អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​ឃោសនារកសំឡេងឆ្នោតរបស់​គណបក្សនយោបាយ​ ជា​ច្រើន​មិនពាក់មួកសុវត្ថិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​យុទ្ធនាការ​បោះឆ្នោត​ជាង​៤សប្ដាហ៍​មក​នេះ គេ​សង្កេត​ឃើញ​មាន​យុវជន ជា​ច្រើន​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការឃោសនា​រកសំឡេង​ឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​ដែល​ពួក​គេ​គាំទ្រ។ វា​ជា​ការ​ល្អ​ណាស់​ការ​ចូលរួម​ របស់​យុវ័យ​ក្នុង​ការងារនយោបាយ តែ គេ​សង្កេត​ឃើញ​ថា​មាន​យុវជន មួយ​ចំនួន ធំមិន​បាន​គោរព​ច្បាប់​ចរាចរ និង​អាជ្ញាធរ​មួយ​ចំនួន ក៏​ហាក់​ដូច​ជា​មាន​ភាព​ធូរ​លង់​ផង​ដែរ។ តើ​ការ​មិនគោរព​ច្បាប់​ចរាចរ វាអាច​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ដល់​កម្រិតណា ដល់​ប្រទេស​ប្រកាន់​នីតិរដ្ឋ​មួយ​នេះ?

@Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ ប្រកាន់​យក​ប្រជាធិបតយ្យ ដូច​ជា​ប្រទេស​កម្ពុជា មាន​មនុស្ស​ម្នារ​ទាំងអស់​តែងតែ​ចង់ ឱ្យ​មាន​ការ​គោរព​ច្បាប់ ដែល​ជា​ពិសេស ច្បាប់​ចរាចរ ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ។ ការឃោសនា​ដែល​មាន ជា​ហូរហែរ​ពី​សំណាក់​របស់​យុវ័យ ជា​ចំណុច​ល្អ​ណាស់ ដែល​ពួក​គាត់ មាន ឆន្ទៈ​ក្នុង​ការ​ចូលរួម​ក្នុង​រឿង​នយោបាយ

 
តែ​ក្នុង​រយះ​ពេល​កន្លង​មក​នេះ គេ​ឃើញ​មាន​យុវ័យ​ជា​ច្រើន ជិះ​ទោចក្រយានយន្ត ក្នុង​ការ​ឃោសនា មិនបាន​គោរព​ច្បាប់ចរាចរឱ្យបានត្រឹមត្រូវឡើយ។ គឺ​ពួក​គាត់ មិន​បាន​ពាក់​មួយ​សុវត្តិភាព​ដែល​តម្រូវ​ឱ្យ​ពាក់​ដោយ​ច្បាប់​ចរាចរ​ផ្លូវ​គោគ​ឡើយ។ ជាង​នេះ​ទៅ​ទៀត​មានយុវ័យ​មួយចំនួន​ក៏មិនគោរពភ្លើង និងផ្លាក​សញ្ញា​ចរាចរផង​ដែរ។ ទង្វើខាងលើ​ធ្វើ​ឱ្យ​មនុស្សម្នារ ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ អំពីគ្រោះថ្នាក់ អំពីសណ្ដាប់ធ្នាប់ចរាចរ និង ការគោរព​ច្បាប់​ជាមូលដ្ឋាន។

ការមិនពាក់​មួយ​សុវត្ថិភាពរបស់​យុវ័យមួយចំនួន ត្រូវបានគេ​រកឃើញថាមានមូលហេតុ​ជា​ពីរយ៉ាង។ គឺ​ការមិនចង់គោរពពីសំណាក់យុវ័យខ្លួនឯងផ្ទាល់ និងទីពី​មក​ពីមាន​ភាព​ធូរ​លង់​មួយ​ចំនួន​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​គណបក្ស​នយោបាយ​ផ្ទាល់​តែ​ម្ដង។

មូល​ហេតុ​ទី​មួយ គឺ​ដោយ​សារ​តែ​យុវជន​ផ្ទាល់​មាន​ចេតនា​មិន​ពាក់​ដោយ​ខ្លួនឯងតែម្ដង។ ពួក​គាត់​យល់​ថា វា​ជា​ការ​រំខាន។ ជាង​នេះ​ទៅ​ទៀត​គឺការមើល​ស្រាល​ច្បាប់​ពីសំណាក់​យុវ័យ​ផ្ទាល់​តែ​ម្តង។ ហើយ​អ្នក​មួយ​ចំនួន​យល់​ថា ក្នុង​កំឡុងពេល​យុទ្ធនា​ការ​នេះ ប៉ូលីស​ចរាចរ មិន​សូវ​ចាប់​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ឡើយ។ គឺ​ដោយ​សារ​តែ​មាន​ការ​អធ្យាស្រ័យ ។ ជាង​នេះ​ទៅ​ទៀត​កន្លង​មក អជ្ញាធរ​ធ្លាប់​ប្រាប់​ថា ក្រុម អ្នក​ហែរ​ក្បួន​ឃោសនា​ធ្វើ​ដំណើរ​ដោយ​យឺតៗ វា​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ទេ។

មានមតិ​មួយ​ចំនួន​តែង​តែ​ខ្សឹមខ្សៀវ​គ្នា​ថា សូម្បីតែ​ការបើកបរ​ក្នុង​កំឡុង​ពេក​យុទ្ធនាការ​នេះ ក៏​គេ​មិន​សូវ​ឃើញ​មាន ការ​រំខាន​មួយ​ចំនួន​ពី​ក្រុម​ប៉ូ​លីស​ចរាចរទេ​ចំពោះអ្នក​មិន​គោរពច្បាប់​ចរាចរ​មួយ​ចំនួន។ សំនួរ​ចោទសួរថា តើនេះ​ជា​វប្បធម៌ ដែលតែងតែមាន​ក្នុងសង្គមខ្មែរ ឬយ៉ាងណា​ក្នុងកំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត។ ក្នុង​កំឡុង​ពេល​នេះ មនុស្ស​មួយ​ចំនួន ហាក់​ដូច​ជា​មើលងាយ​ចំពោះ​ច្បាប់​ចរាចរ។ ហើយ​អជ្ញាធរ​ទៀតសោត ហាក់ដូច​ជា​ធូរលង់​ផង​ដែរ។ តើ​ហេតុ​ផល​នេះ គឺ​ដើម្បីការ​ទាក់ទាញ​ប្រជាប្រិយភាព ដើម្បី​រក​សំឡេង​ឆ្នោត ឬ​មួយ​ក៏​ជា​ការអធ្យាស្រ័យ​មួយ​ក្នុង​សង្គម។ ព្រោះ មតិ​មួយ​ចំនួន​តែ​និយាយ​ថា ក្នុងសង្គម​ខ្មែរ គេ​ច្រើន​យក​មនោសញ្ចេតនា​មក​និយាយ​ច្រើនជាង។ ហើយ​ការ​ធ្យាស្រ័យ​គ្នា​ក្នុង​សង្គម ជា​រឿង​សំខាន់។

ចំណុចម្យ៉ាងទៀត កន្លង​មក​មាន​ស្ថាប័ន​នានា​បាន​ចំណាយ​ថវិការ ជា​ច្រើន​ដើម្បី​ជម្រុញ ការ​អនុវត្តន៍ច្បាប់ចរាចរ ឱ្យ​បានតឹងរឹង ដើម្បី​សុវត្តិភាព ក្នុង​ការ​ធ្វើ​ដំណើរ។ ដែលក្នុង​មួយ​ឆ្នាំៗ គេ​បាន​ចំណាយថវិការ​ជា​ច្រើន​សម្រាប់​ការងារ​នេះ។ ក្នុង​កំឡុង​ពេល​ឃោសនារកសំឡេង​ឆ្នោត គេឃើញ​ផងដែរ​បក្សនយោបាយនានា​បានអំពាវ​ឱ្យ​សកម្មជនរបស់ខ្លួន​ពាក់មួកសុវត្ថិភាព​ក្នុងឃោសនា បើ​ប្រើប្រាស់​ទោចក្រយានយន្ត។ តែហាក់ដូចមិនសូវមានប្រសិទ្ធិភាពប៉ុន្មានទេ។

បក្សនយោបាយ​មួយ​ចំនួន​បានចំណាយ​ថវិការ​ជាច្រើន​សម្រាប់​ផលិត​មួក អាវ ខិត​បណ្ណ ផ្លាកសញ្ញា គណបក្សជាយ៉ាងសន្ធឹកសន្ធាប់។ តែ​គេ​មិនទាន់​ឃើញ​មាន​បក្សនយោបាយ​ណា​មួយ ជម្រុញ​ដល់​អ្នក​ឃោសនា​របស់​ខ្លួន ឱ្យ​ពាក់​មួក​សុវត្តិភាព​ឱ្យ​មាន​បាន​តឹងរឹង​ឡើយ។ ដូច​ជា​បំផុស​ឱ្យ​មាន​ការ​ផលិត​មួក​សុវត្តិភាព ដែល​មាន​សំគាន់​គណបក្ស សម្រាប់​រយះ​ឃោសនា។ ហើយ​បក្ស​នយោបាយ​គួរតែ ដាក់​កម្រិត ឱ្យ​មាន​ការ​គោរព​ច្បាប់ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាដើម។ យ៉ាង​ហោចណាស់ ការ​ជម្រុញ​ខាងលើ​នេះ អាច​ចូលរួម​ចំណែក​មួយ ដែល​នាំ​ឱ្យ​យុវ័យ​មាន​ឆន្ទៈ​ក្នុង​ការ​គោរព​ច្បាប់ បើ​ទោះ​បី​ជា អ្នក​មួយ​ចំនួន​យល់​ថា​មិន​សូវ​សំខាន់​ក៏​ដោយ។

នៅ​អតីតកាល​ប្រជាជន​ខ្មែរ ដែល​បាន​ឆ្លង​កាត់​ក្នុង​របប​៣ឆ្នាំ ៨ ខែ​២០ ថ្ងៃ បានធ្លាប់ស្គាល់អស់​ហើយ ការ​ឈឺ​ចាប់ ភាពភ័យខ្លាច​ក្នុង​របប​មួយ​ដែល​គ្មាន​ការគោរព​ច្បាប់ណា​មួយ​ឡើយ។ ក្នុង​ន័យ​នេះ សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ការ​ជម្រុញ និង​បណ្ដុះ​គំនិត​ឱ្យ​យុវជន មាន​ឆន្ទៈ​គោរពច្បាប់​ចាប់​ពី​ចំណុច​តូចតាច នៅ​វិញ​ខ្លួន ក្នុងជីវភាពប្រចាំថ្ងៃ​ទៅ ជា​ចំណុច​សំខាន់​ណាស់ ដែល​អ្នក​នយោបាយ​ទាំងអស់​គួរ​យក​មកពិចារ​ណា។ មិនមែន​គិត​តែ ប្រើ​យុទ្ធសាស្ត្រ ដើម្បី​យក​សំឡេង​ឆ្នោត​នោះ​ទេ។
 

បើ​ធ្វើ​បែប​នេះ​បាន ក្នុង​សង្គមខ្មែរ ការ​ទម្លាប់​គោរព​ច្បាប់ នឹង​ចាប់​ផ្ដើម​ដុះ បន្តិច​ម្ដងៗ ក្នុង​ផ្នត់​គំនិត​កូន​ខ្មែរ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ គ្រប់ៗ​គ្នា​មិនខាន។ ជាង​នេះ​ទៅ​ទៀត កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋគំរូ មួយ​ដល់​ប្រទេស​ដ៏​ទៃ​ទៀត ដោយ​សារ​តែ​ទម្លាប់​គោរព​ច្បាប់ បាន​ដក់​ក្នុង​ដួង​ចិត្ត​ប្រជាជន​ខ្មែរ​គ្រប់រួប តែ​ម្តង។ ហើយ​សូម​យុវ័យ​ផ្ទាល់ គួរតែ​យល់​ថា ខ្លួន​ជាទំពាំងស្នង​ឬស្សី ដូច្នេះ​ការ​ប្រកាន់​យក​ទម្លាប​ល្អ ក្នុង​សង្គម និង​ការ​គោរព​ច្បាប់​នេះ ជា​ចំណុច​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍន៍ ប្រទេស​ជាតិទៅអនាគត និង​វា​ជា​គ្រិះ​មួយ​យ៉ាងរឹងម៉ាំ សម្រាប់​​ប្រទេស​ដែល​ប្រកាន់​នីតិរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ