អានតួអត្ថបទ
កម្ពុជា​

លោក លន់ ឫទ្ធិ បន្ត​ពង្រឹង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត

កូន​ប្រុស​អតីត​សេនា​ប្រមុខ​លន់ នល់ ​គឺ​លោក​លន់ ឫទ្ធិ ​បាន​បង្ហាញ​មុខ​ជា​ថ្មី​នៅ​ពេល​នេះ​ ដើម្បី​រៀបចំ​ពង្រឹង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​របស់​លោក​ សម្រាប់​ត្រៀម​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០១២ ​និង​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​ខាង​មុខ។ ការ​បង្ហាញ​មុខ​របស់​ត្រកូល​អ្នក​សាធារណរដ្ឋ​និយម​រូប​នេះ​ បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ការ​ប្រកាស​ហក់​ចូល​ឆាក​នយោបាយ​វិញ​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណប្ញទ្ធិ ​ដែល​មាន​បំណង​បង្រួប​បង្រួម​អ្នក​រាជានិយម។ ​យ៉ាងណា​ក៏ដោយ​លោក​ លន់ ឫទ្ធិ ​អះអាង​ថា​គ្មាន​បំណង​ប្រឆាំង​នឹង​អ្នកណា​ឡើយ​ តែ​លោក​ចង់​បង្រួប​បង្រួម​ខ្មែរ​ឲ្យ​ជួយ​កសាង​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។

គណបក្ស​សាធារណរដ្ឋ​របស់​លោក លន់ ឫទ្ធិ
គណបក្ស​សាធារណរដ្ឋ​របស់​លោក លន់ ឫទ្ធិ © AFP
ផ្សាយពាណិជ្ជកម្ម
02:14

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

លោក​ លន់ ឫទ្ធិ ​ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ បន្ទាប់​ពី​អវត្តមាន​ពី​ក្នុង​ប្រទេស​មួយ​រយៈ​មក។ ​វត្តមាន​របស់​លោក​ លន់ ឫទ្ធិ​ ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ក្នុង​ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​គណបក្ស​នយោបាយ​របស់​ខ្លួន។

កូន​ប្រុស​អតីត​សេនាប្រមុខ​ លន់ នល់ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​គណបក្ស​របស់​លោក​បាន​ពង្រឹង​រចនា​សម្ព័ន្ធ​បាន​ចំនួន ​២១​ ខេត្ត​ក្រុង​ហើយ​សម្រាប់​ត្រៀម​ចូល​រួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១២​ និង​២០១៣​ខាង​មុខ​នេះ។ ​លោក​ លន់ ឫទ្ធិ ​អះអាង​ថា ​លោក​មក​ស្រុក​ខ្មែរ​នៅ​ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​គណបក្ស​តាំងពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤​ ប៉ុន្តែ ​គណបក្ស​នេះ​បាន​ចុះ បញ្ជី​ជា​ផ្លូវការ​នៅ​ឯ​ក្រសួង​មហាផ្ទៃ​កាលពី​ឆ្នាំ​២០០៧។ ​ទោះបី​ជា​មិន​បាន​ទទួល​សំឡេង​គាំទ្រ គ្រប់គ្រាន់​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​ក៏ដោយ ​ក៏លោក​ លន់ ឫទ្ធិ ​មិន​អស់​សង្ឃឹម​ឡើយ។ លោក​ក៏​មិន​បាន​បោះបង់​គណបក្ស​សាធារណរដ្ឋ​របស់​ខ្លួន​ដែរ។ ​អ្នក​នយោបាយ​ស្នង​ពី​ឪពុក​រូប​នេះ​សង្ឃឹម​ថា ​គណបក្ស​របស់​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។

គួរ​កត់​សម្គាល់​ថា ​ការ​បង្ហាញ​មុខ​របស់​ត្រកូល​អ្នក​សាធារណរដ្ឋ​និយម​នៅ​ពេល​នេះ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ការ​ហក់​ចូល​ក្នុង​ឆាក​នយោបាយ​ជាថ្មី​របស់​ព្រះអង្គ​ម្ចាស់ ​នរោត្តម រណប្ញទ្ធិ ​ដែល​មាន​បំណង​បង្រួប​បង្រួម​អ្នក​រាជានិយម។ ​យ៉ាងណា​ក៏​ដោយ លោក​ លន់ ឫទ្ធិ ​អះអាង​ថា ​លោក​មិន​ធ្វើ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ ឬ​អ្នកណា​ផ្សេង​ឡើយ តែ​លោក​មាន​បំណង​ចង់​បង្រួប​បង្រួម​ខ្មែរ​ឲ្យ​ចូល​រួម​ជួយ​កសាង​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ។

ការ​ចេញ​មុខ​ជា​បន្ត​បន្ទាប់​របស់​អ្នក​នយោបាយ​នៅ​ពេល​នេះ​ក៏​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ឃើញ​ថា ពេល​វេលា​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ជិត​ចូល​មក​ដល់​ទៀត​ហើយ ​នោះ​គឺ​ការ​បោះឆ្នោត ដែល​នឹង​ចូល​មក​ដល់​ជា​បន្ត​បន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ​ទោះជា​យ៉ាងណា ​នៅ​មាន​គណបក្ស​តូចៗ​ជាច្រើន​ទៀត​នៅ​មិន​ទាន់​ធ្វើ​សកម្មភាព​អ្វី​នៅ​ឡើយ​ទេ។

គេ​រំពឹង​ថា ​នឹង​មាន​គណបក្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​នឹង​ចូល​រួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ក្នុង​នោះ​ក៏​មាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​របស់​លោក​ លន់ ឫទ្ធិ​ ផង​ដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ