ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 09/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit
 
នាយករដ្ឋមន្ត្រី Boris Johnson ពន្យល់​បញ្ចុះបញ្ចូល​ពី​គម្រោង​កិច្ចព្រមព្រៀង​រៀបចំដោយ​រដ្ឋាភិបាល​របស់​លោក។ Parliament TV via REUTERS

ថ្ងៃសៅរ៍ ទី​១៩តុលា​ តំណាងរាស្ត្រអង់គ្លេសត្រូវ​បោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចយល់ព្រម ឬមិនយល់ព្រមលើកិច្ចព្រមព្រៀង Brexit។ នេះ​គឺជាការ​លំបាក​ខ្លាំងណាស់​ចំពោះ​លោកនាយករដ្ឋមន្ត្រី ​ ដែល​គ្មាន​សំឡេង​ភាគ​ច្រើន​គ្រប់​គ្រាន់​ដើម្បី​សម្រេច​​រឿង​នេះ។ លោក បូរីស​ ចន​សុន ត្រូវ​បញ្ចុះ​បញ្ជូល​អ្នក​តំណាង​រាស្ត្រ​បក្សប្រឆាំង និង​សមាជិក​សភា​ឯករាជ្យ​ជាច្រើន​ទៀត ឱ្យ​ជួយ​គាំទ្រ​។ ក៏ប៉ុន្តែ បក្ស​ប្រឆាំង​និង​តំណាង​រាស្ត្រ​ឯករាជ្យ​ខ្លះ​នៅ​រារែកស្ទាក់ស្ទើរ ហើយ​ខ្លះ​ទៀត បដិសេធ​ ដោយ​យល់ថា កិច្ចព្រមព្រៀង​ដែល​រៀបចំឡើង​ដោយ លោក បូរីស ចនសុន មិនល្អទេ និង​មិន​បម្រើ​ផលប្រយោជន៍​ច្រើន​ដល់​អង់គ្លេស​នោះឡើយ។

តើនាយករដ្ឋមន្ត្រី បញ្ចុះបញ្ចូលយ៉ាងដូចម្តេចខ្លះ​?​

នៅពេល​បើកសភា​ប្រជុំ​ លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន បាន​ថ្លែង​ទទូច​ឱ្យ​សមាជិក​សភា​ដែល​មក​ពីពហុ​បក្ស និង​អ្នក​តំណាងរាស្ត្រ​ឯករាជ្យ​​ផ្សេងៗទៀត ឱ្យ​ជួយ​បោះឆ្នោត​គាំទ្រ​សំណើ​កិច្ចព្រម​ព្រៀង​ថ្មី​ដែល​រៀបចំ​​ដោយ​រដ្ឋាភិបាល​របស់​លោក។ លោក ចនសុន បញ្ជាក់ថា នេះជា​កិច្ចព្រមព្រៀង​ដែល​ល្អ​បំផុត​ហើយ និងថា ល្មម​ដល់​ពេល​ហើយ ដែល​ត្រូវ​ព្យាបាល​ជំងឺ​បែកបាក់​សង្គម​អង់គ្លេស ហើយ​ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ថ្មី ផ្តល់​ភាព​ធូរ​ស្រាល​ដល់​ប្រជាជន​អង់គ្លេស។

លោក បូរីស ចន ថ្លែង​ដូច្នេះ គឺ​ពិត​ជា​ត្រឹម​ត្រូវ​ណារចនា។ ពីព្រោះថា ​គ្រប់​គ្នា​ក៏​ជ្រាប​ស្រាប់​​ដែរថា ជាង​៣ឆ្នាំ​កន្លះ​មកនេះ សង្គម​អង់គ្លេស ទទួល​រង​ការបែកបាក់​ប្រេះ​ឆា​គ្នា​ខ្លាំង តាំងតែ​ពី​ក្នុង​សភា ក្នុងជួរ​រដ្ឋាភិបាល ​រហូត​ដល់​ពលរដ្ឋ​សាមញ្ញ។ ពលរដ្ឋអង់គ្លេសខ្លះ ដែល​បាន​បោះឆ្នោត​ប្រជាមតិ​​សម្រេច​ចាក​ចេញពីសហគមន៍​អឺរ៉ុប កាលពីឆ្នាំ​២០១៦ នៅពេល​នេះ មាន​អ្នក​ខ្លះ ខក​ចិត្ត និងនឹក​គិត​ថា​ខ្លួន​ចាញ់​បោក​អ្នក​នយោបាយ។  ជា​ច្រើនខែមកហើយ ដែល​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ រស់នៅ​ក្នុង​ក្តី​អស់​សង្ឃឹម ខឹង​សម្បារ​ និង​ភាព​មិន​ច្បាស់​លាស់ចំពោះ​អនាគត​។​

នេះជា​ទិវា​ប្រវត្តិ​សាស្ត្រ​ថ្មី​របស់អង់គ្លេស ដែល​ជិត​៤០ឆ្នាំ​ចុងក្រោយ​នេះ នេះ​ជាលើកទី១​ហើយ​ដែល​អង់គ្លេស​សភាអង់គ្លេស ត្រូវ​បើក​កិច្ច​ពិភាក្សា​និង​បោះឆ្នោត​ នៅ​ថ្ងៃ​សៅរ៍​យ៉ាង​ដូច្នេះ។ ពីព្រោះថា វេលា​ប្រថុច​ញ៉ុច​ពេក!​ សល់​ពេល​តែ​១២ថ្ងៃ​ទៀត​តែប៉ុណ្ណោះ គឺដល់​ពេល​កំណត់​លែង​លះ​ជា​ផ្លូវ​ការ​ ពី​សហភាព​អឺរ៉ុប​ហើយ។ ចំពោះ​លោកនាយករដ្ឋមន្ត្រី ប្រសិន​បើ​កិច្ច​ព្រម​ព្រៀម​ថ្មី ដែល​ក្រុម​របស់​លោករៀបចំ​មកនេះ​ ល្អហើយ មិន​ចាំបាច់​ទៅរក​អ្វី​ផ្សេងទៀតទេ វានាំឱ្យ​ខាត​ពេល ខាតលុយ ចាយ​លុយ​ច្រើន​ឥតប្រយោជន៍។

រដ្ឋាភិបាល​ត្រូវការ​ជាង​៣០សំឡេង

ដើម្បី​បោះឆ្នោត​សម្រេច​កិចព្រមព្រៀង​បាន គេត្រូវការ​សំឡេង​ភាគច្រើន ចំនួន​៣២០​សំឡេង ក្នុង​ចំណោម​អាសនៈ​សភា ​៦៣៩ ។ គណបក្ស​​អភិរក្ស​និយម​របស់​លោក​នាយករដ្ឋមន្ត្រី បូរីស ចនសុន មាន​សំឡេង​​ ២៨៧ តែប៉ុណ្ណោះ ដូច្នេះ លោកត្រូវការ​សំឡេង​គាំទ្រ​ ជាង​៣០សំឡេងបន្ថែម​​ទៀត ដើម្បី​អាច​មាន​សិទ្ធិ​សម្រេច​។

នៅពេល​នេះ​ បក្ស​ប្រឆាំង មាន​ជាង​២៤២ ហើយ​បក្ស​ជាតិ​និយមអេកូស ៣៥សំឡេង, បក្ស​សេរីប្រជាធិបតី ១៩សំឡេង បក្ស​តូចៗផ្សេងៗ​ទៀត ជាង​១០ សំឡេងទៀត គឺសុទ្ធតែ​បង្ហាញ​ជំហរ​ បដិសេធស្រេច​ហើយ ថា​មិន​គាំទ្រ​ទេ។

ដូច្នេះ បើ​តាម​អ្នកវិភាគ ក្តីសង្ឃឹមរបស់​លោក សនសុន គឺរំពឹង​ទៅលើ​ពីរផ្នែក។ ទី​១ គឺ​ទៅ​លើ​ តំណាងរាស្ត្រ​ឯករាជ្យ​ ដែល​គ្មាន​ចំណុះ​​នឹង​បក្ស​ណាទាំងអស់ មាន​ចំនួន ៣៦នាក់។ ក្នុង​ចំណោម​អ្នក​ទាំងនេះ នា​កន្លងមក​ មាន​ជាង​១៥នាក់​ដែរ ដែល​បាន​យល់ស្រប​កិច្ចព្រមព្រៀង​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល។

មួយ​ទៀត គឺ​បក្ស​សម្ព័ន្ធ​អៀរឡង់​ខាង​ជើង ដែល​មាន​សំឡេង​១០សំឡេងដែរ ពីមុន​មក ជាបក្ស​សម្ព័ន្ធ​មិត្ត​ដៃគូ​នឹង​រដ្ឋាភិបាលស្រាប់។  ក៏ប៉ុន្តែ ក្តីរំពឹង​នេះ អាច​មិន​ច្បាស់​ទេ ពីព្រោះថា គម្រោង​សំណើ​កិច្ចព្រម​ព្រៀង​ថ្មី​របស់​លោក ចនសុន គឺ​ហាក់ដូច​ជា​បង្ហាញថា មាន​ព្រំដែនថ្មី ពន្ធគយ​នៅចន្លោះ​អៀរឡង់​ខាង​ជើង​និង​អៀរឡង់ ដែល​ធ្វើ​ឱ្យ​បក្ស​នេះ មិន​ពេញចិត្ត និង​យល់ថា លោក​ចនសុន កំពុង​ក្បត់​ពួក​គេផង​។ ដូច្នេះ បក្ស​នេះ គឺ​លំបាក​នឹង​បញ្ចុះ​បញ្ចូល​ណាស់។

កិច្ចព្រម​ព្រៀង​ថ្មី​របស់​លោក ចនសុន គឺ​មាន​​ការបែង​ចែក​ព្រំដែនជា​​ពីរ​។ ទី១ ព្រំដែន​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប ដែល​មាន​ព្រំដែន​ជាមួយ​គ្នាតែ​មួយ​គត់​ ខាង​​ដី​គោក​ ជាប់​ព្រំប្រទល់​គ្នា​ប្រមាណ​ ៥០០គីឡូម៉ែត្រ​ ត្រង់​នៅ​ប្រទេស​អៀរឡង់​ និង​អៀរឡង់​ខាង​ជើង​នេះ។ ​ការ​ខណ្ឌ​ព្រំ​ដែន​មួយ​ទៀត គឺ​ព្រំដែន​ទឹក​។ នៅក្នុង​នោះ នាយករដ្ឋមន្ត្រីអង់គ្លេស មាន​គម្រោង​ចង់ដាក់សំណើបែងចែកព្រំដែនពន្ធគយរវាងអង់គ្លេសនិងអៀរឡង់ខាងជើង​។  ហើយ​និង ចង់​ដាក់​អៀរឡង់​ខាង​ជើង ឱ្យ​ស្ថិត​នៅក្នុង«លក្ខន្តិកៈពិសេស»​ Régime spécial, ឬ Statut spécial រយៈ​ពេល​៤ឆ្នាំ​តទៅមុខ​ទៀត គឺពីពេល​នេះ បន្តរហូត​ដល់​ឆ្នាំ​២០២៥​។ ធ្វើ​ដូច្នេះ គឺ​ដូច​ជាការ​ឆ្កឹះ​ដំបៅ​ចាស់​រវាង​អៀរឡង់ខាង​ជើង ​និងប្រទេស​អៀរឡង់​ ដែល​បា​នស្គាល់​សង្គ្រាម​រ៉ាំរ៉ៃ​​ជាមួយ​នឹងគ្នា​ច្រើន​ អស់​ជា​ទសវត្សរ៍​មក​ហើយ។ ដូច្នេះបក្ស​សម្ព័ន្ធ​អៀរឡង់​ខាង​ជើង នឹង​មិន​ចង់​ឃើញ​ឡើយ។​

 

បើសភាបោះឆ្នោត​មិនយល់ព្រម ​​ តើ​នឹងត្រូវ​ធ្វើ​យ៉ាងណាទៀត​?

​បើ​អង្គសភាបោះឆ្នោត​បដិសេធ​សំណើ​រៀបចំរបស់នាយករដ្ឋមន្ត្រី​នេះទេ នោះ​គឺអង់គ្លេស​ត្រូវ​រស់​នៅ​ក្នុងភាព​មិន​ច្បាស់​លាស់​តទៅទៀត ហើយពេលនោះ ​សេណារីយ៉ូ នៃការ​ដើរ​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ កាន់តែ​លេច​ច្បាស់​ឡើង​តែម្តង​។ ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស, លោក​ បូរីស ចនសុន ថា​សុខចិត្ត​ជ្រើសរើស​ឱ្យ​អង់គ្លេស​ដើរចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វីទាំងអស់ វា​ប្រសើរ​ជាងទៅ​រៀបចំ​កិច្ចព្រមព្រៀង ធ្វើ​របាយការណ៍​ថ្មីទៀត ដែលវានាំឱ្យ​ខាតពេល និង​ពន្យារ​ពេល​ដល់​ណា​ទៀត។​

ចំណែក​សេណារីយ៉ូដែលគណ​​បក្សប្រឆាំង​រំពឹង​ចង់​បានវិញ​ គឺ​គេ​ចង់​ឱ្យ​ធ្វើកិច្ចព្រ​មព្រៀង​ថ្មីដែល​អាចទទួល​យក​បាន​ទាំងអស់គ្នាពីគ្រប់ភាគី​, បើ​មិន​អ៊ីចឹងទេ គឺគួរ​រៀបចំការបោះឆ្នោត​សភា​ជាថ្មី  ឬក៏ថា ត្រូវធ្វើ​ការ​បោះឆ្នោត​ប្រជាមតិ​ ជាថ្មីម្តងទៀត​តែម្តង។​

ទោះយ៉ាងណា សភា​អង់គ្លេស​ បានសម្រេច​រៀបចំ​ជើងព្រួល​បង្ការរួចហើយ​ដែរ ដោយ​បាន​ធ្វើ​ច្បាប់មួយ​ ហៅថា Benn ដើម្បី​ពន្យារពេល ពីរឬបីខែ ​សុំពេល​​ចរចា​បន្ត​។

ចំណែក​រដ្ឋ​បារាំងដែល​ជា​ក្បាលម៉ាស៊ីន​មួយ​ធំដែរ​នៅក្នុង​សហភាព​អឺរ៉ុប ​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយ ម៉ាក្រុង មិន​ចង់​ឱ្យ​មាន​ការ​ពន្យារ​ពេល​អ្វីបន្តទៅទៀត​នោះទេ។ ចំពោះ​បារាំង​ បើ​ថាអង់គ្លេស​ត្រូវតែ​​ដើរ​ចេញ គឺ​ត្រូវ​លែងលះ​គ្នា​ឱ្យ​ដាច់​ស្រឡះ​តែម្តង ដើម្បី​មាន​ពេល​វេលារៀប​ចំ​ជីវិត​ថ្មីរៀងៗ​ខ្លួន​៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អង់គ្លេស របួស៥នាក់ ក្នុង​ការវាយប្រហារ​ដោយ​កាំបិត​នៅក្នុង​មណ្ឌល​ពាណិជ្ជកម្ម

    ស្វែងយល់បន្ថែម

  • សហភាព​អឺរ៉ុប​រារែក​ខ្លាំង​នឹង​សំណើ​កិច្ចព្រមព្រៀង Brexit ថ្មី​​របស់​អង់គ្លេស

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

    ស្វែងយល់បន្ថែម

  • អង់គ្លេស

    នាយករដ្ឋមន្ត្រីអង់គ្លេស ​មិន​យល់​ស្រប​ជាមួយ​សេចក្តី​​សម្រេច​របស់​តុលការកំពូល​ តែ​ថា​នឹង​អនុវត្ត​តាម​

    ស្វែងយល់បន្ថែម

  • អឺរ៉ុប​ប្រាប់​​អង់គ្លេស​ឱ្យ​​មក​​ចរចា ដោយ​ហ្មត់ចត់ ដើម្បី​បញ្ចៀស Brexit ដោយ​គ្មាន​កិច្ចព្រមព្រៀង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ