អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ផលិតផល​ផ្លាស្ទិក បង្ក​គ្រោះថ្នាក់​យ៉ាងណា​ដល់​សុខភាព ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

Bisphénol A សារធាតុ​គីមី​ម្យ៉ាង​ប្រើ​ជា​ល្បាយសំរាប់​ផលិត​របស់​របរ​ប្រើប្រាស់​ ដូច​ជា​ប្រអប់​ ផ្លាស្ទិក ដាក់​ម្ហូប​អាហារ ដបទឹក​ជ័រ ប្រអប់​អាហារ​កំប៉ុង​​ ដប​ទឹក​ដោះគោ​កូន​ង៉ែត​ ។ល។ និង​​។ល។ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ប្រទាញ​ប្រទង់បំផុត​មួយ​ ចំពោះ​សុខភាព។ ប្រទេស​កាណាដា បាន​ប្រកាស​ផ្អាក​​មិន​ឱ្យ​មាន​ការ​ផលិត​ដប​ទឹកដោះគោជ័រ មាន​បង្កប់​សារធាតុគីមី Bisphénol​ តាំង​ពី​ឆ្នាំ​២០០៨​មក សហរដ្ឋ​អាមេរិក​ធ្វើ​តាម​ក្រោយ។ ចំណែក​ប្រទេស​បារាំង សភា​ទើប​បាន​អនុម័ត​ច្បាប់​ហាម​ឃាត់​ដែរ​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៣​នេះ​ទៅ ហាមឃាត់​ដាច់​ខាត​ការ​ផលិត​ប្រអប់​អាហារ ដប​ទឹក​គោ​ សម្រាប់​ក្មេង និង​សម្រាប់​មនុស្ស​ចាស់​នៅ​ឆ្នាំ​២០១៥។តើ​ Bisphénol A ជា​អ្វី ? និង​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាពមែន​ឬ​យ៉ាងណា ? 

នៅ​ប្រទេស​ខ្លះ​ផលិតផល​ផ្ទាស្ទិក​មាន​សារធាតុ​ bisphénol ត្រូវ​ហាមឃាត់​មិន​ឱ្យ​ដាក់​លក់​នៅ​ទីផ្សារ​ទេ
នៅ​ប្រទេស​ខ្លះ​ផលិតផល​ផ្ទាស្ទិក​មាន​សារធាតុ​ bisphénol ត្រូវ​ហាមឃាត់​មិន​ឱ្យ​ដាក់​លក់​នៅ​ទីផ្សារ​ទេ Photo : David McNew/ Getty Images
ផ្សាយពាណិជ្ជកម្ម

គ្រប់​គ្នា​ បាន​បរិភោគ​ សារធាតុគីមី  Bisphénol A ​ចូល​ក្នុង​ពោះ​ ខ្លះ​តិច​ខ្លះ​ច្រើន​ ដោយ​មិន​ដឹង​ខ្លួន ពីព្រោះ​ប្រអប់​ ចាន ឬដប​ជ័រ​ កំប៉ុង ដាក់​​ម្ហូប ដែល​យើង​ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ​នេះ ធ្វើ​ឡើង​ដោយ​មាន​សន្សំ​សារធាតុ​ Bisphénol A។ សារធាតុ​គីមី​នេះ​ ទោះ​ក្នុង​បរិមាណ​តិច​តួច​យ៉ាង​ក្តី ​ក៏​អាច​ផ្តល់​ផល​វិបាក​ និង​បំផ្លាញ​សុខភាព​ ដូច្នេះ​​បើ​អាច​ចៀសវាង​បាន​ គួ​រ​កុំ​ចូល​ចិត្ត​ប្រើ​ប្រអប់​ឬ​ដប​ជ័រ​ទាំង​នោះ​ពេក។

 
តើ​ Bisphénol A ជាអ្វី ?
Bisphénol A ឬ (BPA) ជា​ផលិតផល​គីមី​សំយោគ​ ដែល​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​ឧស្សាហកម្ម​ផ្លាស្ទិក​ តាំង​ពី​ចុង​ឆ្នាំ​១៩៥០​មក។ នៅ​លើ​ពិភពលោក​យើង​នេះ គេ​ប៉ាន់​ប្រមាណ​ថា មាន​ផលិតផល​ធ្វើ​ដោយ​ល្បាយ​ Bisphénol A ដល់​ទៅ​ប្រមាណ​ ៣,៨​​លាន​តោន​ ក្នុង​មួយ​ឆ្នាំៗ។

Bisphétanol A ​ល្បាយគីមី​រវាង Phenol & Acétone នេះ ត្រូវ​បាន​យក​មក​ប្រើ តាម​បែប​ផ្សេង​គ្នា មាន​ជា​អាទិ៍​ ជា​គ្រឿង​ផ្សំ​ផលិត​របស់​របរ​ប្រើ​ប្រាស់​ជា​ផ្លាស្ទិក មាន​គុណភាព​ខ្ពស់​ ធន់​ខ្លាំង មិន​ឆេះ ពោល​គឺ​​​ពពួក​ Polycarbonate ជា​ដប​ទឹក​ដោះ​គោ​ក្មេង ដប​ទឹក​ប្រើ​បាន​ច្រើន​ដង។ គេ​ក៏​សង្កេត​ឃើញ​មាន​សារធាតុ​ Bisphétanol A​នេះ នៅ​ក្នុង​ផលិត​ផល​ជ័រ​ថ្លាៗ ឬ​ជា​វែកនី ដែល​ពាស​បិទ​នៅ​ផ្នែក​ខាង​ក្នុង​ប្រអប់​អាហារ​ ឬ​ ភេសជ្ជៈ​ កំប៉ុង​​ ឬ​គំរប​ដប គំរប​ក្រឡ។ នៅ​ប្រទេស​បារាំង បើតាម​ភ្នាក់ងារ​ចំណីអាហារ ល្បែង​ក្មេង​លេង​ខ្លះ​ កៅ​អីឡានសំរាប់​ក្មេង រទេះ​ដឹកទារក​ កន្ត្រក សូម្បី​តែសម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួនសំរាប់​ទារក​ សុទ្ធ​តែ​មាន​បន្សំ​ BPA ទាំង​អស់។

ឃើញ​ថា​សារធាតុ​ Bisphétanol អា​ ជា​ជោគជ័យ​មួយ​សំរាប់​ឧស្សាហកម្ម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​នេះ​មាន​ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់​ទៅ​វិញ​ ?!

ថ្វីដ្បិត​តែ​នៅ​ក្នុង​សីតុណ្ហភាព​ធម្មតា BPA​ សំងំឈឹង​ក្នុង​ជ័រ​ឬ​ផ្លាស្ទិក​មែន ប៉ុន្តែ នៅ​ពេល​ឡើង​កំដៅ​ ដោយ​ស្ងោ ដាក់​កំដៅ​ក្នុង​Microwave ឬ​ក្នុង​ឡដុត ឬ​នៅ​ពេល​​លាង​ក្នុង​ម៉ាស៊ីនក្តៅ​ខ្លាំង Bisphétanol អា​ សាយភាយ​ចេញ​មក​ក្រៅ​ដោយ​សេរី ដូចនេះ​វា​ងាយ​​នឹង​បញ្ជៀប​ចូល​​ទៅ​ក្នុង​ចំណី​អាហារ​និង​ភេសជ្ជៈណាស់​។ ​

សារធាតុ​គីមី Bisphétanol A​ នេះ​ មាន​សកម្មភាព​ដូចជា​អ័រមូន​បញ្ចេញ​ដោយ​អូវ៉ែរ ដូច្នេះ​វា​អាច​​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ក្រពេញ​ក្នុង​ការ​បញ្ចេញ​អ័រមូន​ និង​អាច​មាន​សមត្ថភាព​បង្ក​ផល​វិបាក​ដល់​សរីរាង្គ​មនុស្ស​ ទោះ​បី​ជា​ក្នុង​កំរិត​​បរិមាណ​ទាប​យ៉ាង​ណា​ក៏​ដោយ។​ ការ​ទទួល​ទាន​សារធាតុ​Bisphétanol A នេះ អាច​ធ្វើ​ឱ្យ​ប្រឈម និង​បង្កើន​​គ្រោះ​គ្មាន​កូន មហារីក​សុដន និង​ពងស្វាស។ ជាង​នេះ​ទៅ​ទៀត តាំង​ពី​ឆ្នាំ​១៩៩០​មក កម្មវិធីជាតិ​អាមេរិក​ផ្នែក​ជាតិ​ពុល​ បាន​គូស​បញ្ជាក់​ពី​ផលប៉ះពាល់​​ផ្សេងទៀត ដែល​អាច​បង្ក​ឡើង​ដោយ​​ Bisphétanol A ទោះ​ក្នុង​បរិមាណ​ដ៏​តិច​តួច​បំផុត​ក្តី គឺ ការ​លូត​លាស់​របស់​ទារក​ និង​កូន​ក្នុង​ផ្ទៃ ប្រព័ន្ធ​ទឹកមូដ​ក្មេង​ប្រុស​មិន​ប្រក្រតី ឆាប់​ពេញ​វ័យ​មាន​រដូវ​ចំពោះ​ក្មេង​ស្រី ប្រព័ន្ធ​មេតាបូលិកប្រែប្រួល​បង្ក​បង្កើត​ឱ្យ​ងាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ មាន​ជំងឺ​ធាត់​ចុក​ខ្លាញ់ ព្រម​ទាំង​មាន​បញ្ហា​អាកប្បកិរិយា​ ពិបាក​ផ្ចង់​អារម្មណ៍ ឬ​រពិស​ជ្រុល​ជាដើម។ ផលវិបាក​បង្ក​ឡើង​ដោយ​សារធាតុ​ Bisphétanol A​ នេះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​ជិត​៤០​នាក់​ ព្រមព្រៀង​និង​ចុះ​ផ្សាយ​ក្នុង​របាយការណ៍​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ឆ្នាំ​២០០៦។

ប៉ុន្តែ​នៅ​ពេល​នោះ ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​នៅ​អឺរ៉ុប​ ដែល​ទោះ​មាន​ការ​សង្ស័យ​ហើយ​ក៏​ដោយ​ ក៏​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់​សិន​មុន​នឹង​អាច​ចេញ​អនុសាសន៍​ហាម​ឃាត់​បាន។ សម្រាប់​អឺរ៉ុប កំរិត​អតិបរិមា​នៃ​សារធាតុ​ Bisphétanol A ដែល​មនុស្ស​អាច​ធន់​បាន​ដោយ​គ្មាន​ប៉ះពាល់​ដល់​សុខភាព គឺ​០,០៥​មីល្លីក្រាម​សម្រាប់​ទម្ងន់​ខ្លួន​មួយ​គីឡូក្រាម។ សរុប​មក​វិញ​ ទារក​និងក្មេង​ទើប​នឹង​កើត​ ប្រឈម​នឹង​សារធាតុ​ Bisphétanol A តិច​ជាង​កំរិត​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាពទេ ប៉ុន្តែ​យោង​តាម​ពាក្យ​ស្លោក "ការពារ​ប្រសើរជាង​ព្យាបាល”​ រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​អ្នក​ជា​ឪពុកម្តាយ​កាត់​បន្ថយ​ការ​ប្រើ​ដប​ទឹក​ដោះគោ​​ជ័រ ហើយ​ងាក​មក​​បំបៅ​ដោះ​កូន​ ក្នុង​ន័យ​ការពារក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ រហូត​មក​ដល់​ឆ្នាំ​២០១១ ទើប​ភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ​អឺរ៉ុប​ អះអាង​ថា​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​គ្រប់​គ្រាន់​ បញ្ជាក់​បាន​ពី​ការ​ការពារ​ប្រសើរ​ជាង​ព្យាបាល​ និង​បាន​ស្នើ​សុំ​ទៅ​អឺរ៉ុប ចាត់​បញ្ចូល​ BPA ក្នុង​ក្រុម​មាន​ជាតិពុល។ ព្យួរ​ការ​ធ្វើ​ចរាចរណ៍​លក់​ដូរ​ដប​ទឹកគោ​ក្មេង​មានបន្សំ​ ​BPA នៅ​ខែ​កក្កដា​ឆ្នាំ​២០១០​ សម្រាប់​ប្រទេស​បារាំង និង​នៅ​ខែ​មករា​ឆ្នាំ២០១១​សម្រាប់​អឺរ៉ុប​ទាំង​មូល។

តាម​ការពិត​ទៅឥទ្ធិពល​របស់​ Bisphénol A មិន​ត្រឹម​តែ​ប៉ះពាល់​លើទារក​និង​កុមារ​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប​ គ្រប់​វ័យ គ្មាន​ប្រកាន់​ស្រទាប់​វណ្ណៈឡើយ​។ ការ​សិក្សា​មួយ​​បាន​ផ្តល់​លទ្ធផល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ “ស្នាម Bisphétanol A​ មាន​នៅ​ក្នុង​អេសង់ទីយ៉ុង​ទឹកនោម​បណ្តា​ជន​នៅ​បស្ចឹម​ប្រទេស​ ដល់​ទៅ​៩៥%”។ មនុស្ស​ចាស់​ប្រឈម​នឹង​សារធាតុ​នេះ អាច​មិន​រង​ផលវិបាក​ភ្លាមមែន ប៉ុន្តែ​បន្ត​បញ្ជូន​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ ដោយ​បន្សល់​ទុក​នូវ​វិបត្តិ​អាក្បកិរិយា​ ទោះ​កូន​ចៅ​នោះ​មិន​បាន​ស្រូប​សារធាតុ​ Bisphénol A ខ្លួន​ឯង​ក៏​ដោយ។

ប៉ុន្តែ​ដោយ​ហេតុ​ថា ការហាមឃាត់​ដាច់​ខាត ក្នុង​អត្ថន័យ​ការពារ​ប្រសើរ​ជាងព្យាបាល បើ​ធ្វើ​ឡើង​ដោយ​ភ្លាមៗពេក អាច​ធ្វើ​ឱ្យ​ឧស្សាហកម្ម​រងគ្រោះ​ ទើប​សភា​បារាំង​ពន្យារ​ពេល​ហាមឃាត់​មិន​ឱ្យ​មាន​ការ​ផលិត​គ្រឿង​ខ្ចប់​អាហារ​ពី​Bisphénol A ដល់​ឆ្នាំ​២០១៥។ ឯ​វត្ថុ​ទាំង​ឡាយ​ទាក់ទង​នឹង​កុមារ​ក្រោម​អាយុ​៣​ឆ្នាំ​ ច្បាប់​បារាំង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៣​នេះ​តែ​ម្តង។

ជា​ចុងក្រោយ​ នេះ​ជា​ដំបូន្មាន​ខ្លះ ជា​ជំនួយ​ដល់​លោក​អ្នក​ដែលគេច​ពី ​Bisphénol A ៖

-       ចូរ​ចៀស​វាង​កុំ​សូវ​ប្រើ​ផ្លាស្ទិក​។ នៅ​ប្រទេស​ជឿន​លឿន​គេ​អាច​សម្គាល់​ ប្រអប់​ផ្លាស្ទិក​ មាន​ Bisphénol A ដោយ​សញ្ញា​ត្រីកោណ​និង​លេខ។ ត្រីកោណ​បាន​ន័យថា​​ជា​របស់អាច​​​យក​ទៅ​ផលិត​វិញ​បាននិង​លេខ​៧ បញ្ជាក់​ថា​មាន​ Bisphénol A។ បើ​ប្រយ័ត្ន​មែន​ទែន​​លេខ ៣ និង​៦​ ក៏​គួរ​​មិន​ប្រើ​ដែរ។

-       ដោយ​ហេតុ​ថា​ភាព​ប្រឈម​ខ្លាំង​នឹង​ Bisphénol A គឺ​តាម​ផ្លូវ​ចំណីអាហារ​ ៖ សូម​ ​រក្សា​ម្ហូប​អាហារ​ ចំណី​ចំណុក​ក្នុង​ ប្រអប់​​ឬ ដប​ធ្វើ​ពី​កែវ​ ពី​សេរ៉ាមិក ឬ​ពី​ដែកអ៊ីណុក។ ចំពោះ​អ្នក​ប្រើប្រាស់​មៃក្រូវេវ គួរ​ចៀស​វាង​ឱ្យ​បាន​កុំ​កម្តៅ​ម្ហូប​គោក ឬ​ទឹក ក្នុង​ប្រអប់​ផ្លាស្ទិក​។​

-       ជា​ចុង​ក្រោយ​ ចំពោះ​ការ​ជ្រើសរើស​ដប​ទឹក​ដោះគោ​ឱ្យ​កូន សូម​ប្រើ​ដប​ទឹក​ដោះ​គោជា​សាច់​កែវ ឬ​បើ​ជា​ផ្លាស្ទិក ដែល​មាន​បញ្ជាក់​ថា​គ្មាន​ BPA៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ