ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
កម្ពុជា

លោក​ ជុន​ ច័ន្ទបុត្រ​ បបួល​លោក​ ហ៊ុន​ សែន​ ត​ទល់​គ្នា​តាម​វិទ្យុ​ រឿង​ចារ​កម្ម​

media  
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីជាភាសាខ្មែរ @RFI

លោក​ ជុន​ ច័ន្ទបុត្រ​ នាយក​រង​​វិទ្យុ​​អាស៊ី​សេរី​​ជា​​ភាសាខ្មែរ​ បាន​បដិសេធ​ថា​លោក​មិន​មែន​ជា​ចារកម្ម​​របស់​លោក ​ហ៊ុន ​សែន ​ដូច​ការ​​អះអាង​របស់​​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា​នោះ​ទេ​។ ​ការ​​បដិសេធ​របស់​​អ្នកសារព័ត៌​​មាន​ល្បី​​ឈ្មោះ​រូប​នេះ ​ធ្វើ​​ឡើង​​ភ្លាមៗ​ បន្ទាប់​ពី​លោក​នាយ​រដ្ឋ​​មន្រ្តី​ ហ៊ុន ​សែន ​បាន​ថ្លែង​ចេញ​ពីទីក្រុង​​ស៊ីដនី​មក​ថា ​លោក ​ជុន ​ច័ន្ទបុត្រ​ ធ្លាប់​​បាន​​ស្នើ​​ឲ្យ​​​លោក​ ហ៊ុន ​ម៉ាណែត ​ជួយ​ការ​ពារ​​សុវត្ថិភាព​ដើម្បី​កុំ​​ឲ្យ​​ចារកម្ម​​អាមេរិក​​សម្លាប់​​ដូច លោក​ កែម​ ឡី។​

ស្ថិតនៅលើទឹកដីក្រុង​ស៊ីដនី ប្រទេសអូស្រ្តាលី ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែ​ការងារ​ផ្សេងគ្នា លោក ហួត វុទ្ធី ដែលប្រើ​ឈ្មោះថា ជុន ច័ន្ទបុត្រ បានចាត់​ទុក​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រីកម្ពុជា ថាលោក​ជា​ចារកម្ម​របស់​លោក​ ហ៊ុន សែន នោះគឺ​ជា​រឿងគួរ​​​​​​​​​​​​​ឱ្យ​អស់​សំណើច។​ អស់សំណើច ព្រោះ​បើ​តាមលោក​​ជុន ច័ន្ទបុត្រ, លោក ហ៊ុន សែន ហៅ​រូប​លោក​ថា “ជា ច័ន្ទបុត្រៗ រហូតដល់​អ្នក​ក្នុង​សាល​ប្រជុំ​ស្រែក​អឺងកង​ថា ជុន ច័ន្ទបុត្រៗ ទើប​លោក​នាយករដ្ឋមន្ត្រី​កែ​ត្រូវ​ឈ្មោះ​វិញ”។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក ជុន ច័ន្ទបុត្រ ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី១៦ មីនា។​

សូមបញ្ជាក់ថា នៅពេលសំណេះសំណាលជាមួយនិស្សិតនិង​អ្នកគាំទ្រ​ប្រហែល​៨០០​នាក់ ​ក្នុង​ទីក្រុង​ស៊ីដនី ល្ងាចថ្ងៃទី១៦ខែមីនា ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា លោក ជុន ច័ន្ទបុត្រ ជា​ចារកម្ម​របស់​លោក​យូរ​ណាស់មក​ហើយ។

លោក​ប្រមុខ​រដ្ឋាភិបាលខ្មែរ បានអះអាងថា លោក ជុន ចាន់បុត្រ ដែលល្បីខាង​វោហាស័ព្ទធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បញ្ជាការកងពលតូចលេខ៧០និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីកុំឲ្យភ្នាក់ងារ​ចារម្ម CIA អាមេរិក តាមសម្លាប់​ដូច លោក កែម ឡី។

លោក ហ៊ុន សែន ថែមទាំងព្រមានទៀតថា លោកនឹងបញ្ចេញ​សារ​ឆ្លើយឆ្លង​គ្នា​រវាង លោក ជុន ចាន់បុត្រ និង​លោក ហ៊ុន ម៉ាណែត ទៀតផង។

ត្រង់ចំណុចនេះ ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ លោក ជុន ច័ន្ទបុត្រ បាន​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ឱ្យ​ចូល​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី ដើម្បី​អាច​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​នាំ​យក​ភស្តុតាង​ទាំងឡាយ​ណា​ ដែល​លោក​នាយករដ្ឋមន្ត្រី ចោទ​លោក​ថា បាន​សុំ​កិច្ចការ​ពារ​​ពី​នាយករដ្ឋមន្ត្រី ដើម្បី​កុំ​ឱ្យ​អាមេរិក​សម្លាប់​លោក ដូច​សម្លាប់​បណ្ឌិត កែម ឡី ឬ​ភស្តុតាង​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​រូប​លោក។

គួរំលឹកដែរថា លោក ជុន ចាន់បុត្រ ត្រូវបានរដ្ឋាភិបាលកម្ពុជា​ប្តឹង​ចោទ​ប្រកាន់​ថា បាន​បន្លំ​​ខ្លួន​ចូល​ព័ត៌មាន​ក្នុង​ពន្ធនាគារ​ព្រៃសជាមួយអតីតតំណាងរាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​​ដោយ​ខុស​ច្បាប់​។​ក្រោយ​មក​លោក​បាន​ចាក​ចេញ​ពីប្រទេសកម្ពុជាដោយ​មិន​ដែល​បាន​វិលមក​វិញ​ម្តងឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ