អានតួអត្ថបទ
កម្ពុជា-សង្គម

ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​កម្ពុជា​បង្រ្កាប​បទ​ល្មើស​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​

ឯកអគ្គរដ្ឋទូត​ចិន​ចប់​អាណត្តិ​នៅ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​សុក្រ បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ចិន ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន នា​ពេល​កន្លង​មក។ បទល្មើស​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន កន្លង​មក មាន​ដូចជា​ បទល្មើស​ឆ្លងដែន​ ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត​ ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារជា​ដើម​។  

ប៉ូលីស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់ចូល​ខុន​ដូ​របស់​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អាំងទែណែត។
ប៉ូលីស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់ចូល​ខុន​ដូ​របស់​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អាំងទែណែត។ @សហការី
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​បង្ហាញ​ពី​ការ​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​កម្ពុជា លោក ស្យុង ប៉ ឯក​អគ្គ​រដ្ឋ​ទូត​ចិន ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា ក៏​បាន​លើក​សរសើរ​ និង​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បាន​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ លើ​ការងារ​សន្តិសុខ ដូច​ជា​ការ​បង្រ្កាប​រាល់​ជន​ជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​បាន​ទាន់​ពេល​វេលា​ ក្រោយ​ពី​ជនជាតិ​ចិន​ទាំងនោះ​ បាន​បង្ក​ភាព​អនាធិបតេយ្យ​ និង​បញ្ហា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់។ ជា​សកម្មភាព​ ដែល​ឯក​អគ្គរដ្ឋ​ចិន លើក​ឡើង​ថា បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋកម្ពុជា និងជនជាតិចិន​រស់​នៅ​ក្នុងប្រទេសកម្ពុជា ក៏​ដូច​ជា​ប៉ះពាល់​ដល់​រូបភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។

នៅ​ក្នុង​ជំនួប​ដដែល​នោះ លោក ស ខេង ក៏​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ខិតខំ​សហការ​គ្នា​ឲ្យ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀត​ក្នុង​ការ​បង្ក្រាប​ជន​ល្មើស​ទាំងនោះ។

កាល​ពី​ចុង​ខែសីហា អគ្គ​ស្នង​ការ​នគរបាល​ជាតិ បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិ​សុខ សណ្ដាប់​ធ្នាប់ នៅ​ខេត្ត​ព្រះ​សីហនុ។ ខេត្ត​ព្រះ​សីហនុ​របស់​ខ្មែរ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា បាន​ក្លាយ​ជា​ទី​កន្លែង​ប្រមូល​ផ្ដុំ ដោយ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន ខណៈ​ដែល​បញ្ហា​អសន្តិសុខ​សង្គម​មួយ​ចំនួន​បង្ក​ឡើង ដោយ​ជន​ជាតិ​ចិន ក៏​បាន​កើត​ឡើង​ទន្ទឹម​គ្នា​ដែរ។

បើ​តាម​លោក កែវ វណ្ណថន អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ក្នុង​រយៈពេល​៨ ខែឆ្នាំ​២០១៨ នេះ កម្ពុជា​បាន​ចាប់​ និង​បណ្តេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​៧៧២​នាក់ ដោយ​នៅ​ក្នុង​នោះ មាន​ជន​ជាតិ​ចិន​ដល់​ទៅ ៣៥២នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​។

យ៉ាង​ណា​ក៏​ដោយ​ ទំនាក់​ទំនង​កម្ពុជា-ចិន ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា វាយ​តម្លៃ​ថា កាន់​តែ​មាន​ភាព​ស្អិត​រមួត ​តាមរយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង និង​កម្ចី​ជា​បន្ត​បន្ទាប់​មក​ប្រទេស​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​នានា ខណៈ​ភាគី​ទាំង​ពីរ ក៏​បាន​ប្រកាស​ពី​ជំហរ​រៀង​ខ្លួន​ថា នឹង​បន្ត​បង្កើន​សហ​ប្រតិបត្តិ​ការ​យោធា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ