ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

រដ្ឋសភា​​យល់ព្រម​​កែប្រែ​​ច្បាប់​​ការងារ ​ដើម្បី​​ការពារ​​ផល​ប្រយោជន៍​​កម្ម​ករ​ពី​​ការ​រត់​​ចោល​​របស់​​ថៅកែ​​រោងចក្រ​

media  
រដ្ឋសភា​​យល់ព្រម​​កែប្រែ​​ច្បាប់​​ការងារ ​ដើម្បី​​ការពារ​​ផល​ប្រយោជន៍​​កម្ម​ករ​ពី​​ការ​រត់​​ចោល​​របស់​​ថៅកែ​​រោងចក្រ​ @រដ្ឋសភា

សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​ការងារ ត្រូវបាន​រដ្ឋសភា​កម្ពុ​ជាស​ម្រេច​អនុម័ត​ទាំងស្រុង​​ដោយ​​សំឡេង​គាំទ្រ​១០៧​សំឡេង​​លើ​១០៩​សំឡេង​​នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​។ ​ការ​ធ្វើ​​វិសោធនកម្ម​​ច្បាប់​​ការងារ​​នេះ ​មាន​​គោលដៅ​​ការពារ​​ផល​ប្រយោជន៍​​កម្មករ​-កម្មការិនី​​ខ្មែរ​ ពី​​ការ​​រត់​ចោល​​របស់​​ថៅកែ​​រោងចក្រ។​ ក្រៅ​ពី​​សេចក្តី​ព្រាង​​វិសោធនកម្ម​​ច្បាប់​នេះ ​រដ្ឋសភា​​ខ្មែរ​​ក៏​បាន​​សម្រេច​​អនុម័ត​​សេចក្តីព្រាង​ច្បាប់​​ស្តីពី​​ប្រាក់​​ឈ្នួល​​អ​ប្បរមា ​និង​​សេចក្តីព្រាង​ច្បាប់​​ស្តីពី​​វិសោធនកម្ម​​ច្បាប់​​ស្តង់ដារ​​កម្ពុជា ​ក្នុង​ពេល​​ជាមួយគ្នា​នេះ​​ផងដែរ​។

ច្បាប់​ស្តី​ការងារ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជាស​ម្រេច​ធ្វើការ​កែប្រែ​លើ​មាត្រា​ចំនួន៨ រួមមាន​មាត្រា៨៧ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និង​មាត្រា១២។ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា វិសោធនកម្ម​មាត្រា​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណងធំៗចំនួន ៣ គឺ​ទីមួយ​ដើម្បី​បង្ការ​ហានិភ័យ​របស់​កម្មករ​និយោជិត ជាពិសេស​ក្នុងករណី​រោងចក្រ សហគ្រាស​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល ដោយ​ទទួលបាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជា​រៀងរាល់៦ខែម្ដង ផ្អែក​តាម​អតីតភាព​ការងារ ដោយ​មិនមាន​កំណត់​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ បើទោះបីជា​កម្មករនិយោជិត​ត្រូវបាន​បញ្ឈប់ ឬ​លាឈប់​ពី​ការងារ។

ទី​ពីរ គឺ​ដើម្បី​សម្រាល​បន្ទុក​និយោជក​ក្នុងការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ជៀសវាង​ការរក្សា​ទុក​ប្រាក់​បំណាច់​អតីតភាព​រហូតដល់​ពេល​បញ្ឈប់​កិច្ចសន្យា។ និង​ទី​បី គឺ​ដើម្បី​លើកកម្ពស់​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដោយ​កាត់បន្ថយ​ការតវ៉ា​ទាមទារ​ការទូទាត់​ប្រាក់​បំណាច់ផ្សេងៗ ក៏ដូចជា​ការកាត់បន្ថយ​ការចំណាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការចូលរួម​ដោះស្រាយ​ជំនួស​ម្ចាស់​រោងចក្រ សហគ្រាស ក្នុងករណី​ម្ចាស់​រោងចក្រ សហគ្រាស រត់ចោល​កម្មករនិយោជិត ជាយថាហេតុ។

សូម​កត់សម្គាល់ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ ធ្វើឡើង​ក្រោយពី​កម្មករ-កម្មការិនី​ខ្មែរ​មួយចំនួន​បាន​រងគ្រោះ​ដោយសារតែ​ថៅ​រោងចក្រ​បាន​បិទ​រោងចក្រ​រត់ចោល​ជា​បន្តបន្ទាប់។ តាម​ក្រសួង​ការងារ គិត​មកដល់ពេលនេះ គឺមាន​រោច​ចក្រ​ចំនួន១២ហើយ​ដែល​បាន​បិទទ្វារ​ដោយ​មិន​បានផ្តល់​ប្រាក់ខែ​ដល់ក​ម្មករ-កម្មការិនី។ បន្ទុក​នេះ​បាន​ធ្លាក់​មកលើ​រដ្ឋាភិបាល​ក​ម្ពុ​ជា ដោយ​គ្រាន់តែ​រយៈពេល៥ខែ​កន្លងទៅនេះ រដ្ឋាភិបាល​ខ្មែរ​បានផ្តល់​ថវិកា​បុរេប្រទាន​ចំនួន៦លាន២សែន​ដុល្លារ សម្រាប់​បើក​ជូន​កម្មករ​ជិត៦ពាន់​នាក់ ដែល​ត្រូវបាន​ថៅកែ​បោះបង់ចោល​ព្រោះតែ​ក្ស័យធន។

យ៉ាងណាក៏ដោយ ក្រសួង​ការងារ​បាន​គូសបញ្ជាក់ថា ករណី​ថៅកែ​រោងចក្រ​រត់ចោល​កម្មករ​នេះ នឹង​លែង​ក្លាយជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀតហើយ ។ លែង​ព្រួយបារម្ភ ព្រោះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​ការងារ ក្រោយពី​រដ្ឋសភាជាតិ​ក​ម្ពុ​ជា​អនុម័ត​សេចក្ដីព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នេះ​រួច ផលប្រយោជន៍​កម្មករ-កម្ម​កា​រិ​និ​ខ្មែរ​ទាំងអស់​ដែល​រងគ្រោះ​ព្រោះ​ថៅកែ​រត់ចោល នឹងត្រូវ​កា​ពារ​ដោយ​ច្បាប់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ