អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ប្រេស៊ីល​ជា​យក្ស​ដែល​ទើប​ងើប​ពី​ដំណេក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​បន្ត​លើក​ឡើង​អំពី​ស្ថានភាព​នៃ​ពិភពលោក​បច្ចុប្បន្ន។ អស់ពីបាន​ចាប់​អារម្មណ៍ម្តងមួយៗ ទៅ​លើមហិច្ឆតានៃ​បណ្តា​ប្រទេស​មហា​អំណាច ដូចជា ​សហរដ្ឋអាមេរិក ចិន រុស្ស៊ី ​ឥណ្ឌា និង ​បារាំងរួចមក ចាប់ពីសប្តាហ៍នេះទៅ ហ្សង់-ហ្វ្រង់ស័រ​តាន់​សូម​លើក​ឡើង​អំពី​ករណី​នៃប្រទេសសំខាន់ៗផ្សេងទៀត ក្នុងនោះរួមមានជាអាទិ៍ និង ជាបឋម ប្រទេសប្រេស៊ីល។

លោក​ Lula da Silva ​ប្រធានាធិបតីប្រទេស​ប្រស៊ីល
លោក​ Lula da Silva ​ប្រធានាធិបតីប្រទេស​ប្រស៊ីល Roosewelt Pinheiro/ABr
ផ្សាយពាណិជ្ជកម្ម

មិន​ដែល​ឡើយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ជាង​ប្រាំរយ​ឆ្នាំ​របស់​ខ្លួន ដែល​ប្រទេស​ប្រេស៊ីល​មាន ឈ្មោះ ឥទ្ធិពល​ និង​ទឹកមាត់ប្រៃ នៅ​លើ​ឆាកអន្តរជាតិ ដូច​ពេល​នេះ។ ស្ថានភាព​នៃ​ប្រទេស
ធំ​ជាង​គេ​មួយ​នេះ​នៃ​ទ្វីប​អាមេរិកឡាទីន ប្រៀប​ដូច​យក្ស​មួយ ដែល​ក្រោយពី​បាន​ដេក​លក់ យូរ​ឆ្នាំ បើក​ភ្នែក ងើប​ឈរ​ឡើង ហើយ​សម្លឹង​មើល​ទៅ​ឆ្ងាយ ពីព្រោះ​ចង់​មាន​អំណាច​នៅ ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក។

អ្នក​ដែល​បាន​ដាស់​យក្ស​ប្រេស៊ីល​ឲ្យ​ងើប​ពី​ដំណេក អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រេស៊ីល​ទុកចិត្ត​ខ្លួន​ឯង និង​មាន​មោទនភាព គឺ​លោក​​ប្រធានាធិបតី​ លុយឡា(Lula) អាយុ​៦៤​ឆ្នាំ និង ដែល​អាណត្តិ​គ្រប់គ្រង​ប្រទេស​នឹង​ត្រូវ​ចប់​ជាស្ថាពរ នៅ​ចុង​ឆ្នាំ​២០១០​នេះ។
កាលពី​ឆ្នាំ​២០០២ នៅ​ពេល​ដែល លុយឡា បាន​ឡើង​មក​កាន់​តំណែង​ប្រធានាធិបតី  ប្រេស៊ីល​ជា​ប្រជាជាតិ​មួយ​ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា អត់​ផ្លូវ និង​គ្មាន​អនាគត។

ប្រាំបី​ឆ្នាំ​ក្រោយ​មក លទ្ធិ​ប្រជាធិបតេយ្យ​ប្រេស៊ីល​ដែល​បាន​ប្រសូត​ឡើង​នៅ​ឆ្នាំ​១៩៨៥ មាន​គ្រឹះ​មាំ​មួន សេដ្ឋកិច្ច​នៃ​ប្រទេស​មាន​កំណើន​ខ្លាំងក្លា ប្រេស៊ីល​ក្លាយ​ជា​អ្នក​នាំពាក្យ​នៃ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​សមាជិក​នៃ​ក្រុម​ប្រទេស​G២០។ អ៊ីចឹងហើយ​បាន​ជា ថ្មីៗ កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​បារាំង សារកូស៊ី(Sarkozy) បាន​ធ្លោយ​មាត់​និយាយ​ថា ពីពេលនេះ​តទៅ គេ​នឹង​មិន​អាច​ដោះស្រាយ​បាន​ទេ បញ្ហា​ធំៗ​នៅ​ក្នុង​លោក បើសិន​ជា​គ្មាន ប្រទេស​ប្រេស៊ីល។

គួរ​និយាយ​ថា តាំងពី​ដំបូង​មក លុយឡា​ដែល​ជា​អតីត​ប្រមុខ​សហជីព មេ​ដឹកនាំ​កូដកម្ម​ធំៗ សម័យ​ទសវត្សរ៍​ទី​៧០ និង​ដែល​ជា​អ្នក​បង្កើត​គណបក្ស​ពលករ មាន​មហិច្ឆតា​ធំ​ណាស់ សម្រាប់​ប្រេស៊ីល។ គោលដៅ​របស់​លោក គឺ​កំចាត់​ភាព​អត់​ឃ្លាន ធ្វើ​ឲ្យ​អ្នកក្រ​ក្លាយ​ជា​អ្នក វណ្ណៈ​មធ្យម និង​ធ្វើ​ឲ្យ​អ្នក​មិន​ចេះ​អក្សរ​ក្លាយ​ជា​អ្នក​ចេះដឹង។ នៅ​ឆ្នាំ​២០០៤ តាម​រយៈ​កម្មវិធី ដែល​មាន​ឈ្មោះ​ថា "ឈប់ឃ្លាន" រដ្ឋាភិបាល​ផ្តើម​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​១០​ទៅ​១០០​ដុល្លារ ក្នុង​មួយ​ខែ ឲ្យ​ដល់​១​លាន​២​សែន​គ្រួសារ​ដែល​ក្រីក្រ​ជាង​គេ។ ជា​ថ្នូរ​វិញ ម្តាយ​ឪពុក​ត្រូវ បញ្ជូន​កូន​ទៅ​សាលារៀន។ ទន្ទឹម​ជាមួយ​គ្នា​នេះ កសិករ​ក្រីក្រ​ទទួល​បាន​ឥណទាន​ពី​រដ្ឋ​មាន​​ទឹក​ស្អាត​​និង​​ភ្លើង​​អគ្គិសនី​​ប្រើ​​បា្រស់។

ដើម្បី​ដំឡើង​អំណាច​ទិញ​របស់​ប្រជាជន ក្នុង​គោលដៅ​ដំឡើង​ការ​ទិញ​ដូរ​គ្រឿង​ឧបភោគ
បរិភាគ​នៅ​លើ​ទីផ្សារ​ផ្ទៃ​ក្នុង រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដែល
កើន​រហូត​ដល់​ទៅ​៥៤% ក្នុង​ចន្លោះ​ឆ្នាំ​២០០៣ និង​២០១០។ ជា​លទ្ធផល ក្នុង​រយៈពេល​តែ ៨​ឆ្នាំ​ប៉ុណ្ណោះ ប្រជាជន​ប្រេស៊ីល​រហូត​ដល់​ទៅ​២៤​លាន​នាក់​បាន​ចេញ​រួច​ផុត​ពី​ភាពក្រីក្រ ហើយ​ទន្ទឹម​ជាមួយគ្នា​នេះ ៣១​លាន​នាក់​បាន​ក្លាយ​ជា​អ្នក​វណ្ណៈ​មធ្យម។
មិនតែប៉ុណ្ណោះ ក្រោម​ការ​គ្រប់គ្រង​រដ្ឋ​របស់​លុយឡា ប្រទេស​ប្រេស៊ីល​បង្កើត​បាន ក្នុង​មួយ ឆ្នាំៗ ការងារ​ចំនួន​១​លាន​៤​សែន​កន្លែង ជា​មធ្យមភាគ។

នៅ​ក្នុង​អាណត្តិ​ទីពីរ​វិញ លុយឡា​បាន​ឲ្យ​អាទិភាព​ទៅ​លើ​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច ដោយ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​២៧​ម៉ឺន​លាន​ដុល្លារ សម្រាប់​សាងសង់ កំពង់ផែ ផ្លូវ​និង​ស្ពាន។

ដោយសារតែ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​លឿន​រហ័ស​នៃ​ប្រទេស ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លុយឡា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ប្រេស៊ីល នៅ​លើ​ឆាក​តំបន់ និង​នៅ​លើ​ឆាកអន្តរជាតិ។ អ៊ីចឹងហើយ បាន​ជា​ប្រេស៊ីល​ក្រោម​អាណត្តិ​គ្រប់គ្រង​រដ្ឋ​របស់​​លុយឡា ​បាន​និង​កំពុង​បន្ត​ទាមទារ​អសនៈ​អចិន្ត្រៃយ៍​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ បាន​បើក​ស្ថានទូត​៣៦​បន្ថែម​ទៀត​នៅ​ក្នុង​លោក បាន​ដឹកនាំ​ប្រកប​ដោយ ជោគជ័យ​បេសកកម្ម​រក្សា​ស្ថិរភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​ប្រទេស​ហៃទី(Haïti)។

នៅ​ក្នុង​ន័យ​ដូចគ្នា​នេះ​ដែរ លុយឡា​បាន​ពង្រឹង​វត្តមាន​របស់​ប្រេស៊ីល​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ជាទី​ដែល​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជាង​ដប់​ដង​រួច​មក​ហើយ។ មិនតែប៉ុណ្ណោះ ប្រេស៊ីល​របស់​លុយឡា បាន​បង្កើន​ប្រាក់​ចំណាយ​នៅ​លើ​វិស័យ​យោធា ដើម្បី​ការពារ ប្រទេស ការពារ​ឆ្នេរសមុទ្រ​ប្រវែង​៨​ពាន់​៥​រយ​គីឡូ​ម៉ែត្រ ការពារ​ផ្ទៃ​ព្រំដែន​ទឹក​ទាំង ៤​លាន​៥​សែន​គីឡូម៉ែត្រ​ក្រឡា និង​អណ្តូង​ប្រេងកាត​បាតសមុទ្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ហួស​ការ​ស្មាន ដែល​ទើបតែ​ត្រូវ​បាន​រក​ឃើញ​ថ្មីៗ​កន្លង​ទៅ​នេះ។

ការ​លេច​ត្រដែត​ឡើង​យ៉ាង​លឿន​រហស័​របស់​ប្រេស៊ីល កំពុង​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជិតខាង ព្រួយបារម្ភ​និង​ផ្តើម​អនុវត្ត​នូវ​អ្វី​ដែល​គេ​ហៅថា នយោបាយ​សេដ្ឋកិច្ច​ជាតិ​និយម។ ជាក់ស្តែង នៅ​ឆ្នាំ​២០០៩ រដ្ឋាភិបាល​អេក្វាទ័រ(Equateur) បាន​បណ្តេញ​ក្រុមហ៊ុន​សំណង់​ប្រេស៊ីល Odebrecht ចេញ​ពី​ប្រទេស​ខ្លួន។ ដូចគ្នាអ៊ីចឹងដែរ អាជ្ញាធរ​អារហ្សង់ទីន (Argentine) បាន លើក​រនាំង​គយ ខ្ទប់​កុំ​ឲ្យ​ទំនិញ​ប្រេស៊ីល​ហូរ​ចូល​មក​ក្នុង​ប្រទេស​គេ​ច្រើន​ពេក។ នៅ​ខែ​តុលា​ខាង​មុខ​នេះ ប្រេស៊ីល​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី មុន​នឹង​បិទ​ទំព័រ​បញ្ចប់ សករាជ​លុយឡា។

យ៉ាងណាក៏ដោយ ការងារ​របស់​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ប្រេស៊ីល នឹង​មិន​យ៉ាប់យ៉ឺន​ពេកទេ ពីព្រោះម្យ៉ាង មហា​អំណាច​សេដ្ឋកិច្ច​ទី​មួយ​នេះ​នៃ​ទ្វីប​អាមេរិកឡាទីន បាន​ចេញ​រួច​ផុត ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ហើយ។ ពីព្រោះម្យ៉ាងទៀត ជាលើក​ទី​មួយ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ប្រេស៊ីល​មាន កំណើន​សេដ្ឋកិច្ច​ខ្ពស់ អតិផរណា​ទាប និង​លទ្ធិ​ប្រជាធិបតេយ្យ​មាំមួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ