អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Brexit៖​សភា​​​​អង់គ្លេស​​​ផ្តល់​​ភ្លើង​ខៀវ​​​អោយ​​រដ្ឋាភិបាល​​​​​​​ចាប់ផ្តើម​​​​​នីតិវិធី​​​​ដើរចេញ​​​​​ពី​​​អឺរ៉ុប​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃចន្ទ​ម្សិលមិញ តំណាងរាស្ត្រ​អង់គ្លេស​បាន​បោះឆ្នោត​អនុម័ត​អោយ​រដ្ឋាភិបាល​អង់គ្លេស​ចាប់ផ្តើម​ដំណើរការ​​នីតិ​វិធី​ដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប។ ប៉ុន្មាន​ម៉ោង​មុនការអនុម័ត​របស់​សភា​​​ ​នាយករដ្ឋមន្ត្រី​​តំបន់​អេកូស​ គឺលោកស្រី​នីកូឡា ស្តឺចិន Nicola Sturgeon ​បាន​​ប្រកាស​ថា លោកស្រី​នឹង​សុំ​អោយ​មាន​ការរៀបចំ​ប្រជាមតិ​នៅ​អេកូស​ជាថ្មី​ទៀត ដើម្បី​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស។ 

ទង់ជាតិ​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​អង់គ្លេស
ទង់ជាតិ​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​អង់គ្លេស REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស​អាច​​ប្រើពេល​២ឆ្នាំ ក្នុង​ការ​ចរចា​ជាមួយ​អឺរ៉ុប ដើម្បី​ដកខ្លួន​ចេញពីអឺរ៉ុប។ ​​ចាប់​ពី​នេះទៅ​ ​ពេល​និតិវិធី​ដកខ្លួន​ពី​អឺរ៉ុប ស្របតាម​មាត្រា​ទី៥០ នៃ​សន្ធិសញ្ញា​ក្រុង​លីស្បូន​ចាប់ផ្តើម​ហើយ នោះ​មេដឹកនាំ​​ប្រទេស​ទាំង​២៧​នៅ​សហភាព​អឺរ៉ុប អាច​នឺង​ប្រជុំគ្នា​នៅ​ថ្ងៃ​៦មេសា​ខាងមុខ ដើម្បី​កំណត់​ពី​គោលការណ៍​ដែល​ត្រូវធ្វើ នៅ​ពេល​អឺរ៉ុប​ចរចា​ជាមួយ​អង់គ្លេស។​ ប្រិចស៊ីត​នេះ​អាច​ធ្វើអោយ​អឺរ៉ុប​​​ទាមទារ​ថវិកា​​ ​៦០ពាន់លាន​អឺរ៉ូពី​អង់គ្លេស ជា​លុយ​ដែល​អង់គ្លេស​ធ្លាប់​សន្យា​បង់​វិភាគទាន​អឺរ៉ុប។

ទន្ទឹម​នឹង​បើកភ្លើងខៀវ​អោយ​រដ្ឋាភិបាល​ តំណាងរាស្ត្រ​អង់គ្លេស​​បោះឆ្នោត​ទាត់ចោល​​វិសោធនកម្ម​ចំនួន​២
វិសោធនកម្ម ទី១ ជា​វិសោធនកម្ម​មានទិសដៅ​ការពារ​ពលរដ្ឋ​អឺរ៉ុប៣លាន​នាក់ ​ដែល​រស់ក្នុង​ស្រុក​អង់គ្លេសសព្វថ្ងៃ។ នាយករដ្ឋមន្ត្រី​ថេរេសា​ មៃ​ មិនទាន់​ហ៊ានធានា​ការពារ​សិទ្ធិ​ពលរដ្ឋអឺរ៉ុប​ទេ ដរាបណាសហភាព​អឺរ៉ុប​មិន​ទាន់​ចេញ​​ការ​ធានា​ការពារ​សិទ្ធិ​ពលរដ្ឋ​អង់គ្លេស​១លាន​២សែននាក់ ដែល​កំពុង​រស់នៅ​តាម​បណ្តា​ប្រទេសសហភាព​អឺរ៉ុប​ដូចគ្នា។

​​វិសោធនកម្ម​ទី២ ជា​វិសោធនកម្ម​​​អនុញ្ញាត​អោយ​សភា​អាច​សម្រេចចិត្ត​លើ​គ្រប់​កិច្ចព្រមព្រៀង​ចុងក្រោ​យដែល​អង់គ្លេស​ចរចា​ជាមួយ​​ប្រទេស​ដៃគូ​អឺរ៉ុប​ផ្សេងៗ។ វិសោធនកម្ម​ទី២​​នេះ ផ្តល់​សិទ្ធិទូលាយ​ពេក​ដល់​សភា។ ដូចយើង​ឃើញ​ហើយ​ថា ទំរាំអាច​ធ្វើនីតិវិធី​ចេញ​ពីអឺរ៉ុប រដ្ឋាភិបាល​ត្រូវ​រង់ចាំ​ការសម្រេច​របស់​សភា។ ដូច្នេះ វា​នាំអោយ​ខាត​ពេលវេលា​វែងឆ្ងាយ។ ម្ល៉ោះហើយ​ទើប​តំណាងរាស្ត្រ​នាំគ្នា​ទាត់ចោល​វិសោធនកម្ម​នេះ​តែម្តងទៅ ដើម្បី​កុំអោយធ្វើអ្វី​ក៏​ត្រូវតែ​ឆ្លងកាត់​សភា​តែ​រហូត​នោះ។

នាយករដ្ឋមន្ត្រី​តំបន់​អេកូស​ដាក់សម្ពាធ​រដ្ឋាភិបាល-ប្រិចស៊ីត​អាចធ្វើអោយ​អង់គ្លេស​ប្រឈម​​ការ​ទាមទារ​ឯករាជ្យ​តាម​តំបន់
បើ​រដ្ឋាភិបាល​អង់គ្លេស​អាច​ធ្វើ​នីតិ​វិធីប្រិចស៊ីត​បាន ​​ក៏​មិនអាច​ស្រួល​ចិត្ត​ប៉ុន្មាន​ដែរ។ ថ្ងៃចន្ទ​​ម្សិលមិញ ប៉ុន្មាន​ម៉ោង​មុន​សភា​បើក​ភ្លើងខៀវ​អោយ​រដ្ឋាភិបាល​ចាប់ផ្តើម​នីតិ​វិធី​ប្រិចស៊ីត​ លោកស្រី​នាយករដ្ឋមន្ត្រី​តំបន់​អេកូស ​​បាន​ប្រកាស​ថា​នឹង​សុំ​អោយ​មាន​ប្រជាមតិ​​ ​​ទាមទារ​អេកូស​អោយ​ឯករាជ្យ​​ពី​អង់គ្លេស។ តែ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នេះ ធ្លាប់​ធ្វើ​ម្តងហើយ ​កាលពី​ឆ្នាំ២០១៤។

កាលពី​ឆ្នាំ២០១៤ ប្រជាជន​អេកូសជាង​៥៥ភាគរយ​​​បា​នបោះឆ្នោត​ប្រឆាំង​ការ​ឯករាជ្យ​​អេកូស​ពី​អង់គ្លេស​។ ប៉ុន្តែ ក្រោយ​អង់គ្លេស​បោះឆ្នោត​ដើរចេញ​​ពី​អឺរ៉ុប​មក ប្រជាជន​អេកូស​មិន​សប្បាយចិត្ត​​ទេ។ ព្រោះ​ប្រជាជន​អេកូស​​បាន​បោះឆ្នោត​គាំទ្រ​អោយ​អង់គ្លេស​បន្តស្ថិត​ក្នុង​សហភាព​អឺរ៉ុប។ ការសម្រេច​ថា រដ្ឋាភិបាល​អាច​​ធ្វើ រឺ​ក៏​មិនធ្វើ​នីតិវិធី​ប្រិចស៊ីត​ ជា​ការសម្រេច​របស់​សភា​អង់គ្លេស ដែល​តម្រូវអោយ​រដ្ឋាភិបាល​ឆ្លងកាត់​សភា​អង់គ្លេស ប៉ុន្តែ កន្លងមក ​តុលាការ​កំពូល​មិនបាន​សម្រេច​អោយ​​រដ្ឋាភិបាល​សួរយោបល់​ពី​សភា​តំបន់អេកូស​ពី​នីតិវិធី​ប្រិចស៊ីត​នេះទេ។

ដូច្នេះ សភានៅ​អេកូស​ ពិតជា​មិនសប្បាយចិត្ត​​ទេ ​ដែលរដ្ឋាភិបាល​មិនព្រម​គិតដល់​​ប្រជាជន​តំបន់អេកូស ​​ដែលបាន​បោះឆ្នោត​ប្រឆាំង​ប្រិចស៊ីត។ ​អេកូស​មើលឃើញ​ថា អង់គ្លេស​បាត់បង់​ប្រយោជន៍​ច្រើនណាស់ ពេលដើរ​ចេញ​ពី​​សហភាព​អឺរ៉ុប ជាក់ស្តែង​ទំនិញ​អង់គ្លេស នាំចូល​ទីផ្សារ​​អឺរ៉ុប គឺមាន​ដល់​ទៅ​៤៤ភាគរយ​ឯណោះ។

​ការដែល​អង់គ្លេស​មិនព្រម​សួរយោបល់​ពី​សភា​តាមតំបន់​នេះ ជា​ការ​រុញ​អោយ​អេកូស​ដែល​ចង់​បន្ត​នៅ​អឺរ៉ុប ជាប់​ក្នុង​សំណាញ់​ប្រិចស៊ីត​នឹងគេដែរ។​​  នាយករដ្ឋមន្ត្រី​អេកូស លោកស្រី​នីកូឡា​ ស្តឺចិន ពិតជា​ត្រូវ​ឆ្លៀតឱកាស​ ធ្វើប្រជាមតិទាមទារ​​ឯករាជ្យ​​អេកូស​ពី​អង់គ្លេស​អញ្ចឹងហើយ ព្រោះ​បើ​អេកូស​ឯករាជ្យ​ពី​អង់គ្លេស​នៅពេលខាងមុខ អេកូស​អាច​នឹង​ធ្វើពាណិជ្ជកម្ម និង​ទំនាក់ទំនង​ដោយខ្លួនឯងជាមួយ​អឺរ៉ុប​ ដើម្បី​ទទួល​ប្រយោជន៍​ពី​សហភាព​អឺរ៉ុប។ ​

ការ​ដែលនាយករដ្ឋមន្ត្រី​តំបន់​អេកូស​ប្រកាស​ចង់​រៀបចំ​ប្រជាមតិ​ឯករាជ្យ​អេកូស​នេះ ជាថ្មី​ទៀត ក៏​អាច​ជា​ការ​ដាក់​សម្ពាធដល់​​រដ្ឋាភិបាល​អង់គ្លេស​​ ក្នុង​ការ​ចរចា​ជាមួយ​អឺរ៉ុប។ ​បើ​អង់គ្លេស​ផ្តាច់​អ្វីជាមួយ​អឺរ៉ុប​ក៏​ផ្តាច់​ទៅចុះ តែ​មិនត្រូវ​រុញ​អេកូស​អោយ​ផ្តាច់​ជាមួ​យអឺរ៉ុប​ដែរទេ។ នេះ​ជាអ្វីដែល​អេកូស​​ចង់​អោយ​អង់គ្លេស​ជជែក​ជាមួយអឺរ៉ុប។ ដូច្នេះ ទំរាំ​អាចចរចា​ប្រិចស៊ីត​ចប់ចុង​ចប់ដើម អង់គ្លេស​ត្រូវចំណាយពេល ត្រូវរង​សម្ពាធ​មិនតិចទេ។ ​

ម្យ៉ាងទៀត ទំរាំ​ធ្វើនីតិវិធី​ប្រិចស៊ីត​នេះ កន្លងមក មានការ​ចម្រូងចម្រាស​ច្រើនហើយ បែបយ៉ាង​ក្រោយ​បោះឆ្នោត​ប្រិចស៊ីត​ មាន​ប្រជាជន​ជាង​៣លាន​នាក់​បាន​ទាមទារ​អោយ​បោះឆ្នោត​ឡើងវិញ ព្រោះ​ពួកគេ​ថា មិនចង់​ចេញ​ពី​អឺរ៉ុបទេ។ ពេល​ទៅមុខ​នេះ បើ​អង់គ្លេស​លំបាកលំបិន​ក្នុង​ការ​ចរចា​នីតិវិធី​ដកខ្លួន​ពី​អឺរ៉ុប​​ពេក ប្រជាជនអង់គ្លេស​អាច​នឹង​ទាមទារ​អោយ​មានប្រជាមតិ​ក្នុងស្រុក​ជាថ្មី ដើម្បី​បន្ត​ខ្លួន​អោយ​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ផង​ក៏ថាបាន។ ​

ការ​ដែល​នាយករដ្ឋមន្ត្រី​អេកូស​ចង់​បាន​ឯករាជ្យ​នេះ អាច​ជំរុញអោយ​អង់គ្លេស​បែកបាក់គ្នា​បាន ព្រោះ​នៅ​ខាង​អៀឡង់​ខាងជើង​ឯណោះវិញ ប្រជាជន​ក៏បាន​បោះឆ្នោត​គាំទ្រ​អោយ​អង់គ្លេស​បន្ត​នៅ​អឺរ៉ុប​ដែរ។ បើ​អេកូស​ប្រជាមតិ​ឯករាជ្យ អៀឡង់​ខាងជើង​ក៏អាច​ធ្វើ​ដូចគ្នា។ ​គេមិនត្រូវ​ភ្លេច​ទេថា អង់គ្លេស​ធ្លាប់​ដាក់​អាណានិគម​នៅ​អៀឡង់​ បំបែក​អៀឡង់​ជា២ ដោយ​បាន​យក​​​អៀឡង់​ខាងជើងបញ្ចូល​ក្នុង​ចក្រភព​អង់គ្លេស​សព្វថ្ងៃ​នេះ។ បើ​អៀឡង់ខាងជើង និង​អេកូស បោះឆ្នោត​ទាមទារបាន​ឯករាជ្យ​ នោះគឺ​អង់គ្លេស​នឹង​ខាត​បង់​ប្រយោជន៍​ថែមទៀត​ហើយ៕ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ