អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហភាពអន្តរ​សភា ចេញ​សេចក្ដី​សម្រេច​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង លោក កឹម សុខា

សហភាព​អន្តរ​សភា(IPU) ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​វិញ​។ សេចក្តី​សម្រេច​របស់​សហភាព​អន្តរ​សភា កាល​ពី​ម្សិល​មិញ ក៏បាន​ទាមទារ​ឱ្យ​អាជ្ញាធរកម្ពុជា​បង្ហាញ​ភស្តុតាង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៧​។ ភ្លាមៗ​ក្រោយ​សេចក្តី​សម្រេច​នេះ គណៈ​ប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​តប​វិញ ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​សហភាព​អន្តរ​សភា IPU នា​ពេល​នេះ ​ថា​មាន​ភាព​លម្អៀង និង​ជា​ការ​លាប​ពណ៌​។

លោក កឹម សុខា ប្រធានអតីត​​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធានអតីត​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

សហភាព​អន្តរ​សភា IPU តាមរយៈ​សេចក្តី​សម្រេច​របស់​ខ្លួន នៅ​ថ្ងៃ​ទី ១៨ តុលា បាន​ហៅ ការ​ចាប់​ខ្លួន​ លោក​ កឹម សុខា ថា​ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ត្រឹម​ត្រូវ​។ នៅ​ក្នុង​សេចក្តី​សម្រេច ដែល​មាន​១២​ចំណុច​សភា IPU ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់ និង​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ទាំង​អស់ ហើយ​អនុញ្ញាត​ឲ្យ​លោក​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស​ប្រឆាំង​វិញ ដោយ​គ្មាន​ការ​ពន្យារ​ពេល និង​រឹត​បន្តឹង ជា​ពិសេស​អនុញ្ញាត​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​។

សហភាព​អន្តរ​សភា បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​របស់​លោក កឹម សុខា ដែល​កំពុង​តែមាន​សភាព​ដុន​ដាប ខណៈ​ការ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ប្រធាន​អតីត​បក្ស​ប្រឆាំង​រូប​នេះ ក៏​ត្រូវ​បាន​រឹតត្បិត​ពី​អាជ្ញាធរ​កម្ពុជា​។ អាជ្ញាធរ បាន​ដាក់​កង​កម្លាំង​ប្រមាណ​៥៥៦​នាក់ ដើម្បី​ការពារ​នៅ​ជុំវិញ​ផ្ទះ​លោក​កឹម សុខា​។ ការ​ដាក់​កង​កម្លាំង​ច្រើន​បែប​នេះ ត្រូវ​បាន​អាជ្ញាធរ​ពន្យល់​ថា ធ្វើឡើង​​ដើម្បី​ឃ្លាំ​មើល​ពី​សញ្ញា​នៃ​ការ​ចង់​ធ្វើ​ការ​តវ៉ា​នានា និង​ធានា​ថា លោក​កឹម សុខា មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​។

ក្រៅ​ពី​ទាមទារ​ឲ្យ​ដោះលែង លោក កឹម សុខា សហភាព​អន្តរ​សភា ក៏​បាន​ទាញ​ការ​សន្និដ្ឋាន​ថា​ សិទ្ធិ​ជា​មូលដ្ឋាន​របស់​អតីត​មន្រ្តី​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ចេតនា​ពី​អាជ្ញាធរ​កម្ពុជា​។ អាជ្ញាធរកម្ពុជា​ដែលបាន​បរាជ័យ​ក្នុង​គោរព និង​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​, ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​នៃ​សមាជិក​សភាអតីត​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា ​ការ​ធានា​តាម​នីតិវិធី​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​។

ភ្លាមៗ​បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​សហភាព​អន្តរ​សភា គណៈប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​តប​វិញ ដោយ​បង្ហាញ​ពី​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​របស់ IPU។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​កម្រាស់​២​ទំព័រ រដ្ឋសភា​កម្ពុជា​ខក​ចិត្ត​ខ្លាំង ព្រោះ​គណៈកម្មធិការ​សិទ្ធិ​មនុស្ស​សហភាព​អន្តរ​សភា​ហាក់​ពុំ​បាន​ធ្វើ​ការ​គិត​គូរ​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់​សោះ​ឡើយ ​បើ​ទោះ​បី​ជា​គណៈប្រតិភូកម្ពុជា​បាន​ផ្តល់​នូវ​ព័ត៌​មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ បាន​បញ្ជាក់​ទៀត​ថា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សហភាព​អន្តរ​សភា​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ដែល​មាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង និង​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត តាម​រយៈការ​ចេញ​នូវ​សេចក្តី​សម្រេច​ដែល​មាន​លក្ខណៈ​លម្អៀង​។

សូម​ជម្រាប​ជូន​ថា សន្និបាត​សហភាព​អន្ដរសភា (IPU) លើក​ទី​១៣៩ ធ្វើ​នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស រយៈ​ពេល​៥​ថ្ងៃ ទើប​ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែតុលា ​ដោយ​មាន តំណាង​រដ្ឋសភា ជិត ២០០​ប្រទេស នៅ​លើ​ពិភពលោក ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ ក្រោយ​ពី​បញ្ចប់​សន្និបាត សហភាព​អន្តរ​សភា បាន​ចេញ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សហភាព​អន្តរ​សភា ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​ជិត ២០ នៅ​លើ​ពិភព​លោក ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ