អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោកស្រី រ៉ូណា ស្មីត ដាក់​របាយការណ៍​បន្ថែម​ស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ជូន​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​

លោក​ស្រី​ រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្សនៅ​កម្ពុជា កាល​ពីថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​ដាក់​របាយការណ៍​បន្ថែម​ទៀត ស្តី​ពី​ការ​បោះ​ឆ្នោត និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​។ ការ​ដាក់​របាយការណ៍​បន្ថែម របស់​លោក​ស្រី រ៉ូណា​ ស្មីត ធ្វើ​ឡើង​មុនពេល​ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៣៩ ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា​នេះ។ 

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា @OHCHR
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​បន្ថែម​កម្រាស់ ​២២ ទំព័រ ដែល​ត្រូវ​បាន​រៀប​ឡើង​ដោយ លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា បាន​រៀប​រាប់​ពី​ដំណើការ ការ​បោះឆ្នោត​នៅ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ ២០១៣ រួម​ទាំង​ស្ថានភាព​នៅ​មុន អំឡុង​ពេល និង​ក្រោយ​រ​បោះ​ឆ្នោត​នៅ​កម្ពុជា ​កាល​ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លង​ទៅ។ របាយការណ៍​​នេះ នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​ទី១០ នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី៣៩ ដែល​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ ខែ​កញ្ញា​នេះ។

របាយការណ៍​ជា​ភាសាអង់គ្លេស​របស់​លោកស្រី រ៉ូណា ស្មីត ​ដែល​ត្រូវ​បាន​រក្សា​ទុកនៅ​លើ​ប្រព័ន្ធ​ឯកសារ​ផ្លូវការ​របស់​អង្គការ​សហ​ប្រជាជាតិ កត់​សម្គាល់​ទៀត​ថា ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នីតិកាល​ទី​៦ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា​ កន្លង​ទៅ ថា​ជា​ការ​បោះ​ឆ្នោត ដែល​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ។​ ហ៊ាន​លើក​ឡើង​យ៉ាង​ដូច្នេះ ​ក៏​ដោយ​សារ​តែ​លោកស្រី រ៉ូណាស្មីត អះ​អាង​ថា អតីត​គណបក្សសង្រ្គោះ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត ការ​បង្ខិត​បង្ខំ​ពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន​ឲ្យ​ចេញ​ទៅ​បោះឆ្នោត​ ការ​ទិញ​សន្លឹក​ឆ្នោត និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​គាំទ្រ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម «ម្រាម​ដៃ​ស្អាត» ។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​គណៈ​កម្មាការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ថា​មាន​ពលរដ្ឋ​ជាង ៨៣ ភាគរយ ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ​។ តែ​លោក​ស្រី រ៉ូណា ស្មីត លើក​ឡើង​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី ៧ ខែ​កញ្ញា ថា​ ការអំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​ចំពោះ​ការ​បោះឆ្នោត​ដែល​មិនមែន​ជា​កាតព្វកិច្ច​កំណត់​ដោយ​ច្បាប់​នោះ គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិ​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ទាំង​អំបាលម៉ាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​លើក​ឡើង​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ