​​រួម​គ្នា​បង្កើត​ធនាគារ​BRICS កាលពី​ថ្ងៃ​អង្គារ​ទី ១៥ កក្កដា ២០១៤ ©REUTERS/Nacho Doce
ផ្សាយពាណិជ្ជកម្ម

ដោយបង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ក្រុមប្រទេស​BRICS​ចង់​បាន​តុល្យភាព​អំណាច​ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G ៧។ ធនាគារ​​​ក្រុមប្រទេស​ BRICS​ នឹង​មាន​ទីតាំង​ក្នុង​ទីក្រុង​សៀងហៃ ចំណែក​ប្រធាន​ធនាគារ​ដែលទើប​នឹង​មាន​ជាលើក​ទីមួយនេះ គឺ​ជា​ជនជាតិ​ឥណ្ឌា។

 
ធនាគាររបស់​ក្រុមប្រទេស​ BRICS​នឹង​មាន​ទុន​ដំបូង ប្រមាណ​៥០ពាន់​លាន​ដុល្លារ ដោយ​ប្រទេស​សមាជិក​ទាំង៥​ចូលរួម​វិភាគទាន​ស្មើៗ​គ្នា។ ចំណែក​​ ១០០​ពាន់ដុល្លារ​ផ្សេងទៀត​ត្រូវ​គេ​វិភាគទាន​សម្រាប់​ធ្វើ​ជា​មូលនិធិ​រូបិយវត្ថុ​បំរុង​។ ជារួម ធនាគារ​របស់​ក្រុមប្រទេស​ BRICS​នឹង​ដើរ​តួនាទី​ស្រដៀង​គ្នា​​នឹង​ធនាគារ​ពិភពលោក ឬ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ដោយ​ផ្តល់​ទុន​សម្រាប់​សាងសង់​​ហេដ្ឋារចនា​សម្ព័ន្ធ នៅក្នុង​ប្រទេស​សមាជិករបស់​ BRICS​ផ្ទាល់ និង​នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​ផ្សេងទៀត។

នៅក្រោយចប់​​សង្រ្គាម​លោកលើកទីពីរ ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​ត្រូវ​បាន​បង្កើតឡើងដើម្បី​ស្រោចស្រង់​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដែល​រងគ្រោះ​ខូចខាត​ខ្លាំង​ នៅក្នុង​​សង្រ្គាម។ នៅ​ដំបូង​ទី ធនាគារ​ពិភពលោក​ផ្តល់​ប្រាក់​កម្ចី ក្នុង​អត្រាការប្រាក់​ទាប​​ដល់​ប្រទេស​សមាជិក​ដើម្បី​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ ប៉ុន្តែ​នៅក្រោយ​ការដួលរលំ​នយោបាយ​អាណានិគមនិយម ធនាគារ​ពិភពលោក​បាន​ពង្រីក​ដែន​របស់ខ្លួន ដោយ​ផ្តល់​ប្រាក់​កម្ចី​ទៅ​ដល់ក្រុម​​ប្រទេស​ក្រីក្រ ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​នៅ​អាហ្វ្រិក។ ការងារ​​របស់​ធនាគារ​​ពិភពលោក​បាន​វិវត្ត​ជា​លំដាប់ ដោយ​បច្ចុប្បន្ននេះ ធនាគារ​ពិភពលោក​មិនត្រឹម​ដើរតួនាទី​ដើម្បី​ជួយ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក ប៉ុន្តែ ចូលរួម​នៅក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ អំពើពុករលួយ និង​ពង្រឹង​វិស័យ​អប់រំ។
 

បើសិន​ជា​ធនាគារ​ពិភពលោក​បាន​ដើរ​តួនាទី​ខាងលើ​រួចទៅហើយ តើ​ធនាគារ​របស់​ក្រុម​ប្រទេស​​ BRICS​ត្រូវ​បង្កើត​ឡើង​ធ្វើអ្វីទៀត? តាមលោកស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌីលម៉ា រូសែហ្វ ក្រុមប្រទេស​ BRICS​ (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្រ្វិក​ខាងត្បូង) មាន​អំណាច​​​ ដើម្បីនាំ​យក​សមភាព និង​ត្រឹមត្រូវ​ដល់​ពិភពលោក។ នៅក្នុង​បរិបទ​បច្ចុប្បន្ន ដែល​តម្រូវ​ការ​ទុន​សម្រាប់​អភិវឌ្ឍ​ប្រទេស​កើត​មាន​នៅ​គ្រប់កន្លែង ការបង្កើត​ធនាគារ​ថ្មី​មួយ ដែល​មាន​សក្តានុពល​មិន​ចាញ់​ធនាគារ​ពិភពលោក​គឺ​ជារឿង​ល្អមួយ។

ប៉ុន្តែ មើលទៅ ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​ក្រុមប្រទេស​ BRICS​មិនត្រឹមចង់​ដើរ​តួនាទី​ក្នុង​វិស័យ​ផ្គត់ផ្គង់​ទុន​ កម្ចី​តែប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមប្រទេស​ BRICS កំពុង​ចង់​ប្រជែង​ ឥទ្ធិពល​ ចង់ ឬ​មិន​ចង់ ជាមួយ​ធនាគារ​ពិភពលោក។ អ្នកជំនាញ​របស់​ក្រុមប្រទេស​ BRICS​ឧស្សាហ៍​ធ្លោយ​មាត់​ថា បើសិនជា​ធនាគារ​ពិភពលោក​ ឬ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធ្វើការ​គ្រប់ជ្រុងជ្រោយ​នោះ គេ​មិន​ចាំបាច់​បង្កើត​ធនាគារ​មួយ​បន្ថែមទៀតទេ។ គេ​និយាយ​ត្រូវម្យ៉ាង ដោយសារ​តែ​ ធនាគារ​ពិភពលោក និង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​តែងតែ​ត្រូវ​គេ​​រិះគន់​ពី​នយោបាយ គ្មាន​ការចែក​រំលែក​។

តាមអ្នកវិភាគខ្លះ ក្រុមប្រទេសទើប​មាន​សេដ្ឋកិច្ច​លូតលាស់​ថ្មី​​ BRICS​បាន​បង្កើត​ធនាគារ​ផ្ទាល់ខ្លួន​មួយ ដោយសារ​តែ​គេ​ខឹង​នឹង​សភា​អាមេរិក ដែល​គ្មានចេតនា​ដូរ​នយោបាយ ក្នុង​រឿង​តែងតាំង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​ទាំងពីរ។ តាមទម្លាប់ ប្រធាន​ធនាគារ​ពិភពលោក​ជា​ជនជាតិអាមេរិក តែងតាំង​ដោយ​រដ្ឋាភិបាល​អាមេរិក ចំណែក​តំណែង​ប្រធាន​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​បាន​ទៅ​មនុស្ស​មក​ពី​សហភាពអឺរ៉ុប។ អាមេរិក និង​សហភាពអឺរ៉ុប​ដែល​ជា​មហាអំណាច​ចាស់​ៗ​បាន​បែងចែក​អំណាច​តែ​រវាង​គ្នា ដោយ​មិន​បាន​គិតគូរ​ចែក​រំលែក​អំណាច​ដល់​ក្រុមប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើប​រីកលូតលាស់​ថ្មី ដូចជា​ ឥណ្ឌា រុស្ស៊ី​ ឬ ចិន ដែ​ល​តាមពិត​ទៅ​កំពុងដណ្តើម​តំណែង​ម​ហាអំណាច​សេដ្ឋកិច្ច​ពិភពលោកពី​ក្រុម​​ប្រទេស​នៅ​​អឺរ៉ុប​។

មួយវិញទៀត ដោយសារ​តែ​ប្រធាន​ធនាគារពិភពលោកជាជនជាតិ​អាមេរិក គេឃើញ​​រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់​ធនាគារ​ពិភពលោក​ជាឈ្នាន់ ដើម្បី​ទាមទារ​ឲ្យ​ប្រទេសដែល​ចង់​ខ្ចី​ទុន​ធ្វើ​តាម​​នយោបាយ​របស់​អាមេរិក។ កន្លងមក ប្រទេស​កំពុង​អភិវឌ្ឍ​ ឬ​ក្រីក្រ​ជាច្រើន ត្រូវ​​គោរព​លក្ខខណ្ឌ​ ដូចជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ កាត់បន្ថយ​អំពើពុករលួយ ដើម្បី​អាច​ទទួល​បាន​ប្រាក់​កម្ចី​របស់​ធនាគារ​ពិភពលោក។ ប៉ុន្តែ ម្តងម្កាល គេ​បាន​បន្ទោស​ធនាគារ​ពិភពលោក​ថា មាន​លក្ខណៈ​លំអៀង និង​លូកដៃ​ចូល​​​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ កូនបំណុល។ ធនាគារ​របស់​ក្រុមប្រទេស​ BRICS​​នឹង​ធ្វើ​​​នយោបាយ​ខុសប្លែក​ពី​នេះ ពោល​គឺ​ដោយ​ឈរ​លើ​សមភាព និង​ត្រឹមត្រូវ។ សមភាព និង​ត្រឹមត្រូវ អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការមិនលូកដៃ​ចូលរបស់​ក្រុមប្រទេស​ BRICS ទៅក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។ នៅក្នុង​សំណុំរឿង​អន្តរជាតិ ចិន រុស្ស៊ី ឬ​ឥណ្ឌា តែងតែ បោះឆ្នោត​អនុប្បវាទ មិន​បង្ហាញ​យោបល់​​គាំទ្រ ឬ​ប្រឆាំង អ្វីទាំងអស់ ពោល​គឺ​គេ​ចង់​សំងំ​យក​តែ​សុខរៀងៗខ្លួន ដើម្បី​ជៀសវាង​បាត់បង់​ផលប្រយោជន៍​សេដ្ឋកិច្ច។ ក្រុម​ប្រទេស​ BRICS​នឹង​ពង្រីក​ឥទ្ធិពល និង​អំណាច​តាមរយៈ​ការបង្កើត​ធនាគារ​ផ្ទាល់ខ្លួន​របស់គេ។ ប៉ុន្តែ គេ​បារម្ភផងដែរ​ថា ក្រុមប្រទេស​ BRICS​នឹង​យក​ចិត្ត​ទុកដាក់​តែ​ទៅលើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​ផ្ទុយទៅវិញ ​ខ្ជីខ្ជា មិន​រវល់​អើពើ​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​ដែល​ចង់​ខ្ចី​ទុន​ពី​ធនាគារ។

តាមលោកស្រី ប្រធានាធិបតី​ប្រេស៊ីល ធនាគារ​របស់​ក្រុមប្រទេស​ BRICS​នឹងមិន​​ប្រកួត​ប្រជែង​ ប៉ុន្តែ នឹង​ធ្វើការ​សហការ​ជាមួយ​​ធនាគារ​ពិភពលោក ឬ​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​។
​ក្នុង​ស្ថានភាព​បច្ចុប្បន្ននេះ និង​មើល​ទៅលើ​ទុន​​ដែល​មាន​ត្រឹម​៥០ពាន់​លាន​ដុល្លារ ធនាគារ​របស់​ក្រុមប្រទេស​ BRICS​នៅ​មិនទាន់​​អាច​ប្រកួត​ប្រជែង ដណ្តើម​តួនាទី​របស់​ធនាគារ​ពិភពលោក​បានទេ។

ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ សមាជិក​ជាង​១៨០​ប្រទេស​​របស់​ធនាគារ​​ពិភពលោក​បាន​វិភាគទាន​ជារៀងរាល់ឆ្នាំ​រហូត​ធ្វើ​ឲ្យ​ធនាគារ​នេះ​មាន​ទុន​ប្រមាណ​៥០០​ពាន់​លាន​ដុល្លារ។ ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​ទាំងពីរ​មាន​បទពិសោធន៍​ចាស់ខ្លឹម ដែល​ធនាគារ​ថ្មីថ្មោង​ដូចជា​របស់ក្រុមប្រទេស​ BRICSត្រូវការ​ពេល​វេលា​យូរ​ទៅទៀត ​ដើម្បី​អាច​ប្រកួត​ប្រជែង​ស្មើភាព។ តាមអ្នកវិភាគ ធនាគារ​ BRICS​អាច​ទទួល​វិភាគទាន និង​ទុន​វិនិយោគ​ប្រមាណ ៣៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ប្រទេស​សមាជិក និង​ពី​អ្នកជំនួញ​ឯកជន។ ដូច្នេះ ធនាគារ​ BRICS​ត្រូវការពេល​ប្រមាណ ២០​ឆ្នាំ​ទៅមុខ​ទៀត ដើម្បីមាន​ទុន​ប្រហាក់ប្រហែល​នឹង​ធនាគារ​ពិភពលោក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ