Brexit៖សភាអង់គ្លេសផ្តល់ភ្លើងខៀវអោយរដ្ឋាភិបាលចាប់ផ្តើមនីតិវិធីដើរចេញពីអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៣
ថ្ងៃចន្ទម្សិលមិញ តំណាងរាស្ត្រអង់គ្លេសបានបោះឆ្នោតអនុម័តអោយរដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមដំណើរការនីតិវិធីដកខ្លួនចេញពីសហភាពអឺរ៉ុប។ ប៉ុន្មានម៉ោងមុនការអនុម័តរបស់សភា នាយករដ្ឋមន្ត្រីតំបន់អេកូស គឺលោកស្រីនីកូឡា ស្តឺចិន Nicola Sturgeon បានប្រកាសថា លោកស្រីនឹងសុំអោយមានការរៀបចំប្រជាមតិនៅអេកូសជាថ្មីទៀត ដើម្បីទាមទារឯករាជ្យពីអង់គ្លេស។
អង់គ្លេសអាចប្រើពេល២ឆ្នាំ ក្នុងការចរចាជាមួយអឺរ៉ុប ដើម្បីដកខ្លួនចេញពីអឺរ៉ុប។ ចាប់ពីនេះទៅ ពេលនិតិវិធីដកខ្លួនពីអឺរ៉ុប ស្របតាមមាត្រាទី៥០ នៃសន្ធិសញ្ញាក្រុងលីស្បូនចាប់ផ្តើមហើយ នោះមេដឹកនាំប្រទេសទាំង២៧នៅសហភាពអឺរ៉ុប អាចនឺងប្រជុំគ្នានៅថ្ងៃ៦មេសាខាងមុខ ដើម្បីកំណត់ពីគោលការណ៍ដែលត្រូវធ្វើ នៅពេលអឺរ៉ុបចរចាជាមួយអង់គ្លេស។ ប្រិចស៊ីតនេះអាចធ្វើអោយអឺរ៉ុបទាមទារថវិកា ៦០ពាន់លានអឺរ៉ូពីអង់គ្លេស ជាលុយដែលអង់គ្លេសធ្លាប់សន្យាបង់វិភាគទានអឺរ៉ុប។
ទន្ទឹមនឹងបើកភ្លើងខៀវអោយរដ្ឋាភិបាល តំណាងរាស្ត្រអង់គ្លេសបោះឆ្នោតទាត់ចោលវិសោធនកម្មចំនួន២
វិសោធនកម្ម ទី១ ជាវិសោធនកម្មមានទិសដៅការពារពលរដ្ឋអឺរ៉ុប៣លាននាក់ ដែលរស់ក្នុងស្រុកអង់គ្លេសសព្វថ្ងៃ។ នាយករដ្ឋមន្ត្រីថេរេសា មៃ មិនទាន់ហ៊ានធានាការពារសិទ្ធិពលរដ្ឋអឺរ៉ុបទេ ដរាបណាសហភាពអឺរ៉ុបមិនទាន់ចេញការធានាការពារសិទ្ធិពលរដ្ឋអង់គ្លេស១លាន២សែននាក់ ដែលកំពុងរស់នៅតាមបណ្តាប្រទេសសហភាពអឺរ៉ុបដូចគ្នា។
វិសោធនកម្មទី២ ជាវិសោធនកម្មអនុញ្ញាតអោយសភាអាចសម្រេចចិត្តលើគ្រប់កិច្ចព្រមព្រៀងចុងក្រោយដែលអង់គ្លេសចរចាជាមួយប្រទេសដៃគូអឺរ៉ុបផ្សេងៗ។ វិសោធនកម្មទី២នេះ ផ្តល់សិទ្ធិទូលាយពេកដល់សភា។ ដូចយើងឃើញហើយថា ទំរាំអាចធ្វើនីតិវិធីចេញពីអឺរ៉ុប រដ្ឋាភិបាលត្រូវរង់ចាំការសម្រេចរបស់សភា។ ដូច្នេះ វានាំអោយខាតពេលវេលាវែងឆ្ងាយ។ ម្ល៉ោះហើយទើបតំណាងរាស្ត្រនាំគ្នាទាត់ចោលវិសោធនកម្មនេះតែម្តងទៅ ដើម្បីកុំអោយធ្វើអ្វីក៏ត្រូវតែឆ្លងកាត់សភាតែរហូតនោះ។
នាយករដ្ឋមន្ត្រីតំបន់អេកូសដាក់សម្ពាធរដ្ឋាភិបាល-ប្រិចស៊ីតអាចធ្វើអោយអង់គ្លេសប្រឈមការទាមទារឯករាជ្យតាមតំបន់
បើរដ្ឋាភិបាលអង់គ្លេសអាចធ្វើនីតិវិធីប្រិចស៊ីតបាន ក៏មិនអាចស្រួលចិត្តប៉ុន្មានដែរ។ ថ្ងៃចន្ទម្សិលមិញ ប៉ុន្មានម៉ោងមុនសភាបើកភ្លើងខៀវអោយរដ្ឋាភិបាលចាប់ផ្តើមនីតិវិធីប្រិចស៊ីត លោកស្រីនាយករដ្ឋមន្ត្រីតំបន់អេកូស បានប្រកាសថានឹងសុំអោយមានប្រជាមតិ ទាមទារអេកូសអោយឯករាជ្យពីអង់គ្លេស។ តែប្រជាមតិទាមទារឯករាជ្យនេះ ធ្លាប់ធ្វើម្តងហើយ កាលពីឆ្នាំ២០១៤។
កាលពីឆ្នាំ២០១៤ ប្រជាជនអេកូសជាង៥៥ភាគរយបានបោះឆ្នោតប្រឆាំងការឯករាជ្យអេកូសពីអង់គ្លេស។ ប៉ុន្តែ ក្រោយអង់គ្លេសបោះឆ្នោតដើរចេញពីអឺរ៉ុបមក ប្រជាជនអេកូសមិនសប្បាយចិត្តទេ។ ព្រោះប្រជាជនអេកូសបានបោះឆ្នោតគាំទ្រអោយអង់គ្លេសបន្តស្ថិតក្នុងសហភាពអឺរ៉ុប។ ការសម្រេចថា រដ្ឋាភិបាលអាចធ្វើ រឺក៏មិនធ្វើនីតិវិធីប្រិចស៊ីត ជាការសម្រេចរបស់សភាអង់គ្លេស ដែលតម្រូវអោយរដ្ឋាភិបាលឆ្លងកាត់សភាអង់គ្លេស ប៉ុន្តែ កន្លងមក តុលាការកំពូលមិនបានសម្រេចអោយរដ្ឋាភិបាលសួរយោបល់ពីសភាតំបន់អេកូសពីនីតិវិធីប្រិចស៊ីតនេះទេ។
ដូច្នេះ សភានៅអេកូស ពិតជាមិនសប្បាយចិត្តទេ ដែលរដ្ឋាភិបាលមិនព្រមគិតដល់ប្រជាជនតំបន់អេកូស ដែលបានបោះឆ្នោតប្រឆាំងប្រិចស៊ីត។ អេកូសមើលឃើញថា អង់គ្លេសបាត់បង់ប្រយោជន៍ច្រើនណាស់ ពេលដើរចេញពីសហភាពអឺរ៉ុប ជាក់ស្តែងទំនិញអង់គ្លេស នាំចូលទីផ្សារអឺរ៉ុប គឺមានដល់ទៅ៤៤ភាគរយឯណោះ។
ការដែលអង់គ្លេសមិនព្រមសួរយោបល់ពីសភាតាមតំបន់នេះ ជាការរុញអោយអេកូសដែលចង់បន្តនៅអឺរ៉ុប ជាប់ក្នុងសំណាញ់ប្រិចស៊ីតនឹងគេដែរ។ នាយករដ្ឋមន្ត្រីអេកូស លោកស្រីនីកូឡា ស្តឺចិន ពិតជាត្រូវឆ្លៀតឱកាស ធ្វើប្រជាមតិទាមទារឯករាជ្យអេកូសពីអង់គ្លេសអញ្ចឹងហើយ ព្រោះបើអេកូសឯករាជ្យពីអង់គ្លេសនៅពេលខាងមុខ អេកូសអាចនឹងធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងដោយខ្លួនឯងជាមួយអឺរ៉ុប ដើម្បីទទួលប្រយោជន៍ពីសហភាពអឺរ៉ុប។
ការដែលនាយករដ្ឋមន្ត្រីតំបន់អេកូសប្រកាសចង់រៀបចំប្រជាមតិឯករាជ្យអេកូសនេះ ជាថ្មីទៀត ក៏អាចជាការដាក់សម្ពាធដល់រដ្ឋាភិបាលអង់គ្លេស ក្នុងការចរចាជាមួយអឺរ៉ុប។ បើអង់គ្លេសផ្តាច់អ្វីជាមួយអឺរ៉ុបក៏ផ្តាច់ទៅចុះ តែមិនត្រូវរុញអេកូសអោយផ្តាច់ជាមួយអឺរ៉ុបដែរទេ។ នេះជាអ្វីដែលអេកូសចង់អោយអង់គ្លេសជជែកជាមួយអឺរ៉ុប។ ដូច្នេះ ទំរាំអាចចរចាប្រិចស៊ីតចប់ចុងចប់ដើម អង់គ្លេសត្រូវចំណាយពេល ត្រូវរងសម្ពាធមិនតិចទេ។
ម្យ៉ាងទៀត ទំរាំធ្វើនីតិវិធីប្រិចស៊ីតនេះ កន្លងមក មានការចម្រូងចម្រាសច្រើនហើយ បែបយ៉ាងក្រោយបោះឆ្នោតប្រិចស៊ីត មានប្រជាជនជាង៣លាននាក់បានទាមទារអោយបោះឆ្នោតឡើងវិញ ព្រោះពួកគេថា មិនចង់ចេញពីអឺរ៉ុបទេ។ ពេលទៅមុខនេះ បើអង់គ្លេសលំបាកលំបិនក្នុងការចរចានីតិវិធីដកខ្លួនពីអឺរ៉ុបពេក ប្រជាជនអង់គ្លេសអាចនឹងទាមទារអោយមានប្រជាមតិក្នុងស្រុកជាថ្មី ដើម្បីបន្តខ្លួនអោយស្ថិតក្នុងសហភាពអឺរ៉ុបផងក៏ថាបាន។
ការដែលនាយករដ្ឋមន្ត្រីអេកូសចង់បានឯករាជ្យនេះ អាចជំរុញអោយអង់គ្លេសបែកបាក់គ្នាបាន ព្រោះនៅខាងអៀឡង់ខាងជើងឯណោះវិញ ប្រជាជនក៏បានបោះឆ្នោតគាំទ្រអោយអង់គ្លេសបន្តនៅអឺរ៉ុបដែរ។ បើអេកូសប្រជាមតិឯករាជ្យ អៀឡង់ខាងជើងក៏អាចធ្វើដូចគ្នា។ គេមិនត្រូវភ្លេចទេថា អង់គ្លេសធ្លាប់ដាក់អាណានិគមនៅអៀឡង់ បំបែកអៀឡង់ជា២ ដោយបានយកអៀឡង់ខាងជើងបញ្ចូលក្នុងចក្រភពអង់គ្លេសសព្វថ្ងៃនេះ។ បើអៀឡង់ខាងជើង និងអេកូស បោះឆ្នោតទាមទារបានឯករាជ្យ នោះគឺអង់គ្លេសនឹងខាតបង់ប្រយោជន៍ថែមទៀតហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ