ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

សមាគម​គ្រូ​បង្រៀន គ្រោង​ដាក់​ញ្ញតិ្ត​ទៅ​ក្រសួង​អប់​រំ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ពី​គុណភាព​គ្រូ​បង្រៀន​

media លោកគ្រូ អ្នកគ្រូ ចូលរួមអបអរសាទរទិវាគ្រូបង្រៀនពិភពលោក ឆ្នាំ២០១៧។ @facebook/PM Hun Sen

នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ខាង​មុខ​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​គ្រោង​នឹង​យក​ញ្ញត្តិ​ដាក់​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​លើក​ឡើង​ពី​ស្ថានភាព​គ្រូ​បង្រៀន ​និង​គុណភាព​គ្រូ​បង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ហែ​ញ្ញត្តិ​នេះ គ្រោង​ធ្វើ​ឡើង​ក្នុង​ឱកាស​អបអរ​ទិវា​គ្រូបង្រៀន​ពិភព​លោក​។  

តាម​រយៈ​លិខិត​មួយ​ផ្ញើ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១ ខែកញ្ញា សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ​ គ្រោង​នឹង​រៀប​ចំពិធី​អប​អរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៥ ខែតុលា ខាងមុខ​នេះ​ នៅ​សួន​ច្បារ​វត្ត​ភ្នំ ក្រោម​ប្រធាន​បទ “សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ និង​សិទ្ធិ​ទទួល​បាន​គ្រូ​បង្រៀន​មាន​គុណ​ភាព​”។

ក្នុង​ឱកាស​អប​អរ​សាទរ​ទិវា​គ្រូ​ប​ង្រៀន ដែល​អាច​មាន​អ្នក​ចូល​រួម​ប្រមាណ​១៥០​នាក់​នោះ ​ក៏​មាន​ការ​ដង្ហែ​ក្បួនចេញ​ពី​សួន​ច្បារ​វត្ត​ភ្នំ ដើម្បី​ដាក់​ញ្ញត្តិ​ជូន ក្រសួង​អប់រំ យុវជន និងកីឡា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ផង​ដែរ​។ លោក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា ក្នុង​ញ្ញតិ្ត​នោះ​មាន​គោលបំណង​ទាម​ទារ​ជា​ថ្មី​ម្តង​ទៀ​ត​ឲ្យ​ក្រសួង និង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ផ្តល់​ប្រាក់​ខែ​គោល​ដល់​លោកគ្រូ អ្នកគ្រូ យ៉ាង​តិច ២​លាន​រៀល​ក្នុង​មួយ​ខែ។​

លោក​ស្រី ឆាយ៉ាវី បន្ត​ថា ក្រសួង​អប់​រំ ត្រូវ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​អប់រំ និង​បន្ថែម​ប្រាក់​សម្រាប់​កូន និង​ប្រពន្ធ បូក​រួម​នឹង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត ជា​ពិសេស​បញ្ឈប់​ការ​រើស​អើង និង​ត្រូវ​មាន​តម្លាភាព​។ លោក​ស្រី​បន្ថែមថា ក្រសួង​អប់រំ​ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​លោកគ្រូ អ្នកគ្រូ នៅ​តាម​តំបន់​ដាច់​ស្រយ៉ាល​អាច​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​សមរម្យ​។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ អះអាង​ថា ក្រសួង​នឹង​ទទួល​យក​ញ្ញត្តិ​របស់​ពួក​គាត់​។ ជា​ការឆ្លើយ​តប លោក​លើក​ឡើង​ថា​បច្ចុប្បន្ន​កម្រិត​ជីវភាព​របស់​លោក​គ្រូ អ្នកគ្រូ ត្រូវ​បាន​ក្រសួង​អប់រំ​យក​ចិត្តទុក​ដាក់ ក្រោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​លើក​តម្កើង​ជីវភាព​របស់​ពួក​គាត់​។

ចំពោះ​គម្រោង​ហែក្បួន​នា​ថ្ងៃ​ទី​៥ ខែ​តុលា​ខាង​មុខ​នេះ លោក​ស្រី ឆាយ៉ាវី សង្ឃឹម​ថា​សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​។ បើ​តាម​លោក​ស្រី កន្លង​មក​សាលា​ក្រុង​ភ្នំពេញ​មិន​ដែល​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​រៀប​ចំ​ហែក្បួន​ដាក់​ញ្ញត្តិ​នោះ​ទេ​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សាលា​ក្រុងភ្នំពេញ​បាន​ទទួល​លិខិត​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ជជែក​ពិភាក្សា​សម្រេច​នៅ​ឡើយ​ទេ។ លោក ភក្តី​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​របស់​សាលា​ក្រុង​ភ្នំពេញ​នឹង​ជជែក​សម្រេច​នៅ​ពេល​ចូល​ធ្វើការ​វិញ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ