អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ប្រធាន គជប អំពាវនាវ ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ទោះ​បី​ជា​គ្មាន​វត្ត​មាន​គណបក្ស​សង្រ្គោះ​ជាតិ

ប្រធាន​គណៈ​កម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្នើ​ពលរដ្ឋ​គ្រប់​រូប ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឲ្យ​ទៅ​បោះ​ឆ្នោត ជ្រើស​រើស​តំណាងរាស្រ្ត ដែល​នឹង​ប្រព្រឹត្តិ​ទៅ ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​ៗ​គ្នា។ ការ​ថ្លែង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិ​កាល​ទី​៦ ឆ្នាំ​២០១៨។   

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំពិគ្រោះយោបល់​ លើ​សេចក្តី​ព្រាង​បទ​បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ​
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំពិគ្រោះយោបល់​ លើ​សេចក្តី​ព្រាង​បទ​បញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ​ @FB/NEC
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឲ្យទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា បើ​ទោះ​បី​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។ លោក ស៊ិក ប៊ុនហុក បន្ត​ថា ប្រជាពលរដ្ឋ នឹង​ស្តាយ​ក្រោយ បើ​ពួក​គេបោះ​ចោល​សិទ្ធិ និង​ឱកាស​របស់​ខ្លួន ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​។

សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ប្រធាន​ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត អះ​អាង​ថា គ.ជ.ប នឹង​នៅ​តែ​បន្តដំណើរការ​ ការងារ​ឲ្យ​មាន​តម្លាភាព​ និង​យុត្តិធម៌​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ តាម​រយៈ​ការ​ធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​ភាព​ត្រឹម​ត្រូវ​ ដោយ​ធានា​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​អាយុ​១៨ឆ្នាំ ត្រូវ​តែ​មាន​ឈ្មោះ​ត្រឹម​ត្រូវ​ក្នុង​បញ្ជី​បោះ​ឆ្នោត​។ ចំណែក​ឯ ការ​រាប់​សន្លឹក​ឆ្នោត នឹង​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ និង​គ្មាន​ភាព​លម្អៀង​។

សូម​ជម្រាប​ជូន​ដែរ​ថា សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨នេះ មាន​១០​ជំពូក និង ឧបសម្ព័ន្ធ​ចំនួន​៩ ដោយ​មាន​សមាសភាព​ដែលបាន​ចូល​រួម​ផ្តល់​អនុសាសន៍​ដូច​ជា តំណាង​គណបក្ស​នយោបាយ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ​សភា ស្ថានទូត​ជប៉ុន​ អង្គការ​ខុមហ្វ្រែល និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ បើ​តាម គ.ជ.ប តាម​ជំពូក​នីមួយៗ​ គ.ជ.ប បានធ្វើការ​កែ​សម្រួល​ខ្លឹម​សារ​មួយ​ចំនួន​ឲ្យ​ត្រូវ​តាម​ច្បាប់​ថ្មី និង​តាម​បរិបទ​ថ្មី ដែល​បាន​ជួប​ប្រទះ​ក្នុង​ការ​អនុវត្ត​កន្លង​មក​។

លោក​ស៊ិក ប៊ុនហុក ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អះ​អាង​ថា​ គ.ជ.ប នឹងទទួល​យក​អនុសាសន៍​ពី​ភាគី​ពាក់​ព័ន្ធ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​នេះ​ ក្លាយជា​បទ​បញ្ជា និង​នីតិវិធី មាន​លក្ខណៈ​ពេញ​លេញ​តាម​ផ្លូវ​ច្បាប់ និង​អនុវត្ត​ទៅ​គ្មាន​ការ​ប្រទាំង​ប្រទើសនៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​នៃ​ការ​បោះ​ឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ